លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំនេះ គឺជាពេលវេលារបស់ពលរដ្ឋនៅជនបទមកលេងកម្សាន្តក្នុងទីក្រុងភ្នំពេញ ប៉ុន្តែមានក៏ពលរដ្ឋមួយចំនួនដែលរស់នៅទីក្រុងភ្នំពេញ បានយកឱកាសនេះ ទៅដើរលេងនៅជនបទ ឬធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។ សម្រាប់អ្នកជំនាញរូបនេះ ការធ្វើដំណើរចូលមកទីក្រុង ឬចេញក្រៅទីក្រុងរបស់ប្រជាពលរដ្ឋនេះ គឺសុទ្ធតែជាការធ្វើដំណើរដែលត្រូវចំណាយថវិកា។ បើតាមការប៉ាន់ស្មានរបស់លោក ហូ វណ្ឌី នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ពលរដ្ឋអាចចំណាយថវិកាជាមធ្យមប្រមាណ៥០ដុល្លារក្នុងម្នាក់ ហើយបើគិតក្នុងចំណោមពលរដ្ឋ៥លាននាក់នោះការចំណាយមានប្រមាណ២៥០លានដុល្លារនៅក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក។
ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ពលរដ្ឋមួយចំនួនអាចនឹងកាត់បន្ថយលើការចំណាយដើម្បីសន្សំសំចៃ ប៉ុន្តែលោកជឿជាក់ថា ពលរដ្ឋជាច្រើននឹងមកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំនេះ។ ទោះបីមានការជឿជាក់ថា នឹងមានពលរដ្ឋជាច្រើនមកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំនេះក៏ពិតមែន ប៉ុន្តែអ្នកជំនាញរូបនេះបានកត់សម្គាល់ថា ការមកលេងក្នុងទីក្រុងភ្នំពេញនាពេលកន្លងទៅ គឺពលរដ្ឋភាគច្រើនពុំសូវប្រើសេវាផ្ទះសំណាក់ និងសណ្ឋាគារនោះទេ ប៉ុន្តែពួកគេស្នាក់អាស្រ័យក្នុងរោងដែលគណៈកម្មការ និងអាជ្ញាធរបានរៀបចំ ឬមានពលរដ្ឋមួយចំនួនបានស្នាក់អាស្រ័យជាមួយសាច់ញាតិជាដើម។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន បានប៉ាន់ស្មានថា នៅក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំនេះ ពលរដ្ឋដែលឡើងមកលេងក្នុងទីក្រុងភ្នំពេញ គិតជាមធ្យមក្នុងម្នាក់ៗអាចនឹងចំណាយថវិកាចន្លោះពី១៥ម៉ឺនរៀល ទៅ២៥ម៉ឺនរៀល ដើម្បីដើរកម្សាន្ត ហើយវានឹងក្លាយជាច្រកសេដ្ឋកិច្ចដ៏សំខាន់ផងដែរ៕
អត្ថបទ៖ បូ ដូឡា