
លោក វណ្ណ មូលីវណ្ណ ដែលជាអ្នកបានបង្កើតស្ថាបត្យកម្មកំពូលៗនិងបានរចនាប្លង់សំណង់ដ៏លេចធ្លោជាច្រើន នៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍៥០ និង ៦០ បានទទួលមរណភាព កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៩០ឆ្នាំ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ ក្នុងឆ្នាំ២០១៣ លោក វណ្ណ មូលីវណ្ណ មានប្រសាសន៍ថា ការរចនាគេហដ្ឋានរបស់លោកដែលស្ថិតនៅលើមហាវិថីម៉ៅសេទុង ហើយដែលកសាងនៅឆ្នាំ១៩៦៨ គឺជាស្ថាបត្យកម្មដ៏ធំនិងសំខាន់ ហើយក៏ជាគំរូនៃស្ថាបត្យកម្មខ្មែរនាសម័យទំនើប។
លោក វណ្ណ មូលីវណ្ណ មានប្រសាសន៍ក្នុងបទសម្ភាសន៍នោះថា “ផ្ទះនេះមានអត្ថន័យណាស់សម្រាប់ខ្ញុំនិងគ្រួសារ។”

លោក វណ្ណ មូលីវណ្ណ បានបន្តថា “ខ្ញុំបានចង់ដឹងថា តើដំបូលនេះអាចទៅរួចទេ ប្រសិនបើអ្នកអាចរស់នៅខាងក្នុងរចនាសម្ព័ន្ធស្មុគស្មាញ ហើយទំនើបមួយនៅក្នុងប្រទេសកម្ពុជា ខណៈដែលរក្សានូវលក្ខណៈពិសេស ដូចជា ខ្យល់ចូលតាមដំបូលនិងប្រព័ន្ធភ្លើង។”
យោងតាមភ្នាក់ងារលក់អចលនទ្រព្យ IPS គេហដ្ឋាននេះដែលមានទំហំ ៩២៤ម៉ែត្រការ៉េ បានប្រកាសលក់ក្នុងតម្លៃ ៧លានដុល្លារ។
ភ្នាក់ងារលក់អចលនទ្រព្យ IPS បានសរសេរក្នុងគេហទំព័ររបស់ខ្លួនថា គេហដ្ឋាននេះមាន២ជាន់ ដែលមានបន្ទប់ការិយាល័យចំនួន ៤ បន្ទប់ធំទូលាយមួយ និងបន្ទប់ទឹក៥។
ទាក់ទងតាមទូរសព្ទកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ភ្នាក់ងារលក់មួយរូបបាននិយាយថា គាត់មិនអាចផ្ដល់សម្ភាសន៍អំពីព័ត៌មានលម្អិតទាក់ទងនឹងការលក់នេះជាមួយអ្នកសារព័ត៌មានបានទេ។
កូនប្រុសរបស់លោក វណ្ណ មូលីវណ្ណ គឺលោក Gerard Vann មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕