លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានវាយតម្លៃថា ការរក្សាបាននូវស្ថិរភាពប្រាក់រៀល ពិតជាមានសារសំខាន់ណាស់សម្រាប់ជួយធានាស្ថិរភាពសេដ្ឋកិច្ចជាតិ។ លើសពីនេះការរក្សាបាននូវស្ថិរភាពប្រាក់រៀល វានឹងជួយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើប្រាក់រៀល និងមិនភ័យខ្លាចនៅពេលដែលអត្រាប្តូរប្រាក់ដុល្លារមានការប្រែប្រួលឡើងចុះខ្លាំងជាដើម ដ្បិតថា ផ្នត់គំនិតនៃការភ័យខ្លាចនេះ វាក៏ជះផលអវិជ្ជមានដល់សេដ្ឋកិច្ចផងដែរ។
បើតាមអ្នកជំនាញរូបនេះ ទិសដៅរបស់ធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារទាំងមូល នឹងលើកកម្ពស់តម្លៃនៃកាប្រើប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ដើម្បីរក្សាស្ថិរភាពតម្លៃប្រាស់រៀលបន្ថែមទៀត តាមរយៈការបង្កើតឱ្យមានផលិតផល និងសេវាកម្មផ្សេងៗសម្រាប់សម្រួលដល់ការប្រើប្រាស់ប្រាក់រៀល។ ជាក់ស្តែង រហូតមកដល់ពេលនេះ ការផ្តល់ឥណទាន និងប្រាក់សន្សំជាប្រាក់រៀលនៅក្នុងវិស័យធនាគារ គឺមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។ ហើយតាមរយៈលទ្ធផលនេះ លោកជឿជាក់ថា នាពេលខាងមុខសម្ទុះនៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា នឹងកាន់តែមានការកើនឡើងបន្ថែមទៀត។
ជាមួយគ្នានេះលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់កាលពីពេលថ្មីៗថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះលោកជំទាវស្នើឱ្យក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជាតាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល។
បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានាប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។ ជាលទ្ធផលការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិច-ត្រូនិកបានកើនឡើង៤៤% បើធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់ អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិកដែលកើនក្នុងអត្រា៣,១%។
ទន្ទឹមនឹងនេះ លោកជំទាវអះអាងថា នៅពីរទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចមានការកើនឡើងប្រមាណ១៥% នៅក្នុងមួយឆ្នាំ ខណៈការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារមានកំណើន៣៥% និង៣០% រៀងគ្នា។ តែយ៉ាងណាមកទល់ពេលនេះកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្មបាននៅឡើយទេ គ្រាន់តែអាចទប់មិនឱ្យមានការកើនឡើងបន្ថែមទៀតតែប៉ុណ្ណោះ៕