កម្ពុជា-ចិន

តើកម្ពុជារងការប៉ះទង្គិចអ្វីខ្លះ ពីគោលនយោបាយ«គ្មានកូវីដ» របស់ចិន?


ការអនុវត្តគោលនយោបាយគ្មានកូវីដ១៩ របស់រដ្ឋាភិបាលចិន បាននិងកំពុងជិះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រទេសជាច្រើនលើពិភពលោក ដែលពឹងផ្អែកការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីប្រទេសចិន ពិសេសភ្ញៀវទេសចរជនជាតិចិនតែម្ដង។
កម្ពុជារងការប៉ះទង្គិចពីគោលនយោបាយគ្មានកូវីដរបស់ចិនអ្វីខ្លះ
ដោយ

យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជាវិញ ក៏កំពុងរងនូវឥទ្ធិពលមួយចំនួន ដោយសារចិន​បន្តអនុវត្តលើគោលនយោបាយគ្មានកូវីដ១៩ដែរ ពិសេសវិស័យទេសចរណ៍តែម្ដង រួមទាំងគម្រោងសាងសង់មួយចំនួន ដូចជា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី ជាដើម បាននិងកំពុងជួបឧបសគ្គ ក្នុងការសាងសង់ ដោយសារគោលនយោបាយសូន្យកូវីដ១៩ របស់រដ្ឋាភិបាលចិន ខណៈមកទល់បច្ចុប្បន្ននេះ ដំណើរការសាងសង់បានជិត៣៤% ប៉ុណ្ណោះ នៃផែនការ។ នេះបើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ប្រទេសចិន គឺជាទីពឹងផ្អែកយ៉ាងសំខាន់របស់កម្ពុជា ពិសេសនៅក្នុង​វិស័យទេសចរណ៍ និងការនាំចូលវត្ថុធាតុដើម សំខាន់ៗ មួយចំនួន។ ស្របពេលប្រទេសចិន បាននិងកំពុងអនុវត្តគោលនយោបាយគ្មាន​កូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនូវជំងឺកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួន ក៏បានជិះឥទ្ធិពលអវិជ្ជមាន ដល់កម្ពុជា ផងដែរ ។ ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានគូសបញ្ជាក់ពីផលប៉ះពាល់មកលើកម្ពុជា ជុំវិញការអនុវត្តនូវគោលនយោបាយគ្មានកូវីដ១៩ របស់រដ្ឋាភិបាលចិន អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ បើតាមសម្ដេច ហ៊ុន សែន ប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជា ដែលពឹងផ្អែកលើទេសចរចិន នៅតែបន្តរងគ្រោះក្នុងវិស័យទេសចរណ៍ និងពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមមួយចំនួនពីប្រទេសចិន។ លើសពីការរឹតបន្តឹងនូវវិធានការចេញ-ចូល របស់រដ្ឋាភិបាលចិន អំឡុងវិបត្តិកូវីដ១៩ បានធ្វើឲ្យ តម្លៃសំបុត្រយន្តហោះ ក៏បានកើនឡើងជាបន្តបន្ទាប់ ដែលបញ្ហានេះ បានជិះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា និងបណ្ដាប្រទេសដែលពឹងផ្អែកលើទេសចរចិន ផងដែរ។ជុំវិញបញ្ហានេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យទេសចរណ៍ ប៉ុណ្ណោះ ទេវាក៏បានប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី ផងដែរ។ បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ដំណើរការនៃការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី បាននិងកំពុងជួបឧបសគ្គ ដោយសារតែគោលនយោបាយគ្មានកូវីដ១៩ របស់ចិន។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា គិតត្រឹមដំណាច់ខែមិថុនាកន្លងទៅ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបានជិត៣៤​%ហើយ និងរំពឹងទុកថា នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងឈានទៅដល់៥០%។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ក៏បានបង្ហាញពីការព្រួយបារម្ភដែរ ជុំវិញភាពយឺតយ៉ាវនៃដំណើរការសាងសង់ ដោយឯកឧត្តមអះអាងថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងយឺតជាងផែនការ​ដោយសារតែ​គោលនយោបាយសូន្យកូវីដរបស់ចិន ដែលបង្កជាឧបសគ្គដល់ការផ្គត់ផ្គង់សម្ភារ បរិក្ខាសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ និងការឡើងថ្លៃនៃសម្ភារៈមួយចំនួន ជាដើម។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា គោលនយោបាយសេរ៉ូកូវីដរបស់ចិន បានធ្វើឲ្យក្រុមហ៊ុនចិនជាច្រើន ពិបាកក្នុងការធ្វើដំណើរចេញ-ចូល ពិសេសការដឹកជញ្ជូនទំនិញ បរិក្ខារ សម្ភារៈ ដែលផលិតនៅទីក្រុងធំៗ ដូចជា ទីក្រុងសៀងហៃ និងទីក្រុងស៊ិនជិន ជាដើម ដោយសារទីក្រុងធំៗទាំងនេះ ត្រូវបានបិទខ្ទប់ នាពេលកន្លងមក។ ដូច្នេះ សម្ភារបរិក្ខារមួយចំនួន ដែលផលិតនៅទីនោះត្រូវបានគាំង មិនអាចដឹកជញ្ជូនមកកម្ពុជាបាន ដែលធ្វើឲ្យមានបញ្ហាដល់ការអនុវត្តគម្រោង ខណៈបញ្ហានេះ អាចក្លាយជាបញ្ហាប្រឈមនិងរាំងស្ទះដល់ផែនការ ដែលគម្រោងបានកំណត់តាមផែនការ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកនាំពាក្យអាកាសស៊ីវិល នៅតែបង្ហាញក្ដីរំពឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី អាចនឹងបញ្ចប់តាមផែនការកំណត់របស់ក្រុមហ៊ុនចិន ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា ប្រទេសចិន​បច្ចុប្បន្ន បានចាប់ផ្ដើមរឹតបន្ដឹងគោលនយោបាយ​គ្មានកូវីដ១៩​របស់ខ្លួន​ឡើងវិញហើយ ក្រោយពីមានការបន្ធូរបន្ថយ​ត្រឹមរយៈពេលខ្លី។ ការរឹតបន្ដឹងឡើងវិញនេះ ក៏ដោយសារតែឥឡូវនេះ ចិនកំពុងមានរកឃើញករណីឆ្លងកូវីដ១៩​កើនឡើងវិញ ពិសេស​ករណីមេរោគបំប្លែងអូមីក្រុង BA.5 ដែលជាមេរោគមានសមត្ថភាពឆ្លងលឿនជាងមេរោគកូវីដ១៩​បំប្លែងថ្មី​ៗមុនៗទៅទៀត៕




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាលុបចោលការលើកលែងដល់ក្រុមហ៊ុនបរទេសពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រងរូបិយ បណ្ណបរទេស

ព័ត៌មាន
ប្រភពជាច្រើននៅធនាគារកណ្ដាលមីយ៉ាន់ម៉ាបាននិយាយថា ធនាគារកណ្តាលនៃប្រទេសនេះ បានសម្រេចផ្លាស់ប្តូរគោលជំហររបស់ខ្លួនចំពោះក្រុមហ៊ុនបរទេសដែលវិនិយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ