Sony និង Honda បង្កើតក្រុមហ៊ុនថ្មីរួមគ្នា

ក្រុមហ៊ុនយក្សជប៉ុន Sony និង Honda ចាប់ដៃគ្នាវិនិយោគផលិតយានយន្ដអគ្គិសនីនៅអាមេរិក និងគ្រោងចេញលក់នៅឆ្នាំ២០២៦


បន្ទាប់ពីបានសម្រេចចិត្តចាប់ដៃរួមគ្នាអស់រយៈពេលប៉ុន្មានខែមក ពេលនេះក្រុមហ៊ុនយក្សពីររបស់ជប៉ុន គឺ Sony និង Honda បានបង្កើតក្រុមហ៊ុនថ្មីរួមគ្នាជាផ្លូវការហើយ ដើម្បីផលិតរថយន្តអគ្គិសនីដំបូងរបស់ពួកគេ នៅលើទឹកដីអាមេរិកខាងជើង ដោយការបញ្ចេញលក់រថយន្ដនេះ នឹងចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០២៦ ខណៈការបើកឱ្យបញ្ជាទិញរថយន្តនេះ នឹងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ជប៉ុន។
Sony និង Honda បង្កើតក្រុមហ៊ុនថ្មីរួមគ្នាហើយ ត្រៀមចេញរថយន្តអគ្គិសនីដំបូងនៅឆ្នាំ២០២៦

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីមួយត្រូវបានបង្កើតជាផ្លូវការដោយមានឈ្មោះថា Sony Honda Mobility ដែល Honda និង Sony បានសហវិនិយោគរួមគ្នា ក្នុងចំណែកកាន់កាប់ភាគហ៊ុនម្នាក់ពាក់កណ្តាល។ ការផលិតរថយន្តរបស់ក្រុមហ៊ុនថ្មីនេះ នឹងធ្វើឡើងនៅរោងចក្រ ដែលមានស្រាប់ចំនួន១២កន្លែង របស់ Honda ក្នុងទឹកដីសហរដ្ឋអាមេរិក។

លោក Yasuhide Mizuno ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនថ្មី Sony Honda Mobility បាននិយាយថា កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងនាំមកទាំងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) រួមគ្នា ដើម្បីផ្តល់ជូនដល់អតិថិជននូវភាពពេញចិត្តជាមួយបទពិសោធន៍ថ្មីៗ។

លោកបន្ថែមថា អាមេរិកត្រូវបានជ្រើសរើសសម្រាប់ការចាប់ផ្តើមរថយន្តអគ្គិសនីដែលកំពុងមានការផលិតយ៉ាងព្រោងព្រៀតនៅទីនោះ បន្ទាប់មក គឺទីផ្សារជប៉ុន និងបន្ដពង្រីកទៅដល់ទីផ្សារអឺរ៉ុបផងដែរ ហើយរថយន្ដដែលផលិតបាន នឹងប្រគល់ដល់ដៃអតិថិជនក្នុងឆ្នាំ២០២៦។

ចំណែកលោក Izumi Kawanishi ប្រធានមន្ត្រីប្រតិបត្តិការ ដែលមកពីក្រុមហ៊ុន Sony ក៏បានលើកឡើងដែរថា តម្រូវការរថយន្តដែលមិនបញ្ចេញផ្សែងបំពុលបរិស្ថាន នឹងកាន់តែកើនឡើងបន្ថែមទៀត ខណៈដែលមានការបារម្ភពីការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើង។

សូមរំលឹកថា ក្រុមហ៊ុន Sony និង Honda បានប្រកាសរួមគ្នាកាលពីខែមីនាកន្លងទៅថា ពួកគេនឹងបង្កើតក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីមួយជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ៦៨លានដុល្លារ ដោយក្រុមហ៊ុននីមួយៗកាន់កាប់ភាគហ៊ុន ៥០% ម្នាក់។

សម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំងពីរ គឺនឹងប្រើប្រាស់សមត្ថភាពផលិតរថយន្តរបស់ Honda ដូចជាការផលិតតួខ្លួន ការឌីហ្សាញ និងការអភិវឌ្ឍគំរូផលិតកម្ម។ ចំណែក Sony នឹងប្រើជំនាញរបស់ខ្លួនចូលរួមដូចជា បច្ចេកវិទ្យារូបភាព, សេនស័រ, ទូរគមនាគមន៍, បណ្តាញ និងបច្ចេកវិទ្យាប្រព័ន្ធកម្សាន្តនានានៅក្នុងរថយន្ដ។

កាលពីដើមឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុន Sony បានបង្ហាញចេញគំរូរថយន្តអគ្គិសនីមួយជាប្រភេទ SUV គឺម៉ូដែល Vision-S 02។ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី២ រត់ប៉ុង២ ផលិតបានកម្លាំង ៥៣៦សេះ និងមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុង១ម៉ោង។

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនរួមទុនថ្មីរវាង Sony និង Honda នេះ ត្រូវបានគេមើលឃើញ នឹងប្រកួតប្រជែងក្នុងទីផ្សារ EV ជាមួយក្រុមហ៊ុនធំៗដូចជា Tesla, BYD និង Apple ដែលមានគម្រោងផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ឥណ្ឌានឹងផ្ដល់ជំនួយថវិកាជិត ២,៧ ពាន់លានដុល្លារដល់ក្រុមហ៊ុនទីផ្សារប្រេងរបស់រដ្ឋ ដើម្បីទប់ការកើនឡើងតម្លៃឧស្ម័ន

រដ្ឋាភិបាលប្រទេសឥណ្ឌាកាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២២០ ពាន់លានរូពីប្រហែលជិត២ពាន់៧រយលានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនលក់រាយប្…

ហេតុអ្វីអាល្លឺម៉ង់ប្រកែក មិនព្រមទទួលយកការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីតាមបំពង់បង្ហូរ Nord Stream 2 ពីរុស្ស៊ីឡើងវិញ

មេដឹកនាំកំពូលរុស្ស៊ី បានបន្ទន់ឥរិយាបទចំពោះអឺរ៉ុប ដោយចង់ឱ្យតំបន់នេះទទួលយកឧស្ម័នពីប្រទេសខ្លួនឡើងវិញ តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Strea…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ