ទោះជាយ៉ាងណាបើមើលក្នុងទិដ្ឋភាពជារួម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីក្ដីរំពឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ នឹងរក្សាបាននូវកំណើនវិជ្ជមានដដែលទែ។ ហេតុអ្វីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុហ៊ានធានាអះអាងយ៉ាងដូច្នេះ? តើវាមានកត្តាអ្វីខ្លះ ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជានៅតែបន្ដរក្សាបានកំណើនវិជ្ជមាននៅឆ្នាំ២០២១នេះ?
បើយើងក្រឡែកទៅមើលរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ចនៅខែឧសភាឆ្នាំ២០២១ ដែលទើបចេញផ្សាយនៅដើមខែកក្កដានេះ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នៅតែមានក្តីរំពឹងថា នឹងមានកំណើនវិជ្ជមាន ដោយសារតែការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល និង សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា។ មួយវិញទៀត កំណើនសេដ្ឋកិច្ចកម្ពុជាវិជ្ជមាននេះ នឹងបានមកពីកំណើនតម្រូវការផលិតផលកសិកម្ម និង លទ្ធភាពនៃការបង្វែរការបញ្ជាទិញ និង រោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជាជាដើម។
សូមរម្លេចត្រង់នេះបន្តិច ដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មធំៗរបស់កម្ពុជាមានដូចជា អាមេរិក អឺរ៉ុបពិសេសបងធំចិនហ្នឹងឯងដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ដល់ទៅ ៨,៥ភាគរយក្នុងឆ្នាំនេះបើតាមការព្យាការចុងក្រោយថ្មីៗនេះ ពីធនាគារពិភពលោក និង សេដ្ឋកិច្ចអាមេរិកឆ្នាំនេះ មានកំណើនជុំវិញ ៧ភាគរយ និង សេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុប ត្រូវបានព្យាករថា នឹងកើន៤,២% នៅឆ្នាំ២០២១ និងឆ្នាំ២០២២កើនដល់ ៤,៤%។
ដ្បិតថាការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរអន្តរជាតិ រួមទាំងសកម្មភាពសំណង់ និង ទុនវិនិយោគមានការដាំក្បាលចុះក៏ពិតមែន ប៉ុន្ដែ បើមើលទៅលើការនាំចេញផលិតផលក្រៅពីសម្លៀកបំពាក់កាត់ដេរ គឺនៅតែរក្សាបានកំណើនល្អដដែល។ ដូចជាការនាំចេញកង់ គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មជាដើម។ នេះបើតាមកាបញ្ជាក់នៅរបាយការណ៍ក្រសួងសេដ្ឋកិច្ចដដែល។
ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា អាចវាយតម្លៃបានថា អាចទប់ទល់បាន តែយ៉ាងណាវាមិនល្អដូចការរំពឹងទាំងស្រុងនោះទេ។ ឯកឧត្តមវង្សី វស្សុត បានបញ្ជាក់ទៀតថា រយៈពេល៥ខែដំបូងឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ បើទោះបីជារងផលប៉ះពាល់ពីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈក៏ដោយចុះ។
មន្ត្រីជាន់រាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ថា បើសិនស្ថានភាពកូវីដ-១៩ ត្រូវគ្រប់គ្រងបានឆាប់ៗ ហើយសេដ្ឋកិច្ចកម្ពុជាអាចងើបប្រសើរឡើងវិញត្រឹមខែកញ្ញា ឬខែតុលាខាងមុខ នោះគោលដៅកំណើន៤% ទំនងជាអាចសម្រេចបាន។ ប៉ុន្ដែ បើស្ថានភាពកូវីដ-១៩រីករាលដាលខ្លាំងនៅបន្ដយូរទៀត នោះគោលដៅកំណើននេះ អាចនឹងពិបាកសម្រេចហើយ។
តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ការនាំចេញទំនិញសរុបរបស់កម្ពុជានៅ រយៈពេល៥ខែ ឆ្នាំ២០២១ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លា ស្មើនឹងជិត ២១% នៃ ផលិតក្នុងស្រុកសរុបពោលបានកើនឡើង១,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនេះ ការនាំចូលទំនិញ ដោយដកមាសចេញ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ៩ពាន់លានដុល្លា ស្មើនឹងជាង ៣០% នៃផលិតក្នុងស្រុកសរុប បានកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ដោយឡែកបើមើលទៅលើស្ថានភាពវិនិយោគនៅកម្ពុជាក្នុងរយៈពេល ៥ខែដំបូងឆ្នាំ២០២១នេះវិញ គឺមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានត្រឹមតែ ៤៥គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៤៧% ខណៈទុនវិនិយោគវិញ មាន៨២៥លានដុល្លារ ធ្លាក់ចុះជិត ៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា ធនាគារពិភពលោក នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២១នេះ បានរក្សាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងកំណើន៤% ក្នុងសេណារីយ៉ូ គោល ប៉ុន្តែជាមួយគ្នានេះ ធនាគារពិភពលោកក៏បានព្រមានផងដែរថា សេដ្ឋកិច្ចកម្ពុជា គឺកំពុងស្ថិតក្នុងភាពផុយស្រួយនៅឡើយទេ ដោយសារភាពមិនប្រាកដប្រជានៃកូវីដ-១៩ មានន័យថា ប្រសិនបើលក្ខខណ្ឌអាក្រក់បំផុតណាមួយកើតឡើង ពោលគឺក្នុងសេណារីយ៉ូទាបបំផុត កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងមានត្រឹមតែ ១%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១នេះ៕