វិស័យ​ដឹក​ជញ្ជូន

ក្រុមអ្នកជំនួញដឹកជញ្ជូន៖ ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារនៅតែបន្ដកើនឡើង


ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូនបានអះអាងថា មកទល់ពេលនេះ វិស័យដឹកជញ្ជូននៅកម្ពុជានៅមិនទាន់បានបង្ហាញសញ្ញាវិជ្ជមាននៅឡើយទេ ដែលបញ្ហានេះបាននិងកំពុងគំរាមកំហែងដល់ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យនេះកាន់តែខ្លាំងឡើង។
រូបតំណាង៖ ក្រុមហ៊ុនដឹកជញ្ជូន

បច្ចុប្បន្ន មាន​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​នេះ​មួយ​ចំនួន បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន និង​ជា​ច្រើន​ទៀត​កំពុង​ប្រឈម​ហានិភ័យ​។ តាម​ការ​វាយតម្លៃ ពី​អ្នកជំនាញ​ក្នុង​វិស័យ​នេះ នឹង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ប្រឈម​នឹង​ការ​បិទទ្វារ ឬ ក្ស័យធន​ប្រសិនបើ​ជំងឺ​កូ​វី​ដ​-១៩ បន្ត​អុកឡុក​កាន់តែ​យូរ​បន្ត​ទៀត​នៅ​កម្ពុជា​។ ទោះជា​បែប​នេះ​ក្ដី ក្រុម​អ្នករក​ស៊ីក្នុង​វិស័យ​ជញ្ជូន នៅ​តែ​រំពឹង​ថា ការ​សម្រេច​បាន​នូវ​ផែនការ​ចាក់​វ៉ាក់សាំង និង ការ​ចាក់​ដូ​ស​ជំរុញ នឹង​ក្លាយជា​កម្លាំង​ជំរុញ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​អាច​នឹង​ស្ទុះ​ងើប​ចេញពី​បញ្ហា​ប្រឈម​ទាំងនេះ​បាន​។

ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​នៅ​តែ​រង​ការ​គំរាមកំហែង​ពី​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​អ្នករក​ស៊ីក្នុង​វិស័យ​នេះ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​។ អ្នកជំនាញ​រូប​នេះ​មើលឃើញ​ថា ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​សមាគម​ជា​ច្រើន​នៅ​តែ​បន្ត​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​បិទទ្វារ ឬ​ក្ស័យធន​នា​ពេល​ខាង​មុខ ប្រសិនបើ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​នៅ​បន្ត​អូស​បន្លាយ​យូរ​ទៀត​នៅ​កម្ពុជា​។

អ្នកជំនាញ​រូប​នេះ បាន​គូសបញ្ជាក់​បន្ថែម​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សមាគម បច្ចុប្បន្ន​មាន​ក្នុង​ចំណោម​សមាជិកសមាគម​ជាង​១២០​ក្រុមហ៊ុន មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ដែល​កំពុង​ដំណើរការ ហើយ​អាច​រក​ចំណូល ដើម្បី​ទ្រទ្រង់​ដំណើរការ និង​ប្រតិបត្តិការ​របស់​ខ្លួន ខណៈ​មួយ​ចំនួន​ធំ​កំពុង​បន្ត​ដង្ហើមរស់​ទាំង​លំបាក​លំ​ប៉ិន​និង​មួយ​ចំនួន​បាន​បិទទ្វារ​ផ្អាក​ដំណើរ​ទៅ​ហើយ​។ 

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន​ទំនិញ​បាន​កត់​សម្គាល់ថា តាំងពី​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ មក​ដល់​បច្ចុប្បន្ន​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ​។ ហើយ ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ប្រាកដ​ថា វិស័យ​នេះ​អាច​នឹង​វិល​មក​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ណា​នោះ​ដែរ​។

ប្រធាន​សមាគម​រូប​នេះ បាន​វាយតម្លៃ​ថា មក​ទល់​បច្ចុប្បន្ន​ក្នុង​ចំណោម​សមាជិក​ជាង​៥០ ក្រុមហ៊ុន ប្រមាណ​២០% ហើយ បាន​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ​។ ប៉ុន្តែ លោក កត់សម្គាល់​ឃើញ​ថា ក្រុមហ៊ុន​ដែល​បាន​បិទទ្វារ​ទាំងនោះ ភាគច្រើន​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ខ្នាត​តូច ខណៈ​ក្រុមហ៊ុន​ធំ​ៗ​នៅ​តែ​អាច​បន្ត​ដំណើរការ​ក្នុង​វិបត្តិ​ជាស​កល​មួយ​នេះ​។

សូម​បញ្ជាក់​ថា កន្លង​មក​ដើម្បី​ជួយ​ដល់​អាជីវកម្ម និង​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​តែ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​៩​ជុំ​រួច​មក​ហើយ ដោយ​វិធានការ​ជុំ​ទី​៩​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ចេញ​នៅ​ចុងខែ​មិថុនា​ឆ្នាំ​២០២១​។

ក្រៅ​តែ​ពី​ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​កាត់ដេរ វិធានការ​ជុំ​ចុង​ក្រោយ​នេះ ក៏​បាន​ជួយ​ដល់​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​ដែរ ដោយ​អនុញ្ញាត​លើកលែង​កម្រៃ​អាជ្ញា​បណ្ណ​ជើងសារ​គយ​សម្រាប់​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ដោយ​ការ​លើកលែង​នេះ ផ្អែក​លើ​ការ​វាយតម្លៃ​ជាក់ស្ដែង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញស្រូវទៅវៀតណាមលែងសូវកកស្ទះដូចមុន ក្រោយវៀតណាមបើកច្រកព្រំដែនមួយចំនួនឡើងវិញ

ព័ត៌មាន
ក្រុមអ្នកជំនាញ និងជំនួញ រូមទាំងមន្ត្រីកសិកម្មបានអះអាងថា មកទល់ពេលនេះ ស្ថានភាពការនាំចេញស្រូវកម្ពុជាបានវិលមករកស្ថានភាពល្អប្រសើរវិញជាបណ្ដើរៗ…

អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុទទួលបានការបន្ធូរបន្ថយជាងមុន

ព័ត៌មាន
ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យភោជនីយដ្ឋាន និង អាហារដ្ឋានទាំងអស់នៅក្នុងខេត្តព្រះសីហនុ អាចបើកទទួលអតិថិជនឬភ្ញៀវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ