កូវីដ១៩នៅភីលីពីន

ហ្វីលីពីន​កំពុង​បារម្ភ​ខ្លាច​ស្ថានភាព​កូវីដ-១៩​ជ្រុល​ផុងខ្លួន​ដូច​នៅ​ឥណ្ឌា


ស្របពេលដែលឃើញគំរូប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងមាត់ជ្រោះមហន្ដរាយដោយសារកូវីដ-១៩ ប្រទេសហ្វីលីពីនឯណោះវិញ ក៏កំពុងភ័យបុកពោះកាន់តែខ្លាំងដែរ ដោយអ្នកជំនាញសុខាភិបាលកំពុងបារម្ភថា ស្ថានការណ៍កូវីដ-១៩នៅក្នុងប្រទេសនេះអាចនឹងវិវត្តទៅដូចនឹងស្ថានការណ៍នៅប្រទេសឥណ្ឌាដែរ ដ្បិតថាចំនួនអ្នកឆ្លងកូវីដ-១៩នៅហ្វីលីពីនកំពុងកើនឡើងជាបន្ដបន្ទាប់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
ពលរដ្ឋភីលីពីនជាច្រើននាក់កំពុងរងចាំយកសំណាកតេស្តកូវីដ១៩
ដោយ

អាជ្ញាធរ​ហ្វី​លី​ពី​ន និង អ្នកជំនាញ​របស់​ខ្លួន​បាន​ព្រមាន​ថា ហ្វី​លី​ពី​ន​កំពុង​ប្រឈម​មុខ​នឹង​ស្ថានការណ៍​អាក្រក់ ស្រ​ដៀង​ទៅ​នឹង​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន​។

អ្នកជំនាញ​ហ្វី​លី​ពី​ន​បាន​ទាញ​សញ្ញា​អាក្រក់​ដូចនេះ នៅ​ក្រោយ​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ដល់​ប្រមាណ ១​ម៉ឺន​ករណី ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ហ្វី​លី​ពី​ន​កើន​លើស ១​លាន​នាក់ និង មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ជិត​២​ម៉ឺន​នាក់​។ ហើយ​បើ​គិត​ត្រឹម​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ហ្វី​លី​ពី​ន​ជា​មធ្យម​មាន​មាន​ចន្លោះ​ពី ៧ ទៅ​៨​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។

នៅ​តាម​មន្ទីរពេទ្យ​ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រែ​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ជាង​៨០%​ទៅ​ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់ ខណៈ​ដែល​អ្នកជំនាញ​បារម្ភ​ថា ការ​ឆ្លង​ដ៏​លឿន​រហ័ស និង​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ អាច​ដោយសារ​តែ​មាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ណាមួយ បាន​និង​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​របស់​ហ្វី​លី​ពី​ន​។ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ហ្វី​លី​ពី​ន​ក៏​បាន​ប្រកាស​រក​ឃើញ​នូវ​មេរោគ​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី​ដែល​មាន​ប្រភព​មក​ពី​អង់គ្លេស​ផង​ដែរ​។

បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ក្នុងស្រុក​ហ្វី​លី​ពី​ន​បញ្ជាក់​អះអាង​ថា បញ្ហា​ឆ្លង​រាលដាល​នៅ​ក្នុង​កន្លែងធ្វើការ​កំពុង​ក្លាយជា​ការ​លំបាក​កាន់តែ​ខ្លាំង​សម្រាប់​អាជ្ញាធរ​ហ្វី​លី​ពី​ន​ក្នុង​ការ​ទប់ស្កាត់ នៅ​គ្រា​ដែល​ហ្វី​លី​ពី​ន​ត្រូវការ​បើក​ដំណើរការ​សេដ្ឋកិច្ច​ពាណិជ្ជ ដើម្បី​ស្ដារ​កំណើន​ងើបឡើង​វិញ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​កាលពី​ឆ្នាំ​មុន​។

ប៉ុន្ដែ អ្វី​ដែល​គេ​ព្រួយបារម្ភ​នោះ គឺ​ត្រង់​ថា អ្នក​ដែល​បាន​ឆ្លង​កូ​វី​ដ​-១៩​ពី​កន្លែងធ្វើការ​ទាំងនោះ បាន​បន្ដ​ចម្លង​មក​កាន់​អ្នក​ផ្ទះ និង សហគមន៍​ផ្សេង​ៗ​កាន់តែ​ច្រើន​ឡើង ដែល​ពិបាក​ក្នុង​ការ​តាមដាន​គ្រប់គ្រង​។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ មក​ទល់​ពេល​នេះ ហ្វី​លី​ពី​ន​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​សរុប​ប្រមាណ​ជិត​២​លាន​នាក់ ខណៈ​ដែល​លោក​ដុត​ទ័​រ​តេ ប្រធានាធិបតី​ហ្វី​លី​ពី​ន ក៏​ធ្លាប់​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក បាន​ទិញ​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​៧០​លាន​នាក់ ហើយ​វ៉ាក់សាំង​ទាំងនោះ​នឹង​មក​ដល់​ហ្វី​លី​ពី​ន​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​។

សូម​បញ្ជាក់​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩ ជុំវិញ​ពិភពលោក​បាន​កើន​ដល់​ជាង ១៥៣​លាន​នាក់ ស្លាប់​ជាង ៣​លាន​នាក់ និង​ជា​សះស្បើយ​ជាង ១៣០​លាន ដោយ​ក្នុង​នោះ ប្រទេស​ឥណ្ឌា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​របស់​ពិភពលោក​ខ្លាំង​ជាងគេ​បន្ទាប់​ពី​អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ មាន​រក​ឃើញ​រាប់​សិប​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណបក្សរបស់លោកម៉ូឌី ចាញ់ឆ្នោតក្នុងរដ្ឋធំលំដាប់ទី៤នៅឥណ្ឌា

ព័ត៌មាន
បើទោះបីជាកូវីដ-១៩នៅតែបន្ដរីករាលដាលខ្លាំង ប៉ុន្តែការបោះឆ្នោតនៅឥណ្ឌាក៏នៅតែបន្ដធ្វើឡើងដដែល ហើយលទ្ធផលឆ្នោតក៏បានចេញជាបណ្ដើរៗហើយដែរ។ ជាក់ស្ដែ…

ក្រោយដាំក្បាលចុះ ១៨ខែជាប់ៗគ្នា សេដ្ឋកិច្ចហុងកុងចាប់ផ្ដើមស្ទុះងើបឡើងវិញហើយ

ព័ត៌មាន
នៅទីបំផុតសេដ្ឋកិច្ចរបស់តំបន់រដ្ឋបាលពិសេសស្វយ័ត ហុងកុងបានបង្ហាញពីសញ្ញាល្អឡើងវិញ នៅត្រីមាសទី១ឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចអស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ