លោកស៊ី ជីនពីងដែលបានធ្វើដំណើរទស្សនាជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីដំណើរចុងក្រោយរបស់លោកនៅឆ្នាំ ២០១៧ កន្លងទៅនៅទីក្រុងហុងកុង ដែលដំណើរទស្សនៈកិច្ចថ្មីនេះ គឺធ្វើឡើងក្រោមវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង ដើម្បីប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការប្រគល់ដែនដីហុងកុង ក្រោយពីត្រួតត្រារបស់ចក្រភពអង់គ្លេសឲ្យទៅប្រទេសចិនវិញ ក្រោមគោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ»។
បើតាមប្រភពបានរាយការណ៍ថា សមាជិកសភាហុងកុង ដែលមានវិជ្ជមានកូវីដ១៩នោះ គឺ លោកស្ទីវេន ហូ (Steven Ho) អាយុ ៤២ ឆ្នាំជាសមាជិកនៃគណបក្សសម្ព័ន្ធប្រជាធិបតេយ្យដើម្បីភាពប្រសើរឡើង និងវឌ្ឍនភាពនៃទីក្រុងហុងកុង (DAB) ដែលជាគណបក្សគាំទ្រទីក្រុងប៉េកាំងយ៉ាងពេញទំហឹងផងដែរ។
ហើយលោក ស្ទីវេន ហូ ជាមន្ត្រីសមាជិកសភាហុងកុងមួយរូបក្នុងចំណោម ១០០ នាក់ផ្សេងទៀត ដែលមានភាពស្និទ្ធស្នាល ក៏ដូចជាបានថតរូបផ្ទាល់ជាមួយលោកស៊ី ជីនពីង ប្រធានាធិបតីចិននៅក្នុងជំនួបនោះ។
សមាជិកសភាហុងកុងរូបនេះ បាននិយាយនៅក្នុងគេហទំព័រហ្វេសបុករបស់ខ្លួនថា៖ «សមាជិកសភាហុងកុងទាំងអស់បានធ្វើតេស្តអវិជ្ជមានកូវីដ១៩ នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោកប្រធានស៊ី ជីនពីង គឺនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន »។
មួយវិញទៀត លោក តាម យ៉ូឆុង (Tam Yiu-chung) តំណាងកំពូលនៃស្ថាប័នសភាប្រចាំទីក្រុងហុងកុង ក៏បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍នៃថ្ងៃដំបូងនៃកិច្ចប្រជុំនោះដែរ តែលោកមិនត្រូវបានឲ្យចូលរួមក្នុងព្រឹត្តិការណ៍ជាមួយលោកស៊ី ជីនជីងទេ។
មែនទែនទៅ ប្រទេសចិននៅប្រកាន់ខ្ជាប់នូវគោលនយោបាយ «សូន្យកូវីដ» ដែលមានគោលបំណងលុបបំបាត់ការផ្ទុះឡើងកូវីដ១៩ ដែលត្រូវរាំងខ្ទប់ដ៏តឹងរ៉ឹង ព្រមទាំងធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំផងដែរ។ លើសពីនេះ មន្ត្រីហុងកុងដែលត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីកម្រប់ខួប២៥ ឆ្នាំនោះ ក៏ត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធធ្វើតេស្តកូវីដ១៩យ៉ាងម៉ត់ចត់ផងដែរ ព្រមទាំងរក្សាគំលាតពីគ្នាថែមទៀតផង។
ដោយឡែក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ផ្នែកខ្លះនៃទីក្រុងហុងកុងត្រូវបានបិទ បួករួមទាំងអ្នកនយោបាយ និងសកម្មជនប្រឆាំងដែលលេចធ្លោផ្សេងទៀត ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់ប៉ូលីសយ៉ាងធ្ងន់ធ្ងរផងដែរ ហើយអ្នកកាសែតជាច្រើនត្រូវបានរារាំងមិនឱ្យរាយការណ៍ព្រឹត្តិការណ៍សំខាន់ៗនោះទេ។
សូមបញ្ជាក់ថា មុនពេលដំណើរទស្សនកិច្ចរបស់លោក ស៊ីជីនពីង មានមនុស្សប្រាំបួនត្រូវបានចាប់ខ្លួនដែលធ្វើឡើងដោយប៉ូលីសសន្តិសុខរបស់ទីក្រុងហុងកុង និងយ៉ាងហោចណាស់ពីរនាក់ទៀតត្រូវបានចាប់ខ្លួនផងដែរក្នុងថ្ងែកម្មវិធីតែម្តង៕