ប្រភពព័ត៌មានដដែលបានឲ្យដឹងថា អាជ្ញាធរហុងកុងដែលបានបញ្ជាក់ទៅកាន់ស្ថានកុងស៊ុលបរទេសជាច្រើននៅក្នុងលិខិតមួយថា ហុងកុងនឹងលែងចាត់ទុកលិខិតឆ្លងដែនពិសេសរបស់អង់គ្លេស OBN ជាឯកសារធ្វើដំណើរមានសុពលភាពតទៅទៀតហើយនៅថ្ងៃទី ៣១ ខែមករាឆ្នាំក្រោយ ហើយហុងកុងទាមទារឲ្យប្រទេសនានាទទួលយកតែលិខិតឆ្លងដែនហុងកុងប៉ុណ្ណោះ។
ជម្លោះការទូតរវាងអង់គ្លេស និងចិនបានចាប់ផ្ដើមផ្ទុះឡើង នៅក្នុងខែមករា ទាក់ទងនឹងលិខិតឆ្លងដែនពិសេសរបស់អង់គ្លេសនេះ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានណែនាំឲ្យប្រើនូវទិដ្ឋាការថ្មី ដែលបើកផ្លូវឲ្យពលរដ្ឋហុងកុង អាចមានសិទ្ធិទទួលបានសញ្ញាតិអង់គ្លេស។ បន្ទាប់ពីមានការណែនាំឲ្យប្រើទិដ្ឋាការថ្មីនេះ គេសង្កេតឃើញថា មានពលរដ្ឋហុងកុងកាន់តែច្រើនឡើងៗបាននាំគ្នាស្នើសុំទិដ្ឋាការនេះ ទៅធ្វើការនៅអង់គ្លេស និងបានទិញផ្ទះ ទិញនៅទីនោះ ទំនងជាពួកគេមានបំណងចង់រើទីលំនៅពីហុងកុងទៅរស់នៅអង់គ្លេសតែម្ដង ដ្បិតថាហុងកុងបច្ចុប្បន្នកំពុងត្រូវបានរដ្ឋាភិបាលចិនរឹតបន្ដឹងការគ្រប់គ្រងកាន់តែខ្លាំង។
ចក្រភពអង់គ្លេសបានដាក់ចេញនូវទិដ្ឋានការពិសេសនេះ បន្ទាប់ពីហុងកុងបានអនុម័តច្បាប់សន្ដិសុខជាតិដ៏ធំមួយកាលពីឆ្នាំមុន។ មានប្រជាជនហុងកុងជិត៣លាននាក់កំពុងប្រើ និងមានសិទ្ធិទទួលបានទិដ្ឋាការពិសេសពីអង់គ្លេស។ បើតាមការអះអាងរបស់រដ្ឋាភិបាលអង់គ្លេស ទិដ្ឋាការពិសេសនេះ នឹងទាក់ទាញពលរដ្ឋហុងកុងប្រមាណ៣០ម៉ឺននាក់ឲ្យមកស្នើសុំទិដ្ឋាការ និងដើម្បីមកធ្វើការ និងរស់នៅអង់គ្លេស។
សូមបញ្ជាក់ថា អង់គ្លេសគឺជាប្រទេសដែលធ្លាប់បានដាក់អាណានិគមលើទីក្រុងហុងកុង ហើយអង់គ្លេសក៏បានផ្ដល់ហុងកុងទៅឲ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ជាមួយនឹងការធានាការពារឲ្យបាននូវសេរីភាពជាកក្តាស្នូល, ស្វ័យភាពទូលំទូលាយ និងរបៀបរស់នៅបែបមូលធននិយម៕