វិស័យមីក្រូហិរញ្ញវត្ថុ

អត្រាកូនបំណុលសងយឺតលើសពី៣០ថ្ងៃក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនដល់ជាង៨% នៅឆ្នាំ២០២៤


ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅឆ្នាំ២០២៤ កន្លងទៅ នៅតែរក្សាបានភាពរឹងមាំ ក្នុងនោះការផ្តល់ឥណទានមានកំណើនជាង១% ខណៈការទទួលប្រាក់បញ្ញើមានការកើនឡើងជាង១៤% បើធៀបនឹងឆ្នាំ២០២៣។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ចំនួនអតិថិជនសងប្រាក់យឺតលើសពី៣០ថ្ងៃនៅឆ្នាំនេះ មានក្នុងអត្រាជាង៨% មានកើនឡើងជាង២% បើធៀបនឹងឆ្នាំ២០២៣។
វិស័យមីក្រូហិរញ្ញវត្ថុ
ដោយ

តែយ៉ាងណាមន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុអះអាងថា អត្រាអតិថិជនសងយឺតលើសពី៣០ក្នុងរង្វង់ជាង៨%នេះ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានមិនទាន់ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភនោះទេ។

​​នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ អត្រាអតិថិជនបង់សងត្រលប់យឺតលើសពី៣០ថ្ងៃក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានក្នុងរង្វង់៨,២% នៃចំនួនអតិថិជនសរុបជាង១,៥លាននាក់។ ការបង់សងត្រលប់យឺតនេះ មានការកើនឡើងប្រមាណ២,៣% បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជិត៦%។ បើតាមការវាយតម្លៃរបស់អ្នកនាំពាក្យរូបនេះ កត្តាដែលធ្វើឱ្យការបង់សងត្រឡប់យឺតលើសពី៣០ថ្ងៃរបស់អតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានការកើនឡើង គឺដោយសារការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋ គួបផ្សំសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងភាពមិនច្បាស់​លាស់ ដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាសកលមួយចំនួនទៀត។

ទោះបីការបង់សងត្រលប់យឺតលើសពី៣០ថ្ងៃមានការកើនឡើងក៏ពិតមែន ប៉ុន្តែលោក កាំង តុងងី អះអាងថា អត្រានេះស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ពោលគឺមិនទាន់ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភនោះទេ ដោយសារទំហំផ្តល់ប្រាក់កម្ចី និងការទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែរក្សាបានភាពរឹងមាំ។ ជាក់ស្តែងការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅឆ្នាំ២០២៤ សម្រេចបានកំណើនជាង១% និងការទទួលប្រាក់បញ្ញើកើនឡើងជាង១៤%។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានឈានដល់ជាង៥ពាន់លានដុល្លារអាម៉េរិក។

បើតាមការគូសបញ្ជាក់របស់លោក កាំង តុងងី ការបង់សងត្រឡប់យឺតត្រូវបានបែងចែកទៅតាមកម្រិត ពោលគឺលើសពី៣០ថ្ងៃ ៩០ថ្ងៃ ១៨០ថ្ងៃ និង៣៦៥ថ្ងៃ។ កម្ចីដែលអាចចាត់ទុកថា ជាកម្ចីមិនដំណើរការ ឬកម្ចីខូច លុះត្រាអតិថិជនបង់សងត្រឡប់យឺតលើសពី៣៦៥ថ្ងៃ។ តែយ៉ាងណាបើតាមការអះអាងរបស់លោក កាំង តុងងឺ សមាគមបានតាមដានតាំងពីអតិថិជនសងត្រឡប់យឺតលើសពី៣០ថ្ងៃឡើងទៅម៉្លេះ ដើម្បីចាត់វិធានការទាន់ពេលវេលា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


រឿងកម្ចីអនឡាញខុសច្បាប់! រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យសង ហើយបើមានការរករឿងត្រូវប្តឹងទៅសមត្ថកិច្ច

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ដ្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុលដោយសារអត្រាការប្រា…

មហាយក្សចិន កំពុងរិះរកវិធី ដើម្បីបញ្ចេញទំនិញរបស់ខ្លួន ក្រោយរងសម្ពាធពន្ធពីសហរដ្ឋអាម៉េរិក

ស្របពេលក្រុមហ៊ុននាំចេញរបស់ចិន កំពុងប្រកួតប្រជែងគ្នាយ៉ាងក្ដៅគគុក ដើម្បីដណ្ដើមចំណែកទីផ្សារនៅលើពិភពលោកជំនួសទីផ្សារអាម៉េរិក អ្នកវិភាគបានអះអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ