ឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យនៅហុងកុង កំពុងជួបការលំបាកក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ដោយបច្ចុប្បន្នទីក្រុងនេះ មានមជ្ឈមណ្ឌលទិន្នន័យចំនួន៦១ ដែលស្ទើរតែមិនមានការកើនឡើងទាល់តែសោះចាប់តាំងពីឆ្នាំ២០២២ មក។ ទិន្នន័យរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានបង្ហាញថា ហុងកុង មានតំបន់ Cloud Computing ពាណិជ្ជកម្មចំនួន៩ ប៉ុន្តែមានតែ៤៤% ប៉ុណ្ណោះ ដែលមានសមត្ថភាពគាំទ្រការងារ AI កម្រិតខ្ពស់។
ផ្ទុយទៅវិញ សិង្ហបុរី មានរហូតដល់១៩តំបន់ ហើយក្នុងនោះ៧៤% មានសមត្ថភាព AI កម្រិតខ្ពស់។ មិនតែប៉ុណ្ណោះ សិង្ហបុរីមានសមត្ថភាពមជ្ឈមណ្ឌលរក្សាទុកទិន្នន័យដល់ទៅប្រមាណ១,៤ជីហ្គាវ៉ាត់ ដែលស្ទើរតែទ្វេដង បើធៀបទៅនឹងហុងកុង ដែលមានត្រឹមប្រមាណ៧៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ។
អ្នកជំនាញបានលើកឡើងថា ការរឹតបន្តឹងរបស់អាម៉េរិកលើបន្ទះឈីប AI ទំនើបៗរួមជាមួយតម្លៃដីធ្លី និងអគ្គិសនីខ្ពស់ ព្រមទាំងភាពមិនច្បាស់លាស់ នៃបទប្បញ្ញត្តិបានធ្វើឱ្យហុងកុងបាត់បង់សមត្ថភាពប្រកួតប្រជែង។ អ្នកជំនាញណែនាំថា ហុងកុងគួរពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយចិនដីគោក និងផ្តោតលើការយក AI មកប្រើប្រាស់ជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុ សុខាភិបាល ពាណិជ្ជកម្ម និងភ័ស្តុភារកម្មជាជាងប្រកួតប្រជែងក្នុងការបណ្តុះបណ្តាលគំរូ ឬម៉ូឌែល AI ខ្នាតធំដែលត្រូវការថាមពល និងការវិនិយោគយ៉ាងសម្បើម។
ទោះបីជាប្រឈមឧបសគ្គទាំងនេះក្ដី ក៏ក្រុមហ៊ុនមួយចំនួននៅតែមានគម្រោងបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យថ្មីៗនៅហុងកុង ដោយគ្រោងប្រើប្រាស់បន្ទះឈីបដែលផលិតនៅប្រទេសចិន។ ចំណែកឯរដ្ឋាភិបាលហុងកុង ក៏កំពុងសិក្សារកវិធីបង្កើនសមត្ថភាព Cloud Computing និងធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងផងដែរ៕