វិស័យអចលនទ្រព្យរបស់ប្រទេសចិន មានភាពច្របូកច្របល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្កជាវិបត្តិដល់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនមួយចំនួន រួមទាំងក្រុមហ៊ុន អេវើក្រេន (Evergrande) និងក្រុមហ៊ុន ខោនទ្រី ហ្កាដិន ផងដែរ ទាំងក្នុង និងក្រៅប្រទេសចិន។ជាក់ស្ដែងកាលពីឆ្នាំ២០១៦ ក្រុមហ៊ុន ខោនទ្រីហ្កាដិន បានបង្ហាញគម្រោងសង់លំនៅឋានក្នុងទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ដោយដាក់ឈ្មោះគម្រោងនេះថា«ទីក្រុងព្រៃ ឬ Forest City»។
គម្រោងនេះត្រូវបានគេសន្និដ្ឋានថា អាចផ្ទុកមនុស្សបានជិត១លាននាក់ ប៉ុន្តែរយៈពេល៨ឆ្នាំក្រោយមកគម្រោងសាងសង់នេះ គឺសឹងតែគ្មានអ្វីៗដំណើរទាល់តែសោះ ដែលធ្វើឱ្យពលរដ្ឋមូលដ្ឋានហៅគម្រោងអភិវឌ្ឍន៍នេះថា ជា«ទីក្រុងខ្មោច»ជំនួសឱ្យ«ទីក្រុងព្រៃ»ទៅវិញ។
គម្រោង Forest City នេះគឺជាឱកាសសម្រាប់ប្រជាជនក្នុងស្រទាប់វណ្ណៈកណ្តាលរបស់ប្រទេសចិន ដែលប្រាថា្នចង់បានការវិនិយោគទៅលើផ្ទះទីពីរនៅបរទេស ដោយពួកគេសង្ឃឹមថា នឹងអាចជួលវាឱ្យអ្នកស្រុកនៅទីនោះ។
ប៉ុន្តែក្រុមហ៊ុន ខោនទ្រីហ្កាដិន ដែលជាខ្នងបង្អែកនៃការអភិវឌ្ឍន៍គម្រោងនេះ កំពុងប្រឈមនឹងបំណុលជិត២០០ពាន់លានដុល្លារ ហើយស្របពេលដែលសាច់ប្រាក់កាន់តែរីងស្ងួតឡើងៗនោះ គម្រោងទីក្រុងព្រៃនេះ ស្ទើរតែប្រែក្លាយទៅជារមណីយដ្ឋាន ដែលត្រូវបានគេបោះបង់ចោលទៅហើយ៕
អត្ថបទ៖ សុខ ជា