ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា អាចបន្ដធ្លាក់ចុះ

ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា អាចបន្ដធ្លាក់ចុះកម្រិតណានៅឆមាសទី២ឆ្នាំ២០២២?


ការបញ្ជាទិញផលិតផលស្បែកជើងរបស់កម្ពុជាពីទីផ្សារអន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមិនទាន់មានសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេ សម្រាប់ឆមាសទី២នៅឆ្នាំ២០២២នេះ។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំសមាគមស្បែកជើងកម្ពុជា ការបញ្ជាទិញផលិតផលស្បែកជើងពីកម្ពុជានៅឆមាសទី២ឆ្នាំនេះអាចនឹងធ្លាក់ចុះចន្លោះពី៣០%ទៅ៥០% ដោយសារភាពមិនច្បាស់លាស់នៃទីផ្សារដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងការដឹកជញ្ជូន។ជាមួយគ្នានេះ ទីផ្សារផលិតផលវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់នៅឆមាសទី២ឆ្នាំនេះ ក៏ត្រូវបានអ្នកជំនាញមើលឃើញពីការធ្លាក់ចុះការបញ្ជាទិញដែរ។
ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា អាចបន្ដធ្លាក់ចុះកម្រិតណានៅឆមាសទី២ឆ្នាំ២០២២? រូបភាព៖ ស៊ីនហួរ
ដោយ

សម្រាប់ឆ្នាំ២០២៣វិញ ទីផ្សារបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ក៏ត្រូវអ្នកជំនាញក៏បានព្រមានថា នឹងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ឬអាចនឹងនៅតែបន្ដធ្លាក់ចុះថែមទៀត។

វិបត្តិកូវីដ-១៩និងសង្គ្រាមនៅអ៊ុយក្រែនកំពុងបង្កើតជាភាពមិនច្បាស់លាស់ដល់ទីផ្សារបញ្ជាទិញផលិតផលស្បែក និងសម្លៀកបំពាក់កម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាក់ស្តែងបញ្ហាទាំងនេះបានធ្វើឲ្យការនាំចេញផលិតផលស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់មានទំនោរធ្លាក់ចុះនៅឆ្នាំនេះ ដែលកំពុងក្លាយជាបញ្ហាចោទសម្រាប់អ្នកវិនិយោគ និងកម្មករដែលធ្វើការក្នុងវិស័យនេះ។

បើតាមការគូសបញ្ជាក់របស់ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ចាប់ពីឆមាសទី១ដល់ខែតុលា ទីផ្សារបញ្ជាទិញផលិតផលស្បែកជើងរបស់កម្ពុជាពុំទាន់បង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេពោលគឺការបញ្ជាទិញនៅតែមានទំនោរធ្លាក់ចុះដដែល។ កត្តានេះធ្វើឲ្យ ឧកញ៉ាហ៊ានវាយតម្លៃថា ទីផ្សារស្បែកជើងកម្ពុជានឹងអាចធ្លាក់ចុះការបញ្ជាទិញយ៉ាងតិចចន្លោះពី៣០%ទៅ៥០% នៅឆមាសទី២ឆ្នាំ២០២២ បើធៀបនឹងឆមាសទី១។ ការធ្លាក់ចុះនេះ ត្រូវបាន ឧកញ៉ាគូសបញ្ជាក់ថា គឺដោយសារការតម្លៃវត្ថុធាតុដើមនិងទំនិញមានការកើនឡើង គួបផ្សំការដឹកជញ្ជូនមានភាពរអាក់រអួល និងតម្លៃដឹកជញ្ជូនឡើងថ្លៃ និងបញ្ហារំខានដោយសារសង្គ្រាមនៅអ៊ុយក្រែន។

សម្រាប់ឧកញ៉ា លី ឃុនថៃ មើលមិនឃើញទីផ្សារនាំចេញស្បែកជើងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៣ មានភាពល្អប្រសើរជាងឆ្នាំ២០២២ នោះទេ។ ឧកញ៉ាជឿជាក់ថា ការបញ្ជាទិញស្បែកជើងរបស់កម្ពុជាពីសំណាក់ប្រទេសបញ្ជាទិញ ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងបន្តស្ថិតក្នុងស្ថានភាពមិនល្អឡើង។ មិនល្អ ក៏ដោយសារការធ្លាក់ចុះចំណូលរបស់ប្រជាពលរដ្ឋនៅតំបន់អឺរ៉ុប គួបផ្សំសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៃងើបឡើងវិញ ដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការដាក់ទណ្ឌគ្នាទៅវិញទៅមករវាងប្រទេសមហាអំណាចសេដ្ឋកិច្ច។

មិនមែនមានតែការនាំចេញផលិតផលស្បែកនោះទេដែលធ្លាក់ចុះ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ក៏ជួបបញ្ហាការបញ្ជាទិញមានការធ្លាក់ចុះផងដែរ។ តើតាមការគូសបញ្ជាក់របស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បរិមាណបញ្ជាទិញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់នៅឆមាសទី២ឆ្នាំនេះ អាចធ្លាក់ចុះតិចតួចបើធៀបនឹងឆមាសទី១។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតពីការធ្លាក់ចុះនេះនោះទេ។ ទន្ទឹមនឹងនេះ លោក ក៏មិនទាន់ហ៊ានវាយតម្លៃពីស្ថានភាពទីផ្សារផលិតផលនេះនៅឆ្នាំ២០២៣ នឹងមានការប្រែប្រួលយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា ទីផ្សារនៅឆ្នាំក្រោយនឹងស្ថិតក្នុងភាពមិនច្បាស់លាស់។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា សម្រេចបានក្នុងតម្លៃសរុបជាង៦ពាន់៦រយលានដុល្លារ កើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


រដ្ឋនឹងបញ្ចេញសាច់ប្រាក់ឧបត្ថម្ភដល់អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត២លាននាក់ នៅខែវិច្ឆិកា ដើម្បីទប់ទល់នឹងវិបត្តិអតិផរណា

ស្របពេលដែលពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិអតិផរណាកាន់តែខ្លាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងដាក់ចេញនូវយន្ដការថ្មីមួ…

អាមេរិកចោទចិន និងរុស្ស៊ីថា បានបើកដៃឲ្យកូរ៉េខាងជើងធ្វើតេស្តសាកល្បងមីស៊ីល

ប្រទេសកូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលប៉ាលេស្ទីករយៈចម្ងាយខ្លីពីរគ្រាប់បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ក្រោយពីវានាផ្ទុកយន្តហោះអាមេរិកប្រចាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ