ក្រសួងហិញ្ញវត្ថុរអាមេរិកបានបញ្ជាក់កាលពីសប្តាហ៍មុនថា រាល់ប្រតិបត្តិការណាមួយពាក់ព័ន្ធនឹងមាសរបស់ធនាគារកណ្តាលរបស់រុស្ស៊ី គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដែលមានស្រាប់ទាំងអស់ ហើយនេះគឺជាជំហានចុងក្រោយរបស់អាមេរិកដើម្បីគៀបសង្កត់កំណត់លទ្ធភាពនៃការរកប្រាក់របស់ប្រទេសរុស្ស៊ី ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
ទោះបីជាវាពិបាកសម្រាប់រុស្ស៊ីក្នុងការលក់មាសរបស់ខ្លួនក៏ដោយ ប៉ុន្តែអ្នកវិភាគនិយាយថាបញ្ហាប្រឈមនៃការតាមដានទិញលក់មាសតាមរយៈទីផ្សារទិញលក់មាសបែបប្រពៃណី គឺដាក់តាំងលក់មាសក្នុងហាង គឺនៅមានចន្លោះប្រហោង ដូច្នេះ រុស្ស៊ីអាចមានជម្រើសនេះ សម្រាប់ប្រមូលមូលនិធិជាទុនបម្រុងរបស់ខ្លួន។
បើតាមក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ធនាគារកណ្តាលរបស់រុស្ស៊ីមានមាសជាង ២ ០០០តោនដែលមានតម្លៃប្រហែល ១៤០ ពាន់លានដុល្លារអាមេរិក ហើយនេះគឺជាឃ្លាំងមាសដ៏ធំបំផុតទី៥នៅក្នុងពិភពលោក ដែលជាឃ្លាំងមាសទើបបានបង្កើតឡើងប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ រួមទាំងការទិញមាសពីក្រុមអ្នកផលិតក្នុងស្រុកផងដែរ។ មាសត្រូវបានរក្សាទុកនៅទូទាំងទីក្រុងមូស្គូ និងនៅជុំវិញប្រទេសរុស្ស៊ី។
មាសបង្កើតបានប្រហែល១ភាគ៥នៃទុនបម្រុងរូបិយបណ្ណបរទេសរបស់រុស្ស៊ីដែលរួមបញ្ចូលផងដែរនូវប្រាក់អឺរ៉ូ ប្រាក់ដុល្លារ និងប្រាក់យន់របស់ចិន។ នេះបើយោងតាមតួលេខពីធនាគារកណ្តាលរបស់រុស្ស៊ី។
តើប្រទេសរុស្ស៊ីអាចលក់មាសរបស់ខ្លួនដើម្បីរកប្រាក់បានដែរឬទេ?
ប្រទេសរុស្ស៊ីបានដាក់ការគ្រប់គ្រងដើមទុនជាបន្តបន្ទាប់ ដើម្បីរក្សាស្ថិរភាពប្រាក់រូប្លរបស់ខ្លួនបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចក្នុងគោលបំណងរក្សាតម្លៃរូបិយបណ្ណរូបរបស់ខ្លួនមិនឱ្យធ្លាក់ចុះ។ ប្រាក់រូប្លបានចាប់ផ្តើមមានស្ថិរភាពក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបង្កើនការព្រួយបារម្ភថា កម្លាំងមួយដែលអាចគាំទ្រដល់រូបិយប័ណ្ណឲ្យមានស្ថិរភាពនោះ គឺមានតែប្រទេសដែលទទួលបានរូបិយបណ្ណបរទេស និងលក់រូបិយបណ្ណនេះទៅលើទីផ្សារ។
ក្រុមអ្នកវិភាគកំពុងងឿងឆ្ងល់ថា តើលុយនេះអាចកើនឡើងដោយសារតែមាស ឬយ៉ាងណាបើទោះជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតហើយក៏ដោយ ហើយ ការលក់មាសរបស់រុស្ស៊ីទំនងជាដំណើរការមិនស្រួលនោះទេ ប៉ុន្ដែ ក៏មិនមែនថា មិនអាចទៅរួចនោះដែរ ។
ទណ្ឌកម្មដែលបានផ្ដាច់ទំនាក់ទំនងអង្គភាពរបស់សហរដ្ឋអាមេរិកពីប្រតិបត្តិការជាមួយធនាគារកណ្តាលរបស់រុស្ស៊ីនោះ ក៏បានគ្របដណ្តប់លើការលក់មាសនេះផងដែរ។ មិនតែប៉ុណ្ណោះ ច្បាប់សហព័ន្ធដែលស្នើឡើងដោយក្រុមសមាជិកព្រឹទ្ធសភាអាមេរិកនោះបានអនុវត្តទណ្ឌកម្មបន្ទាប់បន្សំចំពោះអ្នកដែលធ្វើប្រតិបត្តិការ ឬដឹកជញ្ជូនមាសរបស់ធនាគារកណ្តាលរបស់រុស្ស៊ីផងដែរ។
ទោះយ៉ាងណារុស្ស៊ីនៅតែអាចរកឃើញ ឬមានវិធីផ្សេងៗដើម្បីលក់ទុនបំរុងជាមាសរបស់ខ្លួនតួយ៉ាងដូចជាក្នុងពេលកន្លងមក ប្រទេសវេណេហ្ស៊ុយអេឡា បានបញ្ជូនមាសមួយចំនួនរបស់ខ្លួនឆ្លងកាត់ប្រទេសមួយចំនួនមានដូចជា តួកគី និង អ៊ូហ្គង់ដា ជាដើម ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មរបស់អាមេរិក។
ក្រុមអ្នកវិភាគនិយាយថា ប្រទេសរុស្ស៊ីអាចនឹងព្យាយាមប្រើយុទ្ធសាស្ត្រដូចនៅប្រទេសវេណេស៊ុយអេឡាដោយលក់មាសរបស់ខ្លួនទៅឱ្យប្រទេសផ្សេងៗដូចជាចិន ឥណ្ឌា ឬកាហ្សាក់ស្ថាន ជាដើម ឬតាមរយៈអន្តរការីរបស់ខ្លួន។
អ្នកវិភាគបាននិយាយទៀតថា ប្រទេសរុស្ស៊ីនៅតែអាចមានមាសដែលគេបានសន្សំទុកតាំងពីយូរយារណាស់មកហើយ ឬក៏មាសដែលមិនមែនជាផ្នែកនៃទុនបម្រុងផ្លូវការរបស់ខ្លួន ហើយរុស្សីក៏អាចប្រើប្រាស់មាសជាវត្ថុបញ្ចាំ ដើម្បីធានាប្រាក់កម្ចីផងដែរ។
លោក ជេហ្វ្រេយ៍ គ្រីស្ទៀន (Jeffrey Christian) ដែលជាអ្នកជំនាញតាមដានពាណិជ្ជកម្មមាសជាច្រើនទសវត្សរ៍មកហើយនោះបាននិយាយថា រុស្ស៊ី ពិតជាអាចស្វែងរកវិធីដើម្បីអាចលក់មាសរបស់ពួកគេបានមែន ព្រោះមនុស្សគ្រប់គ្នាស្រឡាញ់មាសរាប់ពាន់ឆ្នាំមកហើយ ហើយម្យ៉ាងទៀត ដោយសារតែមានការលាក់ការណ៍ជាសម្ងាត់របស់ពួកគេផងដែរ៕
អត្ថបទ៖ សុខជា