ផែនការ​យុទ្ធសាស្ត្រ​ស្ដារសេដ្ឋកិច្ច

តើកម្ពុជា​គួររៀបចំ​ផែនការ​ស្តារសេដ្ឋកិច្ចឡើងវិញដោយរបៀបណា ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩​នេះ?


ជិត១ឆ្នាំហើយ ដែលមេរោគរាតត្បាតកូវីដ-១៩បានបង្កព្យុះភ្លៀង និងធ្វើឲ្យង្គោះរង្គើដល់សេដ្ឋកិច្ចសកលលោក ហើយវិបត្តិមួយនេះ នៅមិនទាន់រលាយផុតរលត់ពីភពផែនដីនៅឡើយនោះទេ។ បណ្តាប្រទេសទាំងអស់នៅលើពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងទប់ទល់ជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ។ ក្នុងអំឡុងពេលនៃការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះដែរ ប្រទេសនីមួយៗនៅក្នុងពិភពលោក រាប់ទាំងប្រទេសកម្ពុជាយើងផងដែរនោះ បាននិងកំពុងសិក្សាគិតគូររៀបចំផែនការ និង យុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច និងផ្សាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា និងគ្នាឡើងវិញផងដែរ។
អគារខ្ពស់ៗកំពុងសាងសង់នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

មិនបានរៀបរាប់​ច្រើន​ពីបញ្ហា​ផលប៉ះពាល់​សេដ្ឋកិច្ច​ពិភពលោក​ដោយសារ​កូវីដ​នោះទេ ឥឡូវនេះ យើងក្រឡេក​ទៅមើលផែន​ការ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជាឲ្យ​លម្អិតបន្តិច​សិន។ កិច្ចការ​ដ៏សំខាន់នេះ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវធ្វើឱ្យ​បានឆាប់ និងម៉ត់ចត់ ត្រឹមត្រូវ និង គ្រប់ជ្រុយជ្រោយ ដើម្បីធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​អាចងើប​ឡើងវិញ​បាន​ឆាប់រហ័ស ដោយមិន​រង់ចាំ​រហូតដល់​ពេល​ដែល​ជំងឺកូវីដ-១៩ ត្រូវបាន​បញ្ចប់​នោះទេ ពោលគឺ​យើងអាច​ត្រូវចេះ​រៀនរស់​នៅជាមួយ​នឹងជំងឺនេះ។

តើគេត្រូវស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ដោយ​របៀបណាខ្លះ? ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញនេះ អាចនឹងធ្វើ​ឡើងជា ០២ ដំណាក់កាល​ដោយ​ដំណាក់​កាលទី១ គឺផែនការ​ត្រៀមខ្លួន​ សម្រាប់​ចាប់ពី​ឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ដោយបន្ត​ផ្តោត​លើការ​ប្រយុទ្ធ​នឹងជំងឺ​កូវីដ-១៩ ការទ្រទ្រង់ និងស្តារ​អាជីវកម្ម​ ការបង្កើត​ការងារ​និងការបន្ត​ជួយដល់​ជនដែល​ងាយ​រងគ្រោះ​ពីជំងឺកូវីដ-១៩​ តាមរយៈកម្មវិធី​ជំនួយ​សង្គម​របស់​រាជរដ្ឋាភិបាល។ 

ថ្វីត្បិតតែយើង​ត្រូវបែង​ចែក​ធនធាន​មួយចំណែក​ដ៏ធំ​របស់ជាតិ សម្រាប់​អន្តរាគមន៍​ក្នុងវិស័យ​សង្គមកិច្ច​ក្តី​ តែយើង​ក៏មិនដកថយ​ក្នុងការបង្កើន​ការវិនិយោគ​លើវិស័យ​ហេដ្ឋារចនាសម័ន្ធ​រូបវ័ន្ត​សំខាន់ៗ ដូចជា គមនាគមន៍​ដឹកជញ្ជូន និងឡូជីស្ទិក អគ្គិសនី និង បច្ចេកវិទ្យា ឌីជីថល​ជាដើម ដើម្បីបង្កើនភាព​ប្រកួតប្រជែង។ ទន្ទឹមនឹងនេះ យើងក៏ត្រូវ​ធ្វើកិច្ចការ​មួយបន្ថែម​ចំនួនទៀត ដើម្បី​សម្រួល​ដល់លំហូរទំនិញ សេវា និងមនុស្ស កុំឱ្យមាន​ការប៉ះពាល់ ឬ​រអាក់រអួល។

ដំណាក់កាលទី២ គឺផែនការ​ងើប​ឡើងវិញ សម្រាប់ចាប់ពី​ឆ្នាំ២០២២ តទៅ ដោយបន្ត​ផ្តោត​លើការ​បង្កើនភាព​ប្រកួតប្រជែង, ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងការពង្រឹង​សមត្ថភាព​ស្ថាប័ន ព្រមទាំង​ការបង្កើន​ការវិនិយោគ​សាធារណៈ ដើម្បីទាក់ទាញ​វិនិយោគឯកជន​ឱ្យកាន់តែ​បានច្រើន​ថែមទៀត។ នេះបើតាម​អ្នកជំនាញ​រៀបចំផែន​ការ​យុទ្ធសាស្រ្ត​គោលនយោបាយ​សេដ្ឋកិច្ច​ជាតិ។

ជុំវិញទៅនឹង​ផែនការ​ស្តារសេដ្ឋកិច្ច​កម្ពុជា​ឡើងវិញនេះដែរ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជា​សេនាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃ រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​សិក្សា​គិតគូរ​រៀបចំ​ផែនការ និងយុទ្ធសាស្រ្ត​ស្តារសេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បានមាន​ប្រសាសន៍ថា ការរៀបចំ​ផែនការ​ស្តារសេដ្ឋកិច្ច​ឡើងវិញខាងលើនេះ នឹងត្រូវ​ផ្តោតលើ​គោលការណ៍​ណែនាំ​សំខាន់ៗចំនួន ០៣ ទី១ការស្វែងយល់ និងកំណត់និន្នាការ ឬ​ប្រក្រតីកម្មថ្មី របស់​ពិភពលោក បានន័យថា ពិភពលោក​ក្រោយវិបត្តិ​ជំងឺ​កូវីដ-១៩ អាចនឹងមិន​ដូចពិភពលោក​នៅមុនពេល​វិបត្តិ​ជំងឺកូវីដ-១៩ នោះទេ ហើយ​សកម្មភាព​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ពិភពលោក ក៏នឹងត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ។

ក្នុងន័យនេះ ពិភពលោក​ក្រោយវិបត្តិកូវីដ-១៩ គឺជាពិភពលោក​មួយ ដែលមាន​កំណើនទាប មានទំនាក់ទំនង​ពាណិជ្ជកម្ម​តិចជាងមុន និងមានការ​គាំពារនិយម​កាន់តែច្រើន​ជាងមុន ជាពិសេស​ការផ្លាស់ប្តូរ​នៃខ្សែចង្វាក់​ផលិតកម្ម​ពីកម្រិត​ពិភពលោក មកកម្រិត​តំបន់ និងពីកម្រិតតំបន់​ដល់កម្រិត​ប្រទេស​នីមួយៗវិញតែម្តង ជាពិសេស​ចំពោះ​មុខទំនិញ​ដែលមានចរិត​យុទ្ធសាស្រ្ត​របស់​ជាតិ ដូចជា ម្ហូបអាហារ ថ្នាំពេទ្យ ស្បៀង អាវុធ គីមី និងបច្ចេកវិទ្យា ជាដើម។

ទន្ទឹមនឹងនេះ មនុស្ស​ក៏ចាប់ផ្តើមផ្លាស់ប្តូរ និងចេះរស់​នៅតាម​របៀបថ្មី ដោយក្នុងនោះ នឹងមាន​ការប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែច្រើន ហើយការថែទាំ និងបង្ការជំងឺ ក៏នឹងកាន់​តែធំ​ជាងមុន ដែលជា​ហេតុ​ធ្វើឱ្យមាន​តម្រូវការថ្មី ក្នុងខ្សែ​ចង្វាក់​នៃការផ្គត់ផ្គង់ និងសេវាកម្ម។ ជាមួយគ្នានេះ ការប្រែប្រួល​អាកាសធាតុ ក៏នៅតែជា​បញ្ហាប្រឈម​របស់​មនុស្សជាតិ និងប្រទេស​នីមួយៗ ហើយក្នុង​ករណីខ្លះ ការប្រែប្រួល​នៃ​អាកាសធាតុ ក៏បានបង្កើត​ជាជំងឺខ្លះ​ឥតឈប់ឈរ​ផងដែរ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ត្រង់កន្លែងនេះ​ សូមបញ្ជាក់បន្តិច​ផងដែរថា ដោយសារការ​រីករាលដាល​ខ្លាំង​នៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យវិស័យ​បច្ចេកវិទ្យា​មានសន្ទុះ​រីកចម្រើន និងការអភិវឌ្ឍ ក្នុងល្បឿន​មួយដ៏លឿន​ជាងពេល​ណាៗ​ទាំងអស់។ ដូច្នេះ កម្ពុជាមិនអាច​ឃ្លាតចេញ​ពីនិន្នាការ​ពិភពលោក​ថ្មី​ខាងលើ​នេះបានទេ។ ក្នុងន័យនេះ កម្ពុជាត្រូវរកឱ្យ​ឃើញ​នូវនិន្នាការ​ទាំងឡាយ ដែលអាចបង្ក​ឱ្យមានបញ្ហា​ប្រឈម និងប៉ះពាល់ខ្លាំង​ដល់កម្ពុជា ដើម្បីដាក់ចេញ​នូវយុទ្ធសាស្រ្ត​ទប់ទល់ និងសម្រាល​នូវការប៉ះទង្គិច និងត្រូវរកឱ្យ​ឃើញ​នូវនិន្នាការ​ទាំងឡាយណា ដែលអាចបង្កើត​ជាឱកាសដល់កម្ពុជា ដើម្បីអាចប្រើប្រាស់​នូវឱកាស​ទាំងនោះ​ឱ្យអស់​ពីសក្តានុពល។

ទី២ការកំណត់​បរិការណ៍ក្នុងស្រុក ទន្ទឹមនឹងនិន្នាការ​ពិភពលោកថ្មី ដែលជាបរិការណ៍​ក្រៅប្រទេស​ខាងលើនេះ​កម្ពុជា​ក៏ត្រូវពិនិត្យ និងវាយតម្លៃ​ឡើងវិញ​នូវស្ថានភាព​រួមរបស់​ប្រទេស, សក្តានុពល​ដែលមាន កម្លាំង​ធនធាន និងបញ្ហា​ប្រឈម​ទាំងឡាយ​នៅក្នុង​ស្រុកផងដែរ ដើម្បីអាច​ដាក់ចេញ​នូវិធានការ​អន្តរាគមន៍​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ គួបផ្សំ​នឹងប្រព័ន្ធ​អេកូមួយ ដែលសមស្រប បត់បែន និងឆ្លើយតប​ទៅនឹង​ទាំងបរិការណ៍​ក្រៅស្រុក និងក្នុង​ស្រុក។

ជាមួយគ្នានេះ វិធានការ​អន្តរាគមន៍​ក្នុងស្តារ​សេដ្ឋកិច្ច​ឡើងវិញនេះ ត្រូវតែ​ធ្វើឡើង​ដោយឈរ​លើគោលការណ៍​សម្រិត​សម្រាំងខ្ពស់ ដើម្បីកំណត់​វិស័យ​ណា​ដែលចរិត​ជាយុទ្ធសាស្រ្ត តាមដំណាក់កាល​នីមួយៗ ស្របតាមផែនការ​ច្បាស់លាស់ ព្រោះរដ្ឋមិនអាច​ធ្វើអន្តរាគមន៍​គ្រប់វិស័យ​ទាំងអស់ ក្នុងពេល​តែមួយ​បាននោះទេ។

ទន្ទឹមនឹងនេះ ការរៀបចំក្រប​ខណ្ឌស្ថាប័នឱ្យកាន់​តែរឹងមាំ សក្តិសិទ្ធភាព និងមានប្រសិទ្ធភាព គឺជាកត្តា​គន្លឹះ ដើម្បីឱ្យ​យន្តការ​សេដ្ឋកិច្ចទីផ្សារ​អាចដំណើរការ​បានរលូន ក្នុង​ការបែងចែក និងប្រើប្រាស់​ធនធាន​របស់​ជាតិ​ឱ្យកាន់តែ​មានប្រសិទ្ធភាព និង ទី៣ ការកៀរគរ​ធនធាន​ដើម្បីគាំទ្រ​ដល់ការអនុវត្ត​ផែនការ​ស្តារសេដ្ឋកិច្ច​ឡើងវិញ កម្ពុជាត្រូវតែ​មានធនធាន​គ្រប់គ្រាន់ ទាំងធនធាន​ហិរញ្ញវត្ថុ និងទាំង​ធនធាន​មនុស្ស។

ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រដ្ឋចាំបាច់​ត្រូវហ៊ាន​បង្កើន​ចំណាយ​ធំជាងមុន តាមរយៈ​ការបង្កើន​ការខ្ចីបន្ថែម និងការកៀរគរ​ធនធាន​ពីវិស័យ​ឯកជន។ ចំពោះ​ការខ្ចីពីក្រៅ​បន្ថែម គឺកម្ពុជា​មិនពិបាកនោះទេ ដោយសារកម្ពុជា​នៅសល់​លំហរច្រើន​សម្រាប់​បង្កើន​ការខ្ចីបន្ថែម ព្រោះបន្ទុក​បំណុល​ក្រៅប្រទេស​របស់យើង​នៅតិចនៅឡើយ ហើយបច្ចុប្បន្ន​ក៏មានដៃគូរ​ជាច្រើន​ចង់ឱ្យកម្ពុជា​ខ្ចីបន្ថែមផងដែរ។ ដោយឡែក ចំពោះការខ្ចី​ពីទីផ្សារ​ក្នុងស្រុកវិញ ក៏ជាសក្កានុពល​មួយដ៏ធំ​ផងដែរ តែកម្ពុជានៅ​ពុំទាន់បានខ្ចី​ពីផ្សារ​នេះនៅឡើយ។ ដូចនេះ ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ​ឱ្យកាន់តែ​រឹងមាំ និងមានចីរភាព គឺជាកត្តា​គន្លឹះ​មិនអាចខ្វះបាន។

ឯកឧត្តម វង្សី វិស្សុត​បានបន្តថា ការបង្កើន​ទំហំ​ចំណាយ​តែមួយមុខ នៅមិនទាន់​អាចដោះស្រាយ​បញ្ហាបានទាំងស្រុង​នៅឡើយទេ តែអ្វីដែល​សំខាន់​ជាងនេះ គឺត្រូវចាយ​ឱ្យចំមុខ តាមនីតិវិធី និងមានប្រសិទ្ធភាព។ លើសនេះទៀត យើងចាំបាច់​ត្រូវប្រមូល​ធនធាន​ទាំងអស់​ដែលមាន និងតម្រង់ទិស​ការប្រើប្រាស់​ធនធាន​ទាំងនេះ ឱ្យអស់​លទ្ធភាព និងមាន​ប្រសិទ្ធភាព តាមរយៈការបង្កើត​ក្របខណ្ឌ និងប្រព័ន្ធ​អេកូមួយ​សមស្រប ដែលអាចផ្តល់​នូវទំនុកចិត្ត ការលើកទឹកចិត្ត និងទាក់ទាញ​ការចូលរួម​ពីគ្រប់​តួអង្គ​ទាំងអស់ ទាំងរដ្ឋ និងទាំង​វិស័យ​ឯកជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ការវិនិយោគ​ដែលមាន​ប្រភពទុន​ពីក្រៅប្រទេស​អាចមាន​ការថមថយ​ចុះ​មួយរយៈ តែការវិនិយោគ​ដែលមាន​ប្រភពទុន​ក្នុង​ស្រុកវិញ នៅមាន​សក្កានុពលធំ ដែលយើង​គប្បីត្រូវ​ចេះទាក់ទាញ និងប្រើប្រាស់​ការវិនិយោគ​នេះនៅក្នុងវិស័យ​ផលិតកម្ម និងវិស័យ​ដែលជា​ដង្ហើម​នៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើង​ផងដែរថា ក្របខណ្ឌយុទ្ធសាស្រ្ត​ថវិកា និងយុទ្ធសាស្រ្ត​សម្រាប់​គ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​សេចក្តី​ព្រាងច្បាប់​ស្តីពីភាព​ជាដៃគូ​រវាងរដ្ឋ និងឯកជន និងច្បាប់​វិនិយោគ​ថ្មីជាដើម ដែលត្រូវនឹង​ប្រកាស​ឱ្យប្រើ​នាពេល​ខាងមុខ​នេះ នឹងក្លាយ​ជាឧបករណ៍​ដ៏សំខាន់ សម្រាប់ផ្តល់​លទ្ធភាព​ទាំង​សម្រាប់រដ្ឋ និងទាំងសម្រាប់​ឯកជន ដើម្បីបង្កើន​ការវិនិយោគ​បន្ថែម។

ម្យ៉ាងវិញទៀត កម្ពុជាក៏ត្រូវចេះ​ប្រើប្រាស់​ធនធាន​មនុស្ស ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ ដោយម្ខាង​បែងចែក និងប្រើប្រាស់​ធនធាន​មនុស្ស​ឱ្យចំទិសដៅ និងម្ខាងទៀត ត្រូវលើក​កម្ពស់​ផលិតភាព​តាមរយៈ​ការបង្កើន​គុណភាព​ការអប់រំ និងជំនាញ​បច្ចេកទេស។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវ​គ្រប់គ្រង និងប្រើប្រាស់​ធនធាន​ធម្មជាតិ ដោយភាព​ឆ្លាតវៃ ដើម្បីបង្កើត​តម្លៃ ឬចំណូល​បន្ថែម ដោយម្ខាងធានា​ឱ្យមាននូវ​  ចីរភាពខាង​ផ្នែកបរិស្ថាន និងម្ខាងទៀត ដើម្បីបាន​ផលចំណេញ​ដល់សេដ្ឋកិច្ច៕

None



អត្ថបទបន្ទាប់


ម៉ូតូហុងដាឌ្រីមស៊េរីថ្មី​បាន​ដឹកដល់​ផ្ទះ​អតិថិជន អម្រឹត ដែល​បាន​បង់ប្រាក់​កម្ចី​តាមវីង

ចូលរួមអបអរសាទរដល់ អ្នកស្រី សំ ពឿយ រស់នៅខេត្តបាត់តំបង បានក្លាយជាអតិថិជនមានសំណាងឈ្នះម៉ូតូហុងដាឌ្រីមសេរី២០២០ប្រចាំខែកក្កដា ក្រោយពីបានទូទ…

វៀតណាម រកបានចំណូល ២,២ពាន់លានដុល្លារ ពីការនាំចេញអង្ករ នៅ៨ខែឆ្នាំ២០២០

គិតចាប់ពីខែមករា ដល់ខែសីហាកន្លងទៅនេះ ប្រទេសវៀតណាម សម្រេចបានការនាំចេញអង្ករជាង ៤,៥ លានតោន ដែលគិតជាទឹកប្រាក់សរុបជាង ២,២ ពាន់លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ