ទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសស្វយ័តរបស់ចិន ត្រូវបានគេដឹងថា គឺស្ថិតនៅក្នុងចំណោមដែនដី ដែលទទួលបានវ៉ាក់សាំងច្រើនគ្រប់គ្រាន់ សម្រាប់ចាក់ជូនពលរដ្ឋទាំងអស់របស់ខ្លួន ដែលមាន៧លាន៥សែននាក់។ ប៉ុន្ដែ បន្ទាប់ពីមានការវិវត្តនូវនយោបាយថ្មីៗនេះ ពលរដ្ឋមិនសូវមានការទុកចិត្តមកលើរដ្ឋាភិបាល គួបផ្សំនឹងការខ្វះចន្លោះនៅក្នុងការផ្សព្វផ្សាយព័ត៌មានតាមអនឡាញ និងបញ្ហាមួយចំនួនទៀត បានធ្វើឲ្យពលរដ្ឋមានការស្ទាក់ស្ទើរក្នុងការទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩។
នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ថូមាស់ សេង សមាជិកនៃក្រុមការងារចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល បានព្រមានថា ពលរដ្ឋហុងកុងមានពេលតែ៣ខែទៀតប៉ុណ្ណោះ ដើម្បីទទួលយកការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុននឹងវ៉ាក់សាំង Pfizer-BioNTech បាច់ដំបូង នឹងត្រូវផុតសុពលភាព។ មន្ត្រីហុងកុងរូបនេះបានលើកឡើងទៀតថា គ្រប់វ៉ាក់សាំង ទាំងអស់ គឺមានសុពលភាពរបស់វា ដូច្នេះ ពេលដែលវ៉ាក់សាំងផុតសុពលភាព ខូចគុណភាព គេមិនអាចយកទៅចាក់ឲ្យមនុស្សបានទៀតទេ។
លោក ថូមាស់ សេង សមាជិកនៃក្រុមការងារចាក់វ៉ាក់សាំងរបស់ហុងកុងបានសង្កត់ធ្ងន់ទៀតថា វាមិនត្រឹមត្រូវទេ ដែលហុងកុងត្រូវមកអង្គុយលើគំនរវ៉ាក់សាំងហើយមិនប្រើ ខណៈដែលពិភពលោកកំពុងមានតម្រូវការវ៉ាក់សាំងយ៉ាងខ្លាំងនោះ។
ហុងកុង បានទិញវ៉ាក់សាំងចំនួន៧លាន ៥សែនដូសពីក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pifzer-BioNTech និង បានទិញវ៉ាក់សាំងចិន Sinovac ៧លាន៥សែនដូសទៀតផងដែរ។
បន្ថែមពីនេះទៀត ហុងកុងក៏បានកក់ទុកវ៉ាក់សាំង AstraZeneca ចំនួន ៧លាន ៥សែនដូសដែរ ប៉ុន្ដែកិច្ចសន្យាទិញនេះ វាត្រូវលុបចោលវិញ កាលពីដើមឆ្នាំនេះ ដោយអាជ្ញាធរហុងកុងអះអាងថា នឹងយកថវិកានោះ មកប្រើសម្រាប់ការទិញវ៉ាក់សាំងនៅឆ្នាំក្រោយបន្ដទៀត។
សូមបញ្ជាក់ថា មកទល់ពេលនេះ ហុងកុងមានប្រជាជនត្រឹមតែ ១៩%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ និង មាន១៤%ទៀត បានចាក់គ្រប់ចំនួន២ដូស។
គិតមកទល់ពេលនេះ មានវ៉ាក់សាំង Pfizer-BioNTech សរុបជាង៣លានដូសហើយបានដឹកមកដល់ហុងកុង ប៉ុន្ដែ ទើបតែមានជាង១លានដូសប៉ុណ្ណោះដែលបានចាក់រួច។
អ្នកនយោបាយហុងកុងមួយចំនួន បានស្នើឲ្យអាជ្ញាធរហុងកុងចែករំលែកវ៉ាក់សាំងដែលមិនទាន់ប្រើប្រាស់ទាំងនោះ ទៅកាន់ប្រទេសដទៃកំពុងខ្វះខាតខ្លាំង៕