ខេមបូណូមីស បានជួបសន្ទនាជាមួយលោក ង៉ែត ជូ ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting (EMC)។ ហើយខាងក្រោមនេះ ជាខ្លឹមសារនៃកិច្ចសន្ទនា៖
ខេមបូណូមីស ៖ នៅពេលដ៏ខ្លីខាងមុខនេះ ផ្សារលក់ទំនិញធំបំផុតនៅថៃ ផ្សារ Makro នឹងមកបើកនៅកម្ពុជា។ តើចំពោះអ្នកប្រើប្រាស់នៅស្រុកខ្មែរ វាមានប្រយោជន៍អ្វីខ្លះ?
ង៉ែត ជូ ៖ សម្រាប់អ្នកប្រើប្រាស់ដែលមានលទ្ធភាពទិញផលិតផលដែលផ្ដល់ដោយផ្សារនេះ វាជារឿងល្អ ពីព្រោះយើងមានអ្នកផ្គត់ផ្គង់ជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវ។ មានន័យថា អតិថិជនអ្នកប្រើប្រាស់អាចទាមទារឲ្យក្រុមហ៊ុនទទួលខុសត្រូវ ប្រសិនបើផលិតផលដែលពួកគេទិញយកទៅប្រើប្រាស់កើតមានបញ្ហាអ្វីមួយ (ឧ. គុណភាពទំនិញ កាលបរិច្ឆេទប្រើប្រាស់ ជាដើម)។
ខេមបូណូមីស ៖ ចុះចំពោះផ្សារទំនិញតូចៗ នៅកម្ពុជា តើអាចនឹងមានបញ្ហាអ្វីខ្លះ ទាក់ទងនឹងការប្រកួតប្រជែង ?
ង៉ែត ជូ ៖ ផ្សារទំនិញតូចៗនៅក្នុងស្រុក ពួកគេនឹងជួបប្រទះការលំបាក ទាក់ទងនឹងការប្រកួតប្រជែង ប្រសិនបើពួកគេមិនផ្ដល់នូវមុខទំនិញដែលខុសប្លែកពីគេ និងមានគុណភាពខ្ពស់ ដើម្បីប្រជែងជាមួយផ្សារធំដែលទើបចូលមកថ្មីទេនោះ។
ផ្សារដែលមានស្រាប់ត្រូវតែងាកទៅផ្ដល់នូវមុខទំនិញថ្មី ដែលខុសពីអ្វីដែលផ្សារយក្សមួយនេះផ្ដល់ បើមិនដូច្នេះទេ អាជីវកម្មរបស់ពួកគេអាចនឹងរលំ។
ខេមបូណូមីស ៖ ក្រៅពីចាំតែទិញពីគេ កម្ពុជាគួរខំធ្វើអ្វីខ្លះដើម្បីផលិត លក់ក្នុងស្រុក និងនាំចេញ ឲ្យបានច្រើន ?
ង៉ែត ជូ ៖ ពិតណាស់ កម្ពុជាត្រូវតែឆ្លាតវៃ ធ្វើយ៉ាងណាចាប់យកឱកាសប្រើប្រាស់ផ្សារបោះដុំទំនិញមកពីថៃនេះ ធ្វើជាច្រកចែកចាយដែលអាចទុកចិត្តបានសម្រាប់ផលិតផលក្នុងស្រុក។ ប៉ុន្តែ រដ្ឋាភិបាលត្រូវខំប្រឹងឲ្យបានខ្លាំង ក្នុងការកែលម្អគុណភាពនិងការវេចខ្ចប់ផលិតផលក្នុងស្រុក។
នេះគឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ។ មែនទែនទៅ វាជាឱកាសដ៏ល្អមួយ ប៉ុន្តែ បើរដ្ឋាភិបាលបរាជ័យលើកិច្ចការនេះ ផលិតផលក្នុងស្រុកយើងនឹងមិនអាចឈានជើងចូលទៅក្នុងទីផ្សារដែលមានតម្លៃខ្ពស់បែបនេះឡើយ៕