អាមេរិករុស្ស៊ីចោទគ្នារឿងប្រើអាវុធគីមីនៅអ៊ុយក្រែន

ផ្ទុះសង្គ្រាមពាក្យសម្តីនៅក្រុមប្រឹក្សាសន្តិសុខរវាងរុស្ស៊ី និងអាមេរិក ជុំវិញរឿងប្រើអាវុធគីមីនៅអ៊ុយក្រែន


ភាគីរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីលទ្ធភាពនៃការវាយប្រហារដោយអាវុធគីមីក្នុងប្រទេសអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ការប៉ះសម្តីគ្នានេះ មិនមានភាគីណាបានលើកយកភស្តុតាងជាក់លាក់មកដាក់លើតុ ដើម្បីគាំទ្រការចោទប្រកាន់របស់ពួកគេនោះទេ គ្រាន់តែជាការសាចទឹកដាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។បើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ផ្ទុះសង្គ្រាមពាក្យសម្តី ជុំវិញរឿងប្រើអាវុធគីមីនៅអ៊ុយក្រែន

ការ​ផ្ទុះ​សង្គ្រាមពាក្យសម្តី​នៅ​កិច្ចប្រជុំ​បិទទ្វារ​ក្រុមប្រឹក្សា​សន្តិ​អង្គការសហប្រជាជាតិ​បាន​កើតឡើង​នៅ​ពេល​ដែល​រុ​ស្ស៊ី​ចោទប្រកាន់​ថា អ៊ុយ​ក្រែ​ន​មាន​មន្ទីរពិសោធន៍​ជា​ច្រើន ដែល​ឧបត្ថម្ភ​ដោយ​អា​មេ​រិ​ក សម្រាប់​ស្រាវជ្រាវ​ជីវសាស្ត្រ ដើម្បី​ផលិត​ជា​អាវុធ​នៅ​ពេល​អានា​គត​។ រុ​ស្ស៊ី​ក៏​ធ្លាប់​បាន​អះអាង​ដូចនេះ​ម្តង​ដែរ ដោយ​បាន​សំអាង​លើ​ភស្តុ​តាង ដែល​ខ្លួន​បាន​រក​ឃើញ​នៅ​ពេល​ចូល​វាយលុក​អ៊ុយ​ក្រែ​ន​។ 

វា​ជា​លើក​ទី​បី​ហើយ ដែល​រុ​ស្ស៊ី​បាន​លើក​ឡើង​ពី​បញ្ហា​អាវុធ​ជីវសាស្ត្រ ឬ​គីមី ចាប់តាំងពី​បាន​ចាប់ផ្តើម​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា «​ប្រតិបត្តិការ​យោធា​ពិសេស​» កាលពី​ថ្ងៃ​ទី​២៤​ខែកុម្ភៈ​។ បស្ចិម​លោក​និង​អ៊ុយ​ក្រែ​ន ច្រាន​ចោលការ​លើក​ឡើង​របស់​រុ​ស្ស៊ី ថា​ជា​លេស​មិន​ពិត ដើម្បី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក នៅ​តែ​បន្ត​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ប្រើប្រាស់​អាវុធ គីមី​និង​ជីវសាស្ត្រ​នេះ ដោយ​ម៉ូ​ស្កូ​និយាយ​ថា អា​មេ​រិ​ក និង​អង្គការ​ណា​តូ មាន​អាវុធ​ប្រភេទ​នេះ​និង​បម្រុង​បញ្ជូន​ឲ្យ​មក​អ៊ុយ​ក្រែ​ន​ប្រើ​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​រុ​ស្ស៊ី​វិញ​ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច​។ លោកស្រី​បាន​បន្ត​ថា​៖ «​ការ​ព្រួយបារម្ភ​របស់​យើង​គឺថា នេះ​ជា​បុព្វហេតុ​សម្រាប់​ផែនការ​របស់​រុ​ស្ស៊ី​ក្នុង​ការ​ប្រើ​អាវុធ​គីមី​មក​លើ​អ៊ុយ​ក្រែ​ន​ទៅ​វិញ​ទេ​។ 

យ៉ាងណា​ក៏​ដោយ ទាំងនេះ​សុទ្ធ​សឹង​ជា​ការ​លើក​ឡើង​ព្រាល​ៗ រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ដោយ​មិន​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​។ មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​មិន​ទាន់​ឃើញ​ការ​បង្ហាញ​ជាក់ស្តែង​ណាមួយ​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ឬ​ជីវសាស្ត្រ​របស់​រុ​ស្សី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ ប៉ុន្តែ​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​តាម​រយៈ​ក្រុម​ព័ត៌មាន​សម្ងាត់​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មីនា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន​បាន​លើក​ឡើង​ដែរ​ថា វា​មាន​សញ្ញា​ដែល​បញ្ជាក់​ថា រុ​ស្ស៊ី​អាច​នឹង​ប្រើ​អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ​មក​លើ​អ៊ុយ​ក្រែ​ន​។ សញ្ញា ទី​មួយ​នោះ​គឺថា លោកពូ​ទី​ន កំពុង​តែ​ទ័លច្រក​ខ្លាំង​។ ហើយ​ទី​២ គឺ​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​បំផុសបំផុល​ពាក្យ​ចចាមអារ៉ាម ចោទ​អា​មេ​រិ​ក ចោទ​អង្គការ​ណា​តូ និង អ៊ុយ​ក្រែ​ន ថា​មាន​អាវុធ​ប្រភេទ​នេះ ហើយ​ទើប​ចាប់ផ្តើម​ប្រើ​ដោយ​ខ្លួនឯង​តែ​ម្តង​។

លោក​ចូ បៃ​ដិ​ន បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រសិនបើ​រុ​ស្ស៊ី ហ៊ាន​ប្រើ​អាវុធ​កាច​សាហាវ​ទាំង​២​ប្រភេទ​នេះ ទៅ​លើ​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក រួម​ទាំង​ណា​តូ និង​រួម​គ្នា​ឆ្លើយ​តប​ទៅ​រុ​ស្ស៊ី​វិញ​ឲ្យ​ចាស់ដៃ​តែ​ម្ដង​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លំអិត​ទេ ថា​ការ​ឆ្លើយ​តប​វិញ​នោះ គឺ​ធ្វើ​ទៅ​ក្នុង​រូបភាព​បែប​ទណ្ឌកម្មសេដ្ឋកិច្ច ឬ​តាម​ផ្លូវ​យោធា ឬ​បែប​ណា​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែនរំពឹងទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េនឹងកើនខ្ពស់នៅឆ្នាំនេះ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយនឹងកូរ៉េខាងត្បូងនឹងបន្ដកើនឡើងកាន់តែខ្ពស់ថែមទ…

អង្គការ OECDព្យាករថា សេដ្ឋកិច្ចអាស៊ីនឹងកើន៥,៨%នៅឆ្នាំ២០២២ ប៉ុន្តែកំពុងប្រឈមនឹងហានិភ័យវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា សង្គ្រាមនៅអ៊ុយក្រែនបានបន្ថែមកម្រិតអតិផរណា និងហានិភ័យនៃខ្សែចង្វាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ