លោកស្រី ខារី ឡេម បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការសម្រេចចិត្តរបស់លោកស្រីក្នុងការមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំក្រុងហុងកុងនៅខែក្រោយនេះ គឺជារឿងផ្ទាល់ខ្លួន ដោយបន្ថែមថាលោកស្រីនឹងចុះចេញពីតំណែងនៅត្រឹមថ្ងៃទី៣០ ខែមិថុនាបន្ទាប់ពីបានបម្រើការងាររដ្ឋអស់រយៈពេល៤២ឆ្នាំ។
មេដឹកនាំក្រុងហុងកុងវ័យ ៦៤ ឆ្នាំរូបនេះ បានប្រាប់សន្និសីទព័ត៌មានថា ក្រុមគ្រួសាររបស់លោកស្រី គឺជាអាទិភាពដែលលោកស្រីត្រូវតែគិតគូរ ហើយពួកគេក៏គិតដែរថា វាដល់ពេលហើយ ដែលលោកស្រីត្រូវត្រលប់ទៅផ្ទះវិញ។
លោកស្រី ឡេម បានបន្ថែមថា លោកស្រីបានជូនដំណឹងនេះ ទៅកាន់រដ្ឋាភិបាលកណ្ដាលរួចហើយកាលពីឆ្នាំមុន ហើយពួកគេបានក៏យល់ចិត្តគ្នា និងគោរពគ្នាផងដែរ។
អគ្គលេខាធិកា នៃទីក្រុងហុងកុង លោក ចន លី (John Lee) ដែលជាមេបញ្ជាការទី២របស់ទីក្រុងហុងកុងនឹងស្វែងរកការឈរឈ្មោះសម្រាប់តំណែងកំពូលរបស់ទីក្រុងហុងកុង។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ការគាំទ្រជាសាធារណៈចំពោះលោកស្រី ឡេម បានធ្លាក់ចុះក្នុងឆ្នាំ២០១៩ ក្នុងអំឡុងពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនខែដែលពេលនោះ មានមនុស្សរាប់លាននាក់បានដើរបាតុកម្មតវ៉ាតាមផ្លូវ ហើយតាំងពីនោះមកប្រជាប្រិយភាពរបស់លោកស្រីចាប់ផ្ដើមធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងចំណោមមេដឹកនាំក្រុងហុងកុងណាៗទាំងអស់។
អំឡុងពេលកាន់តំណែងរយៈពេល៥ឆ្នាំរបស់លោកស្រី ឡេម មកនេះ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានកើតមានភាពចលាចលយ៉ាងធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្ររួមទាំងការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតដ៏ចម្រូងចម្រាស និងការដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយកាលពីពាក់កណ្តាលឆ្នាំ២០២០ ដែលអ្នករិះគន់និយាយថា បានលុបបំបាត់សេរីភាពជនស៊ីវិលនៅក្នុងទីក្រុងដែលមានចំនួនប្រជាជន ៧លាន៤សែននាក់។
លោក ចូសេហ្វ ឆេង (Joseph Cheng) អ្នកអត្ថាធិប្បាយនយោបាយឯករាជ្យមួយរូបបាននិយាយថា លោកស្រី ឡេម បានអនុវត្តកម្មវិធីគោលនយោបាយផ្តាច់ការ និងការគាបសង្កត់របស់ទីក្រុងប៉េកាំង ដែលជាហេតុធ្វើឱ្យលោកស្រីបានបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋក្រុងហុងកុង ហើយលោកស្រីមានការអាក់អន់ចិត្តយ៉ាងខ្លាំង។
សូមបញ្ជាក់ថា លោកស្រី ឡេម គឺជាអ្នកគោរពនិកាយកាតូលិក និងកើតនៅក្នុងសម័យអាណានិគមន៍របស់អង់គ្លេសនៅក្នុងឆ្នាំ១៩៥៧ ហើយតាំងពីចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុងឱ្យចិនជាអ្នកគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧មកដល់នឹងពេលនេះ គឺមិនទាន់មានមេដឹកនាំក្រុងហុងកុងណាមួយ អាចដឹកនាំទីក្រុងនេះ បាន២អាណត្តិនៅឡើយទេ៕
អត្ថបទ សុខ ជា