ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកជំនាញទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអះអាងជាមួយក្ដីសង្ឃឹមយ៉ាងមុតមាំថា ផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញនេះ ពិតជាអាចធ្វើបាន ដោយហេតុថា បច្ចុប្បន្នកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកាន់តែច្រើន ពោលគឺមានរហូតដល់ជាង៨០% នៃផែនការ១០លាននាក់ហើយ ខណៈដែលការចាក់វ៉ាក់សាំងនេះ វាគឺជាជន្ទល់ដ៏រឹងមាំមួយជួយទ្រឲ្យវិស័យទេសចរណ៍អាចស្ទុះងើបឡើងវិញបានពីវិបត្តិកូវីដ-១៩។
ចាប់ពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុបានជួបផលប៉ះពាល់ ក្នុងនោះវិស័យទេសចរណ៍គឺរងទុក្ខខ្លាំងជាងគេ ពិសេសនៅអំឡុងពេលមានការបិទខ្ទប់តំបន់នៅតាមខេត្តមួយចំនួនថ្មីៗនេះ។ យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែសីហា ក្រសួងទេសចរណ៍លិខិតមួយ ដោយបានសម្រេចបន្ដផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរយៈពេល៧ថ្ងៃ រហូតដល់ថ្ងៃទី១៩ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
បើទោះបី ស្ថានភាពកូវីដ-១៩ នៅមិនទាន់ធូរស្បើយខ្លាំងក៏ដោយចុះ ក៏ក្រុមអ្នកជំនាញផ្នែកទេសចរណ៍ នៅតែមានក្ដីសង្ឃឹមខ្ពស់ ចំពោះការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកម្ពុជា ដើម្បីស្ដារវិស័យទេសចរណ៍ ដែលកំពុងបាក់ស្រុតដោយសារតែរលកបោកបក់កូវីដ-១៩។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ថា វិធានការសម្រុកការចាក់វ៉ាក់សាំង ជូនប្រពលរដ្ឋកម្ពុជា គឺជាសញ្ញាមួយជួយជំរុញឲ្យមានការរើបឡើងវិញនៃវិស័យទេសចរណ៍។ ដ្បិតថា រដ្ឋាភិបាលកម្ពុជា មិនទាន់អនុញ្ញាតឱ្យបើកអាជីវកម្មទេសចរណ៍ឡើងវិញក្ដី ប៉ុន្ដែលោកស្រី យល់ថា វិធានការរបស់រដ្ឋាភិបាល នឹងកាន់តែមានភាពធូរស្រាលជាងមុនបន្ដិចម្ដងៗ។ បើតាមប្រធានសមាគមរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា កម្ពុជានៅតែរក្សាជំហ និងជឿជាក់យ៉ាងមុតមាំថា នូវផែនការបើកឡើងវិញឱ្យភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួចអាចចូលមកកម្សាន្ដកម្ពុជា នៅចុងឆ្នាំ២០២១។
ជុំវិញនឹងក្ដីរំពឹងបើកជើងមេឃទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះដែរ ត្រូវបាន ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានអះអាងថា ក្រសួងកំពុងមមាញឹកក្នុងការរៀបចំកែសម្រួលឯកសារនីតិវិធីទទួលទេសចរអន្តរជាតិឱ្យស្របតាមស្ថានភាព ដោយរំពឹងថា ក្រោយពលរដ្ឋកម្ពុជា បានចាក់វ៉ាក់សាំងតាមផែនការកំណត់ និងការរៀបចំនីតិវិធីនេះរួចរាល់ នោះកម្ពុជា អាចនឹងទទួលទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំ២០២១។
វិបត្តិកូវីដ-១៩ ធ្វើឱ្យអាជីវកម្មទេសចរណ៍ ដូចជា ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្មស្ប៉ា និងម៉ាស្សា ប្រមាណ ៣០០០ទីតាំង ទូទាំងប្រទេស ត្រូវបានបិទទ្វារ។ ក្នុងនោះ ក៏មានអាជីវកម្ម មួយចំនួន បើកដំណើរឡើងវិញខ្លះៗ ដែរ។ នេះបើតាមតួលេខដែលផ្ដល់ឱ្យរបស់ប្រធានសមាគមទេសចរណ៍កម្ពុជា៕
អត្ថបទ៖ ខន ណារី