លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាសង្កេតឃើញថា វិស័យពុះដីឡូតិ៍ហាក់រងផលប៉ះពាល់ខ្លាំង ក្រោយកម្ពុជាផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមកទល់ពេលនេះ មានរយៈពេលប្រមាណពីរខែហើយ។ អ្នកជំនាញរូបនេះពន្យល់ថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនរកស៊ីលើវិស័យនេះរងផលប៉ះពាល់ខ្លាំង ព្រោះអ្នកទិញដីឡូតិ៍ភាគច្រើនជាប្រជាពលរដ្ឋ ដែលមានចំណូលកម្រិតទាប ឬមធ្យម ខណៈដែលបច្ចុប្បន្នពួកគេភាគច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ
ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia សង្កេតឃើញថា សកម្មភាពទិញលក់ពុះដីឡូតិ៍ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពោលគឺការទិញលក់ដីឡូតិ៍ មានសញ្ញាធ្លាក់ចុះនេះ តាំងពីមុនពេលមានកូវីដ-១៩ឆ្លងរីករាលដាលទៅទៀត។
លោកស្រី បានបន្ថែមថា មូលហេតុដែលធ្វើឲ្យការពុះដីឡូតិ៍មានការធ្លាក់ចុះដោយសារអតិថិជនមួយចំនួនគិតថា ការទិញដីឡូតិ៍ចំណាយពេលយូរ និង ទទួលបានប្រាក់ចំណេញតិច គួបផ្សំមានក្រុមហ៊ុនមួយចំនួន ដែលរកស៊ីមិនស្របច្បាប់ បានបោកប្រាស់អតិថិជន ដែលធ្វើឲ្យប្រជាពលរដ្ឋហាក់បាត់បង់ទំនុកចិត្ត។
មិនមែនមានតែក្រុមហ៊ុនរកស៊ីលើការពុះដីឡូតិ៍លក់នោះទេ ដែលរងផលប៉ះពាល់ សូម្បីតែក្រុមហ៊ុនវិនិយោគលើការសាងសង់ខុនដូ ផ្ទះវីឡា និងលំនៅឋានមានតម្លៃថ្លៃៗ ក៏រងផលប៉ះពាល់ខ្លាំងផងដែរ។ អ្នកជំនាញអចលនទ្រព្យសង្កេតឃើញថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនសូវឃើញមានក្រុមហ៊ុនបោះទុនអភិវឌ្ឍន៍គម្រោងថ្មីៗនោះទេ។ ប៉ុន្ដែ បើមើលលើតម្លៃអចលនទ្រព្យវិញ គឺមិនមានការស្រុតខ្លាំងនោះទេ ពោលគឺហាក់នៅទ្រឹងដដែល។
សូមបញ្ជក់ថា គិតមកទល់ពេលនេះមានរយៈពេលពីរខែហើយ ដែលព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបន្តអូសបន្លាយនៅកម្ពុជា ខណៈដែលចំនួនអ្នកឆ្លងនៅមិនទាន់មានការស្រាកស្រាន្ដខ្លាំងនៅឡើយទេ ពោលគឺនៅតែមានខ្ទង់រយនាក់នៅប៉ុន្មានថ្ងៃមកនេះ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២១ ខែមេសា កម្ពុជារកឃើញអ្នកឆ្លងថ្មីជាង៣០០នាក់បន្ថែមទៀត ខណៈដែលអ្នកស្លាប់មានចំនួន ៥នាក់ទៀតហើយ។ សរុបអ្នកឆ្លងកូវីដ-១៩ ដែលកម្ពុជាបានរកឃើញមានមានជាង ៧ពាន់៧រយនាក់ ក្នុងនោះអ្នកជាសះស្បើយចំនួនជិត២ពាន់៨រយនាក់ ខណអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ៥៤នាក់៕