ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Speed Matrix ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Megaspeed ប្រចាំប្រទេសម៉ាឡេស៊ី ពិតជាបាននាំចូលម៉ាស៊ីនមេ និងបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) មួយចំនួនមែន ប៉ុន្តែការនាំចូលនោះ គឺដើម្បីបម្រើឱ្យប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅក្នុងប្រទេសប៉ុណ្ណោះ មិនមែនសម្រាប់នាំចេញបន្តទៅក្រៅប្រទេសឡើយ ។ ក្រសួងនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី មិនធ្លាប់បានផ្ដល់ភ្លើងខៀវ ឬការអនុញ្ញាតណាមួយដល់ក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅសិង្ហបុរី ឬសាខារបស់ខ្លួននៅម៉ាឡេស៊ី គឺក្រុមហ៊ុន Speed Matrix ឱ្យនាំចេញបន្តនូវបច្ចេកវិទ្យាទាំងនេះឡើយ។ បច្ចុប្បន្នក្រសួងកំពុងដុតដៃដុតជើងត្រួតពិនិត្យយ៉ាងល្អិតល្អន់ថា តើបន្ទះឈីប AI ដែលនាំចូលមកក្នុងប្រទេសត្រូវបានគេលួចនាំចេញបន្តដោយខុសច្បាប់ឬយ៉ាងណា។
នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរម៉ាឡេស៊ី បានបញ្ជាក់ថា ក្រុមហ៊ុន Speed Matrix គ្រាន់តែជាអ្នកជួលទីតាំងនៅមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសម៉ាឡេស៊ី ហើយនាំចូលឧបករណ៍បច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីដំណើរការអាជីវកម្មប៉ុណ្ណោះ។ លើសពីនេះ ក្រសួង ក៏បានព្រមានកុំឱ្យមានការយល់ច្រឡំផងដែរ ដោយបញ្ជាក់ថា ការចុះត្រួតពិនិត្យជាប្រចាំនៅមជ្ឈមណ្ឌលទិន្នន័យ ដែលក្រុមហ៊ុន Speed Matrix កំពុងប្រើប្រាស់គ្រាន់តែជាការតាមដានតាមនីតិវិធីទូទៅប៉ុណ្ណោះ ហើយមិនអាចយកមកបកស្រាយថា ក្រុមហ៊ុនទាំងនោះគ្មានកំហុស ឬរួចផុតពីការសង្ស័យនោះឡើយ។
ការចេញមុខមកបំភ្លឺបែបនេះធ្វើឡើងចំពេលដែលក្រុមហ៊ុន Megaspeed កំពុងស្ថិតក្រោមក្រសែភ្នែកឃ្លាំមើលជុំវិញការសង្ស័យថា បានលួចបញ្ជូនបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន។ សារព័ត៌មាន Bloomberg បានទម្លាយឱ្យដឹងថា ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក កំពុងចាប់ដៃគូជាមួយការិយាល័យឧស្សាហកម្ម និងសន្តិសុខ នៃក្រសួងពាណិជ្ជកម្មអាម៉េរិក ដើម្បីបើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើសំណុំរឿងដ៏រសើបនេះ៕