តំបន់មជ្ឈិមបូព៌ា

មេក្រុមហ៊ូធីគំរាមវាយប្រហារនាវាចម្បាំងអាម៉េរិក បើវ៉ាស៊ីនតោនកំណត់គោលដៅមកលើកងទ័ពខ្លួន


មេដឹកនាំក្រុមហ៊ូធីនៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ ទី២០ បានព្រមានថា ពួកគេនឹងវាយប្រហារទៅលើនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក ប្រសិនបើកងជីវពលរបស់ខ្លួនត្រូវបានកំណត់គោលដៅដោយអាម៉េរិក ក្រោយនៅសប្តាហ៍នេះក្រុងវ៉ាស៊ីនតោន បានប្រកាសបង្កើតកងកម្លាំងចម្រុះជាតិសាសន៍ជាមួយនឹងប្រទេស៩ផ្សេងទៀត ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមនេះ ទៅលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តំបន់មជ្ឈិមបូព៌ា
ដោយ

ក្រុមហ៊ូធី ដែលគ្រប់គ្រងទឹកដីមួយផ្នែកធំរបស់ប្រទេសយេម៉ែន បន្ទាប់ពីសង្រ្គាមស៊ីវិលជាច្រើនឆ្នាំ បានផ្តើមបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកទៅកាន់កប៉ាលពាណិជ្ជកម្មអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមជាងមួយខែមកនេះ។ ការធ្វើបែបនេះពីសំណាក់ក្រុមឧន្ទាមគាំទ្រដោយអ៊ីរ៉ង់នេះ គឺដើម្បីបង្ហាញការគាំទ្រចំពោះក្រុមហាម៉ាស ដែលកំពុងធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ ជាការឆ្លើយតប សហរដ្ឋអាម៉េរិករួមជាមួយនឹងប្រទេស៩ទៀត ដែលភាគច្រើនជាសមាជិកអង្គការណាតូកាលពីដើមសប្តាហ៍នេះ បានប្រកាសបង្កើតសម្ព័ន្ធភាពមួយក្នុងការល្បាតរួមគ្នានៅសមុទ្រក្រហម ដើម្បីការពារនាវាពាណិជ្ជកម្មពីការវាយប្រហារបន្ថែមទៀតពីសំណាក់ក្រុមហ៊ូធី ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗបានផ្អាកការធ្វើដំណើរតាមច្រកសមុទ្រនេះ ដោយសារព្រួយបារម្ភពីបញ្ហាសន្តិសុខ។

យ៉ាងណាមិញកាលពីថ្ងៃពុធ ថ្លែងតាមទូរទស្សន៍នៅយេម៉ែន លោក Malek al-Houthi មេដឹកនាំក្រុមហ៊ូធី បាននិយាយថា ក្រុមលោកនឹងមិនឈរនៅស្ងៀមឡើយ ប្រសិនបើជនជាតិអាម៉េរិកហ៊ានពង្រីកជម្លោះជាមួយ ឬប្រព្រឹត្តភាពល្ងង់ខ្លៅដោយកំណត់គោលដៅលើប្រទេសរបស់ខ្លួន ឬធ្វើសង្រ្គាមនឹងខ្លួននោះ។ មេក្រុមហ៊ូធីរូបនេះបន្ថែមថា រាល់ការកំណត់គោលដៅរបស់អាម៉េរិកមកលើប្រទេសរបស់ខ្លួន នោះខ្លួននឹងវាយប្រហារតបវិញ ហើយខ្លួននឹងធ្វើឱ្យនាវាចម្បាំង ផលប្រយោជន៍របស់ម៉េរិករងគ្រោះដោយមីស៊ីល យន្តហោះគ្មានមនុស្សបើក និងប្រតិបត្តិការយោធារបស់ខ្លួន។

លោកថា ដរាបណាអាម៉េរិកអាមេរិកចង់ចូលទៅក្នុងសង្រ្គាមដោយផ្ទាល់ជាមួយខ្លួន ពួកគេគួរតែដឹងថាយើងមិនមែនជាអ្នកដែលខ្លាចពួកគេទេ ហើយអាម៉េរិកនឹងប្រឈមមុខនឹងប្រជាជនយេម៉ែនទាំងមូល។ លោក Malek al-Houthi ក៏បានព្រមានអាម៉េរិកផងដែរថា បើអាម៉េរិកបញ្ជូនកងទ័ពចូលប្រទេសយេម៉ែន នោះពួកគេនឹងប្រឈមមុខនឹងអ្វី ដែលធ្ងន់ធ្ងរជាងអ្វី ដែលពួកគេបានជួបប្រទះនៅប្រទេសអាហ្វហ្គានីស្ថាន និងនៅប្រទេសវៀតណាមថែមទៀត។

គួរជម្រាបថា ការវាយប្រហារនៅសមុទ្រក្រហមដោយក្រុមហ៊ូធីនេះ ដែលជាច្រកផ្លូវទឹកអន្តរជាតិដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានបង្អាក់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់អឺរ៉ុប និងអាម៉េរិកខាងជើងជាមួយអាស៊ីតាមរយៈព្រែកជីកស៊ុយអេ និងបណ្តាលឱ្យថ្លៃដឹកជញ្ជូនកុងតឺន័រកើនឡើងយ៉ាងខ្លាំងនៅពេលដែលក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ បានបង្វែរផ្លូវដឹកជញ្ជូនទំនិញរបស់ពួកគេទៅតាមទ្វីបអាហ្រ្វិក ដែលត្រូវចំណាយពេលយូរជាង និងឆ្ងាយជាង។

ទន្ទឹមគ្នានេះ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ បានហាមឃាត់កប៉ាល់ដឹកទំនិញដែលមានទង់ជាតិអ៊ីស្រាអែលមួយគ្រឿងចូលចតនៅកំពង់ផែរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលម៉ាឡេស៊ីបាននិយាយថា មិនអើពើនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន។ បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាវាដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ក៏នឹងត្រូវបានរារាំងមិនឱ្យផ្ទុកទំនិញនៅកំពង់ផែណាមួយនៅក្នុងប្រទេសម៉ាឡេស៊ីដែរ ហើយក្រឹតនេះនឹងចូលជាធរមានភ្លាមៗក្រោយការប្រកាសនេះ៕

None



អត្ថបទបន្ទាប់


ប្រទេសចិនកំណត់ច្បាប់ចុងក្រោយ ដើម្បីគ្រប់គ្រងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល

រាល់ការទូទាត់សាច់ប្រាក់ថ្មីតាមអេប ឫតាមប្រព័ន្ធឌីជីថលនានា ដែលរួមមានដូចជា Alipay និង WeChat Pay ព្រមទាំងដៃគូសហការការទូទាត់នានា គឺត្រ…

ធនាគារកូរ៉េខាងត្បូង សន្យាផ្ដល់ប្រាក់១.៥ពាន់លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូច ចំពេលមានការជំរុញឱ្យចែករំលែកប្រាក់ចំណេញ

ធនាគារពាណិជ្ជមួយចំនួននៅប្រទេសកូរ៉េខាងត្បូង បានសន្យាផ្ដល់មូលនិធិ ចំនួនជាង១.៥ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូច ចំពេលមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ