សហភាពអឺរ៉ុប

តើកូរ៉េខាងត្បូង និងជប៉ុន អាចជួយឲ្យសហភាពអឺរ៉ុប លែងសូវពឹងផ្អែកលើចិនបានកម្រិតណា?


សហភាពអ៊ឺរ៉ុបហាក់ដូចជាកំពុងបោះជំហានកាន់តែខ្លាំងទៅរកទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងទ្វីបអាស៊ី ខណៈដែលប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កំពុងមានការវាយតម្លៃឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយមហាយក្សចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
សហភាពអឺរ៉ុប ចែចូវកូរ៉េខាងត្បូង និងជប៉ុន ព្រោះលែងចង់ពឹងផ្អែកលើតែចិន។

សហភាព​អឺរ៉ុប​កំពុង​រិះរក​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​ពឹងផ្អែក​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ពី​ប្រទេស​ចិន ដោយ​ខិតខំ​ស្វែងរក​ការ​ចូលរួម​កាន់តែ​ច្រើន​នូវ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​មាន​សមាសភាព​ចាប់ពី​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​នីមួយ​ៗ​នៃ​សហភាព​អឺរ៉ុប បាន​អនុម័ត​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​របស់​ពួក​គេ​នៅ​ក្នុង​ខែតុលា​កាលពី​ឆ្នាំ​មុន ហើយ​បាន​និង​កំពុង​ព​ន្លឿ​ន​វិធានការ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​។

ស្រប​ពេល​ដែល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន និង រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​នោះ សហភាព​អឺរ៉ុប​កំពុង​តែ​ថ្លឹងថ្លែង​មើល​ពី​ហានិភ័យ​នៃ​ការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​របស់​ខ្លួន​។ ពោល​គឺ អឺរ៉ុប​ត្រូវធ្វើ​យ៉ាងណា កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន មានការ​ជាប់​ទាក់ទង ឬ​ពឹងផ្អែក​ទៅ​លើ​ប្រទេស​ចិន​ខ្លាំង​ពេក​។

មាន​ចំណុច​សំខាន់​មួយ ដើម្បី​កាត់​បន្ថយ​នូវ​ការ​ពឹងផ្អែក​លើ​ចិន គេ​មើលឃើញ​ថា សហភាព​អឺរ៉ុប​ថ្មី​ៗ​នេះ ក៏​បាន​គូសបញ្ជាក់​ពី​សម្ព័ន្ធភាព​របស់​ខ្លួន​ជាមួយ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ចំ​ពេល​មាន​សង្គ្រាម​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ក្រៅ​តែ​ពី​អា​មេ​រិ​ក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន សហភាព​អឺរ៉ុប​ក៏​ពួតដៃគ្នា​ជាមួយ​ប្រទេស​អាស៊ី​មួយ​ចំនួន ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្ស៊ី​ដែរ​។

នៅ​ក្នុងអំឡុងពេល​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​ទៅ​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កាលពី​ចុង​ខែមេសា អធិការបតី​អា​ល្លឺ​ម៉​ង់​លោក Olaf Scholz បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​បាន​រំលង​ចោល​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​គឺ ប្រទេស​ចិន​។

ដោយ​មិន​បាន​និយាយ​សំដៅត្រង់​ទៅ​រក​ប្រទេស​ចិន​ជាក់លាក់​នោះ លោក Scholz បាន​បង្ហាញ​ពី​ហានិភ័យ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​របស់​អឺរ៉ុប ដែល​កំពុង​តែ​ប្រមូលផ្តុំ​ទៅ​លើ​ប្រទេស​តែ​មួយ ព្រោះ​វា​អាច​មាន​បញ្ហា​នៅ​ពេល​ណាមួយ​។ ទន្ទឹម​នឹង​នោះ មេដឹកនាំ​អា​ល្លឺ​ម៉​ង់​រូប​នេះ ក៏​បាន​លើក​ឡើង​ទៀត​ថា សហភាព​អឺរ៉ុប​ក៏​មានការ​ព្រួយបារម្ភ​ពី​ជំហរ​របស់​ប្រទេស​ចិន​ចំពោះ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន ដែរ ដោយសារ​ក្រុង​ប៉េ​កាំ​ង​មិន​ព្រម​ចូលរួម​ថ្កោលទោស​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​។

ទីក្រុង​ប៉េ​កាំ​ង​អាច​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​បន្ទាប់បន្សំ​ប្រសិនបើ​ចិន​ហ៊ាន​ផ្ដល់​ជំនួយ​យោធា​ឬ​ក៏​ជួយ​រុ​ស្ស៊ី​ឱ្យ​គេច​ផុត​ពី​ទណ្ឌកម្ម ប៉ុន្តែ​ទាំងនោះ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដូច​គ្នា សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​ចិន​រួម​ទាំង​សហភាព​អឺរ៉ុប​។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel និង ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​ក្នុង​ស​ប្តា​ហ៍​នេះ សម្រាប់​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​-​ជប៉ុន ហើយ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​មេដឹកនាំ​កំពូល​អឺរ៉ុប​ទាំង​២​នេះ ទៅ​កាន់​តំបន់​អាស៊ី​បូព៌ា​តាំងពី​បាន​ចូល​កាន់​តំណែង​ជា​អ្នកដឹកនាំ​សហភាព​អឺរ៉ុប​មុន​ពេល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ជប៉ុន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ពីរ​របស់​សហភាព​អឺរ៉ុប នៅ​អាស៊ី បន្ទាប់​ពី​មហា​យក្ស​ចិន​។

មិនមែន​មាន​តែ​ជប៉ុន​ទេ ដែល​សហភាព​អឺរ៉ុប​កំពុង​តាម​ចែចូវ​ពង្រីក​ទំនាក់ទំនង​បន្ថែម គេ​សង្កេត​ឃើញ​ថា សហភាព​អឺរ៉ុប​ក៏​មាន​បំណង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង​ដែរ​។ ឃើញ​ថា​កាលពី​ខែ​មុន​ទីក្រុង​ព្រុ​ច​សែ​ល​បាន​ចេញ​របាយការណ៍​មួយ​ថា «​វា​មិនមែន​ជា​ការ​បំផ្លើស​នោះ​ទេ​ដែល​និយាយ​ថា សហភាព​អឺរ៉ុប​មើលឃើញ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​គឺជា​ដៃគូ​ដ៏​មាន​តម្លៃ​បំផុត​របស់​ខ្លួន​នៅ​តំបន់​អាស៊ី និង​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

របាយការណ៍​នេះ បាន​បញ្ជាក់​ពី​ការ​ពិត​ដែល​ថា កូរ៉េ​ខាងត្បូង​គឺជា​ប្រទេស​តែ​មួយ​គត់​នៅ​អាស៊ី​ដែល​មាន​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​៣​គ្របដណ្តប់​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ​ជាមួយ​សហភាព​អឺរ៉ុប ដែល​បាន​ចុះហត្ថលេខា និង​ចូល​ជា​ធរមាន​រួច​ហើយ​។

សូម​បញ្ជាក់​ថា ជប៉ុន​និង​កូរ៉េ​ខាងត្បូង ក៏​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើង​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​ដែល​នៅ​ចុងខែ​នេះ មេដឹកនាំ​កំពូល​របស់​សហរដ្ឋអាមេរិក គឺ​លោក​ចូ បៃ​ឌិន ក៏​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបគួរតែរឹបអូសទុនបម្រុងរបស់រុស្ស៊ីយកទៅកសាងប្រទេសអ៊ុយក្រែនឡើងវិញ?

ព័ត៌មាន
សហភាពអឺរ៉ុបគួរតែពិចារណាពីការរឹបអូសយកទុនបម្រុងអន្តរជាតិរបស់រុស្ស៊ីដែលគេបានបង្កកទុកប្រហែលជាង ៣០០ពាន់លានដុល្លារអាមេរិកនោះ ដើម្បីយកទៅទូ…

ក្រុមហ៊ុន Toyota បោះទុន ៦២៤លានដុល្លារលើការផលិតយានយន្ដអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា

ព័ត៌មាន
ក្រុមហ៊ុន Toyota Kirloskar Motor ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន Toyota Motor បានបញ្ជាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ