កត្តាជំរុញដ៏សំខាន់ដែលបង្ខំឱ្យក្រុមហ៊ុនធំៗនៅទ្វីបអឺរ៉ុប សម្រេចចិត្តកាត់បន្ថយកម្លាំងពលកម្មទ្រង់ទ្រាយធំ គឺបណ្ដាលមកពីការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI) គួបផ្សំនឹងសម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាម៉េរិក ការប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយប្រទេសចិន ព្រមទាំងវិបត្តិសង្គមនៅក្នុងប្រទេសជាច្រើន។ ការកាត់បន្ថយបុគ្គលិកនេះបានរីករាលដាលចាប់ពីក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ និងវិស័យធនាគារ រហូតដល់វិស័យផលិតកម្ម សេវាកម្ម ដឹកជញ្ជូន ទូរគមនាគមន៍ និងវិស័យបដិសណ្ឋារកិច្ចថែមទៀតផង។
ជាក់ស្ដែងមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តយក្ស Volkswagen បានដាក់ចេញផែនការកែទម្រង់រចនាសម្ព័ន្ធការងារឡើងវិញ ដោយគ្រោងកាត់បន្ថយបុគ្គលិកប្រមាណ១០ម៉ឺននាក់ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរតម្រូវការទីផ្សារ និងសម្ពាធប្រកួតប្រជែងដ៏ខ្លាំងក្លា។ ដោយឡែក ក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់អាល្លឺម៉ង់ Deutsche Bahn ក៏មានគម្រោងកាត់បន្ថយការងារចំនួន ៣ម៉ឺនកន្លែងផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យក្សរបស់អាល្លឺម៉ង់ Bosch បានប្រកាសកាត់បន្ថយការងារជាង១ម៉ឺន៣ពាន់កន្លែង ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។ រីឯក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ ZF Friedrichshafen គ្រោងកាត់បន្ថយបុគ្គលិកចំនួន១ម៉ឺន៤ពាន់នាក់ ក្នុងគោលដៅកាត់បន្ថយចំណាយ ខណៈដែលក្រុមហ៊ុន Schaeffler ក៏បានប្រកាសកាត់បន្ថយការងារជាង៣ពាន់៤រយកន្លែងដូចគ្នា៕
ដោយៈ សរ សុជាតិ