ការលុបវិធានការទប់ស្កាត់កូវីដ១៩

ម្ចាស់អាជីវកម្មទេសចរណ៍ថៃ ស្នើរដ្ឋាភិបាលលុបវិធានការទប់ស្កាត់កូវីដ១៩ទាំងអស់ ដើម្បីស្រូបទាញទេសចរអន្តរជាតិឡើងវិញ


ប្រតិបត្តិករធុរកិច្ចទេសចរណ៍ជាច្រើន ក៏ដូចជាសមាគមសណ្ឋាគារថៃកំពុងអំពាវនាវឱ្យរដ្ឋាភិបាលបើកប្រទេសពេញលេញឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយពួកគេស្នើរឱ្យលុបចោលការរឹតបន្តឹងកូវីដ១៩ទាំងអស់ ចាប់ពីខែក្រោយនេះទៅ។ ការស្នើនេះ គឺដើម្បីទាក់ទាញទេសចរឡើងវិញ ជាពិសេសការខិតជិតមកដល់នៅថ្ងៃបុណ្យសង្ក្រាន្តឆ្នាំថ្មី ក៏ដូចជាដើម្បីប្រកួតប្រជែងជាមួយគូប្រជែងទីផ្សារទេសចរណ៍ពិភពលោកសំខាន់ៗផ្សេងទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍។
ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ

នៅ​ក្នុង​លិខិត​ចំហ​មួយ​ដែល​ប្រតិបត្តិ​ករ​ធុរកិច្ច​ទេសចរណ៍ និង​សមាគម​សណ្ឋាគារ​ថៃ​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​លោក ប្រា​យុទ្ធ ចាន់​អូ​ចា និង​មន្ត្រី​ផ្សេង​ទៀត​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ស្នើរ​រាជរដ្ឋាភិបាល​គួរតែ​ប្រកាស​ជំងឺ​កូ​វី​ដ​១៩ ជា​ជំងឺឆ្លង​ដែល​អាច​គ្រប់គ្រង​បាន ហើយ​គួរតែ​លុប​ចោលការ​រឹត​បន្តឹង​ទាំងអស់ រួម​ទាំង​លុប​ចោលការ​តម្រូវ​ធ្វើតេស្ត​កូ​វី​ដ​១៩ ក្រោយ​ការ​មក​ដល់​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​តទៅ​ទៀត​។

ក្នុង​លិខិត​នោះ​បាន​បង្ហាញ​ថា ប្រទេស​ជា​ច្រើន រួម​ទាំង​ស៊ុ​យ​អែ​ត ដា​ណឺ​ម៉ាក ន័​រវេ​ស និង​ចក្រភព​អង់គ្លេស បាន​ប្រកាស​រួច​ហើយ​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ថា​ជា​ជំងឺឆ្លង​ដែល​មាន​កម្រិត​អាច​គ្រប់គ្រង​បាន  ហើយ​ក៏​បាន​លុប​ចោល​វិធានការ​ទប់ស្កាត់​មេរោគ​ឆ្លង​ស្ទើរតែ​ទាំងអស់​របស់​ពួក​គេ​ផង​ដែរ​។

សូម​ជម្រាប​ថា ប្រតិបត្តិ​ករ​ធុរកិច្ច​ទេសចរណ៍ និង​សមាគម​សណ្ឋាគារ​ថៃ បាន​និយាយ​នៅ​ក្នុង​លិខិត​ដដែល​នោះ​ទៀត​ថា ប្រទេស​ថៃ​ត្រូវការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​កូ​វី​ដ​១៩​បន្ថែម​ទៀត សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ពេល​នេះ បើ​មិន​ដូច្នោះ​ទេ វា​អាច​នឹង​បាត់បង់​សមត្ថភាព​ក្នុង

ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត​។ ប្រទេស​ផ្សេង​ទៀត​នោះ គឺ​ពួក​គេ​ចង់​សំដៅ​ទៅ​លើ​ដៃគូ​ប្រកួតប្រជែង​សំខាន់​ៗ​នៅ​ក្នុង​ទីផ្សារ​ទេសចរណ៍​ពិភពលោក ដូច​ជា​វៀតណាម និង​ជប៉ុន​។ ទន្ទឹម​គ្នា​នេះ ការ​ស្នើរ​របស់​ក្រុម​ប្រតិបត្តិ​ករ​ទេសចរ​ថៃ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​អនុវត្ត​ការ​លុប​ចោល​វិធានការ​តម្រូវ​តឹង​រ៉ឺ​ង​ទាំង​អស់នេះ ឱ្យ​បាន​មុន​ខែមេសា ដែល​វា​ជា​ខែ​ដ៏​សំខាន់​បំផុត សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​ថៃ ដោយសារ​ទេសចរ​លោក​ខាងលិច​តែងតែ​ចូល​ចិត្ត​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ ក្នុងអំឡុងពេល​បុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី ១ ខែកុម្ភៈ មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១៩​ថៃ បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​កូ​វី​ដ​១៩ របស់​ខ្លួន សម្រាប់​ភ្ញៀវ​ដែល​មក​ដល់​ក្រោម​គម្រោង Test & Go ដោយ​បាន​លើក​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ប្តូរ​មក​ត្រឹម​ក​ជា​ការ​ធ្វើតេស្ត​រក​មេរោគ​វិញ​។

តែ​យ៉ាងណាមិញ បើ​ទោះបីជា​អ្នកដំណើរ​ទាំងនោះ​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ពេល​ធ្វើតេស្ត​ក៏​ដោយ​ចុះ តែ​ប្រតិបត្តិ​ករ​ធុរកិច្ច​ទេសចរណ៍ និង​សមាគម​សណ្ឋាគារ​ថៃ បាន​និយាយ​ថា ទេសចរ​ដែល​ឆ្លង​មេរោគ​ទាំងនេះ ទំនងជា​មិន​បាន​បង្ក​បន្ទុក​ណាមួយ​ដល់​ប្រព័ន្ធ​ថែទាំ​សុខាភិបាល​របស់​ប្រទេស​ថៃ​នោះ​ទេ ដោយសារ​អត្រា​នៃ​ការ​ឆ្លង​របស់​ពួក​គេ គឺ​មាន​រោគ​សញ្ញា​ស្រាល ឬ​គ្មាន​រោគ​សញ្ញា ដែល​ស្រ​ដៀង​តែ​នឹង​ជំងឺ​ផ្តាសាយ​ធម្មតា​តែ​ប៉ុណ្ណោះ​៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសគ្រោងដកចោលច្បាប់តម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកឆ្លងកូវីដ១៩

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ថ្មីៗនេះ បានលើកឡើងអំពីផែនការ នៅសប្ដាហ៍ក្រោយនឹងលុបចោលច្បាប់ដែលតម្រូវឲ្យអ្នកឆ្លងកូវីដ១៩ត្រូវធ្វើចត្តា…

កម្ពុជាប្រមូលចំណូលពីឧស្សាហកម្មរ៉ែមាសបានជាង១៤លានដុល្លារ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៧កំពុងមានប្រតិបត្តិការរុករក

ព័ត៌មាន
គិតមកទល់ពេលនេះ ចំណូលរាជរដ្ឋាភិបាលកម្ពុជាទទួលបានមកពីឧស្សាហកម្មរ៉ែមាសសរុបមានជាង១៤លានដុល្លារអាមេរិកហើយ បន្ទាប់ពីកម្ពុជាបានចាប់ផ្ដើមបើកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ