ក្នុងន័យនេះ ឯកឧត្តម វង្សី វិស្សុត ចង់បញ្ជាក់ថា ផលិតភាព ត្រូវបានកំណត់ថាជាកត្តាស្នូល ដែលអាចបន្តជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនរយៈពេលវែង។ លើសពីនេះ ផលិតភាពមិនត្រឹមតែមានន័យថាផលិតបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែមានន័យថាផលិតមានគុណភាពខ្ពស់ ប្រើធនធានមានប្រសិទ្ធភាព និងបង្កើតតម្លៃបន្ថែមខ្ពស់ជាងមុន។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានវាយតម្លៃថា ទៅថ្ងៃអនាគតផលិតភាពនឹងក្លាយជាកត្តាកំណត់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង។ ឯកឧត្តម បានសង្កត់ធ្ងន់ថា កត្តាពលកម្ម និងការវិនិយោគទុន ដែលធ្លាប់ជាបង្អែក នៃកំណើនសេដ្ឋកិច្ចកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកនេះ ចាប់ផ្តើមមានលំហកាន់តែតូចទៅៗ ដូច្នេះកម្ពុជាមានតែងាកទៅពឹងផ្អែកលើផលិតភាពជាចម្បង។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា៖ «យើងចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាពឱ្យរស់រវើក ទាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តកំពង់ធំរបស់យើង ដើម្បីធ្វើឱ្យសហគ្រិនរឹងមាំ និងមានឱកាសចូលរួមចំណែកជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកលូតលាស់ និងម្យ៉ាងទៀត ទាល់តែប្រជាជន ពិសេសអ្នករកស៊ី ដែលជាសហគ្រិន ជាក្បាលម៉ាស៊ីនរឹងមាំ និងអាចរកស៊ីមានបាន ទើបប្រទេសជាតិយើងអាចរឹងមាំនិងមានបានដែរ។ កិច្ចការនេះ ក៏ជាជ្រុងមួយនៃការពង្រឹងភាពជាម្ចាស់របស់កម្ពុជា ដែលធ្វើឱ្យប្រទេសយើងទៅថ្ងៃក្រោយអាចជាប្រទេសដែលអាចពឹងខ្លួនឯងបាន គឺធ្វើឱ្យប្រជាជនយើងពូកែ, ឆ្លាត, ចេះដឹង, ចេះរកស៊ី, ចេះផលិត, ចេះបង្កើតទ្រព្យ និងបង្កើតតម្លៃបន្ថែម ហើយរកស៊ីដោយគោរពច្បាប់ និងស្ដង់ដាសង្គមនិងបរិស្ថាននានា»។
បន្ថែមពីលើនេះ ឯកឧត្តម វង្សី វិស្សុត បញ្ជាក់អះអាងថា រូបលោកនៅតែមានជំនឿយ៉ាងមុតមាំថា វិស័យឯកជននៅតែជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរយៈពេលវែង ព្រោះថាវិស័យឯកជនគឺជាអ្នកដើរតួនាទីបង្កើតទ្រព្យ បង្កើតការងារ និងតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចជាតិ ដោយមានសហគ្រិនគឺជាអ្នកដឹកមុខ ឬ ជាក្បាលម៉ាស៊ីន ដែលអាចហៅបានថា ជាមេទ័ពក្នុងវិស័យឯកជន។ ដូច្នេះ យើងចាំបាច់ត្រូវពង្រឹងនិងអភិវឌ្ឍសហគ្រិនភាពនេះ ដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូលជូនដល់កម្លាំងពលកម្មសកម្មកម្ពុជាប្រមាណ៩លាន៥សែននាក់ ក្រៅពីកម្លាំងពលកម្មក្នុងវិស័យសាធារណៈដែលជាមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធដែលមានប្រមាណ ៥០ម៉ឺននាក់ នៅពេលបច្ចុប្បន្ន។
ឈរនៅលើទស្សនៈនេះ ទើបបានជាក្នុងអំឡុងពេលបំពេញការងារកន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានជំរុញឱ្យមានការបង្កើតស្ថាប័នជាច្រើន ជាពិសេសស្ថាប័នសហគ្រិនខ្មែរ (KE) និង មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលមានគោលដៅយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាល និង បំពាក់ជំនាញនវានុវត្តន៍ និង បច្ចេកវិទ្យាដល់សហគ្រិន និង កម្មករនិយោជិត ដើម្បីបង្កើនផលិតភាពការងារ និង លើកស្ទួយជីវភាពគ្រួសារ ក៏ដូចជាបង្កើនផលិតភាពសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្ពស់។ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីសហគ្រិនឆ្នើម នៃគម្រោងមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ៕