ការប្រកាសបញ្ឈប់ផលិតកម្មរថយន្តរបស់ក្រុមហ៊ុន ហ៊ុងដា នៅរោងចក្រមួយក្នុងខេត្តអាយុធ្យាប្រទេសថៃ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ត្រូវបានក្រុមហ៊ុននេះអះអាងថា គឺធ្វើឡើងក្នុងបំណងដើម្បីដោះស្រាយការប្រើប្រាស់លើសចំណុះ ក៏ដូចជាដើម្បីផ្តោតទៅលើការផលិតរថយន្តអគ្គិសនី ដែលកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងប្រទេសថៃ ជាទីដែលក្រុមហ៊ុនផលិតរថយន្តរបស់ចិន កំពុងទទួលបានចំណែកទីផ្សារយ៉ាងឆាប់រហ័ស។
រោងចក្រចំនួន២កន្លែងរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន នៅប្រទេសថៃ មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំសរុប២៧ម៉ឺនគ្រឿង ប៉ុន្តែផលិតបានត្រឹមតែ១៥ម៉ឺនគ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន។ ក្រុមហ៊ុន Honda បាននិយាយថា ក្រុមហ៊ុននេះនឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រក្នុងខេត្តអយុធ្យា នៅឆ្នាំក្រោយ ហើយនឹងជួសជុលសម្រាប់ផលិតគ្រឿងបន្លាស់វិញម្ដង។
ទន្ទឹមនេះដែរក្រុមហ៊ុន ហ៊ុងដា នឹងពង្រីករោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងខេត្តប្រាឈីនប៊ូរី (Prachin Buri) ប្រទេសថៃ ដើម្បីប្រកួតប្រជែងនឹងរថយន្តអគ្គិសនីរបស់ចិន ដែលកំពុងកាន់កាប់ទីផ្សារក្នុងប្រទេសថៃ យ៉ាងឆាប់រហ័ស ក្រោយពីរោងចក្ររបស់ខ្លួននៅក្នុងខេត្តអាយុធ្យាត្រូវបានជន់លិចដោយទឹកជំនន់កាលពីឆ្នាំ២០១១។
ក្រុមហ៊ុនហ៊ុងដា និងក្រុមហ៊ុនជប៉ុនដទៃទៀត កំពុងប្រឈមនឹងការប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន ដូចជាក្រុមហ៊ុន BYD ជាដើម ហើយការធ្លាក់ចុះនូវការនាំចេញរថយន្តពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌា ក៏ជាកត្តាមួយជំរុញឱ្យក្រុមហ៊ុន ហ៊ុងដា សម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅរោងចក្រក្នុងខេត្តអាយុធ្យានេះផងដែរ៕
អត្ថបទ៖ សុខ មង្គល