អ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌា

អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌាថយចុះ ប៉ុន្តែអ្នកស្លាប់នៅតែកើនខ្ពស់ដដែល!


ចំនួនករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានបង្ហាញពីការថមថយចុះគួរឲ្យកត់សម្គាល់ ពោលគឺតួលេខនៅថ្ងៃអង្គារទី ២៦ ខែឧសភានេះ ឥណ្ឌាមានចំនួនអ្នកឆ្លងកូវីដ-១៩ ក្រោម២០ម៉ឺននាក់ ដែលជាការឆ្លងប្រចាំថ្ងៃទាបបំផុតគិតតាំងពីថ្ងៃទី ១៤ខែមេសាមក។ ប៉ុន្ដែ បើមើលទៅលើចំនួនអ្នកស្លាប់វិញ គឺនៅតែមានខ្ពស់ដដែល ដោយមួយថ្ងៃឥណ្ឌាស្លាប់ជាង៣ពាន់ ទៅ៤ពាន់នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩សរុបនៅក្នុងប្រទេសនេះ បានកើនឡើងដល់ជាង ៣០ម៉ឺននាក់ហើយគិតមកទល់ពេលនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AP។
អ្នកជំងឺកូវីដ១៩ក្នុងប្រទេសនេប៉ាល់កំពុងខ្វះខាតអុកស៊ីហ្សែនដូចនៅឥណ្ឌាដែរ - Xinhua
ដោយ

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាមកដល់ពេលនេះ ត្រូវបានគេមើលឃើញថាមានសភាពធូរស្បើយជាងមុនខ្លះហើយ ពិសេសនៅតាមតំបន់ទីក្រុងធំៗ ប៉ុន្ដែនៅតំបន់ទីជនបទវិញ បែរជាកំពុងរីកសាយភាយករណីឆ្លងរីករាលដាលកាន់តែខ្លាំង ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃក៏នៅតែមានតួលេខខ្ពស់ដដែល។

តួលេខដែលបានបង្ហាញនៅថ្ងៃអង្គារសប្ដាហ៍នេះ បានឲ្យឃើញថា ករណីស្លាប់ដោយកូវីដនៅឥណ្ឌាបានបំបែកកំណត់ត្រាថ្មីដោយចំនួនសរុបបានកើនឡើងដល់៣០ម៉ឺននាក់ ដែលធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ-១៩ច្រើនជាងគេបំផុតទី៣ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។

ជាមួយគ្នានេះ បើប្រៀបធៀបពីចំនួនអ្នកឆ្លងសរុបវិញ ឥណ្ឌា គឺឆ្លងលំដាប់លេខ២ ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ សរុបជិត ២៧លាននាក់ ខណៈដែលអាមេរិកឆ្លងជាប់លំដាប់លេខ១ មានប្រមាណ ៣៤លាននាក់។ ដោយឡែក បើយើងងាកទៅមើលប្រទេសចិនវិញ ត្រូវបានគេដឹងថា បានផ្ទុះរាលដាលកូវីដ-១៩ដំបូងគេនោះ មកទល់ពេលនេះ មានអ្នកឆ្លងសរុបត្រឹមតែជាង៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈអ្នកស្លាប់សរុបមានជាង៤ពាន់៦រយនាក់។

តាមរាយការណ៍បានឲ្យដឹងថា បញ្ហាកង្វះគ្រែអ្នកជំងឺនៅតាមមន្ទីរពេទ្យ និងការខ្វះខាតអុកស៊ីសែន នៅតែបន្ដជាបញ្ហាប្រឈមខ្លាំងសម្រាប់ឥណ្ឌាក្នុងការសង្គ្រោះព្យាបាលអ្នកជំងឺកូវីដ។

នៅក្នុងទីក្រុង ញ៉ូដេលី ពលរដ្ឋឆ្លងកូវីដ-១៩ជាច្រើន បានស្លាប់នៅផ្ទះរបស់ពួកគេ ដោយសារតែគ្មានឧបករណ៍ខ្យល់អុកស៊ីហ្សែន និង គ្រែពេទ្យ។ រីឯ ទីក្រុង ម៉ុមបៃវិញ អ្នកជំងឺកូវីដ-១៩ ក៏មានស្លាប់ច្រើននៅតាមមន្ទីរពេទ្យដែរ ដោយសារតែបញ្ហាកង្វះខាតឧបករណ៍ជួយសង្គ្រោះទាំងអស់នេះ ដ្បិតថាចំនួនអ្នកជំងឺមានច្រើនលើសលុបពេក។ ស្របពេលដែលចំនួនករណីឆ្លងថ្មី មានការថយចុះជាងមុន ប៉ុន្ដែ វានៅតែមានក្ដីបារម្ភចំពោះប្រទេសឥណ្ឌា ដ្បិតថា ករណីឆ្លងរាលដាលវាបានរីកសាយភាយទៅដល់តាមភូមិស្រុកទីជនបទ ដែលជាកន្លែងមានសេវាសុខាភិបាលនៅមានកម្រិតនៅឡើយ។

មួយវិញទៀត ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា គឺមានភាពយឺតយ៉ាវនៅឡើយ ដោយសារតែមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជន។

ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី២លើពិភពលោកមួយនេះ ត្រូវបានគេដឹងថា មកទល់ពេលនេះ បានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនសរុបជាង ៤១លានាក់ប៉ុណ្ណោះ ឬស្មើនឹងជិត៤% នៃចំនួនប្រជាជនសរុបជិត ១ពាន់៤រយលាននាក់។ ដោយសារតែចំនួនវ៉ាក់សាំងមានកម្រិត រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានបើកឲ្យមានការចាក់វ៉ាក់សាំងសម្រាប់តែពលរដ្ឋអាយុចាប់ពី ១៨ ដល់៤៤ឆ្នាំប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាមប្រភពពីសារព័ត៌មាន Bloomberg បានផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ឥណ្ឌាកំពុងតែរៀបចំនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច។ បើតាមក្រសួងហិរញ្ញវត្ថុឥណ្ឌា បានឲ្យដឹងថាខ្លួនកំពុងតែធ្វើការលើសំណើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនេះ ដើម្បីធ្វើយ៉ាងណាជួយជំរុញដល់វិស័យទេសចរណ៍ អាកាសចរណ៍ និងបដិសណ្ឋារកិច្ច រួមទាំងក្រុមហ៊ុនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យមផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហុងកុង ប្រឈមនឹងការបោះចោលវ៉ាក់សាំងកូវីដ-១៩ផុតសុពលភាពរាប់លានដូស

ព័ត៌មាន
នៅពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងខ្វាយខ្វល់រឿងរកវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាជនខ្លួនមិនគ្រប់គ្រាន់ នៅទីក្រុងហុងកុងប្រទេសចិនឯណោះវិញ ក…

នាយករដ្ឋមន្ត្រីថៃជឿថា WHO នឹងទទួលស្គាល់វ៉ាក់សាំងចិន Sinovac ក្នុងសប្តាហ៍នេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុត ចាន់អូចា បានបញ្ជាក់នៅដើមសប្តាហ៍នេះថា អង្គការសុខភាពពិភពលោក អាចនឹងអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការវ៉ាក់សាំងកូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ