ការផ្គត់ផ្គង់ជ្រូកពីក្រៅប្រទេស

សមាគមអ្នកចិញ្ចឹមសត្វបារម្ភការនាំចូលជ្រូកខុសច្បាប់ ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទទួលស្គាល់ថា ការចិញ្ចឹមជ្រូកក្នុងស្រុកបច្ចុប្បន្នមិនទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់បាននៅឡើយទេ ដែលទាមទារឲ្យនាំជ្រូកចូលពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការ។ ទោះយ៉ាងណា សមាគមគាំទ្រចំពោះការនាំចូលសត្វជ្រូក ដែលមានលិខិត និងច្បាប់អនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ និងប្រឆាំងដាច់ខាតចំពោះការនាំចូលខុសច្បាប់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមជ្រូកក្នុងស្រុក និងសុខភាពពលរដ្ឋ។
សកម្មភាពដឹកជញ្ជូនជ្រូក
ដោយ

បើតាម​ក្រសួង​កសិកម្ម ​បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១០ ដែលទទួលបានការអនុញ្ញាតក្នុងការនាំចូល​សត្វជ្រូករស់​ពីក្រៅប្រទេស ក្នុងនោះមាន៤ក្រុមហ៊ុនអាចមានសិទ្ធិដឹកឆ្លងកាត់ ខណៈកម្ពុជា​ត្រូវការនាំចូលជ្រូកប្រមាណ១ពាន់ក្បាល​តែប៉ុណ្ណោះក្នុង១ថ្ងៃ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញក្តីបារម្ភចំពោះការនាំចូលសត្វជ្រូកខុសច្បាប់​ពីជនឆ្លៀតឱកាស បង្កឲ្យមានការចម្លងជំងឺ និងប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជាជាអ្នកបរិភោគ។ ទន្ទឹមនឹងនេះ លោក ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ត្រីមានសមត្ថកិច្ច ពង្រឹងការត្រួតពិនិត្យការនាំចូលសត្វជ្រូកនៅតាមព្រំដែន និងបង្ក្រាបការនាំចូលខុសច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់។

ប្រធានសមាគម​រូបនេះអះអាងថា ទាំងសមាគម និងអ្នកចិញ្ចឹមជ្រូកនៅកម្ពុជាគាំទ្រឲ្យចំពោះការនាំចូលសត្វជ្រូក​ដែលបានឆ្លងកាត់​ការត្រួត​ពិនិត្យ​សុខភាព និងមានច្បាប់អនុញ្ញាត​ត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបង្គ្រប់​តម្រូវការប្រើប្រាស់​ក្នុងស្រុក។ បើតាមលោក ស៊្រុន ពៅ កម្ពុជាមិនទាន់មានលទ្ធភាពអាចចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកទាំងស្រុងបាននៅឡើយទេ ពោលគឺបច្ចុប្បន្នកម្ពុជា​ត្រូវការនាំចូលសត្វជ្រូកក្នុងរង្វង់ ១ពាន់ទៅ ១ពាន់៥រយក្បាលក្នុង១ថ្ងៃ។ 

ពាក់ព័ន្ធការនាំចូលសត្វជ្រូកពីក្រៅប្រទេសនេះដែរ កំពុងក្លាយជាប្រធានបទមួយ ដែលត្រូវបានមហាជនអ្នកលេងក្នុងបណ្តាញសង្គមលើកមកជជែកដេញដោល និងអ្នកខ្លះបានរិះគន់ក្រសួង-ស្ថាប័ន ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ក្រោយមានការរិះគន់ពីមហាជន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានរៀងៗខ្លួន ដើម្បីបកស្រាយជុំវិញបញ្ហានេះ។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបកស្រាយការយល់ច្រឡំ និងបញ្ជាក់ពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ជុំវិញបញ្ហានាំចូលសត្វជ្រូកពីក្រៅប្រទេស។ ក្រសួងពាណិជ្ជកម្មបានអះអាងថា រាល់ការអនុញ្ញាតឲ្យនាំចូលសត្វជ្រូក ឬសត្វរស់ផ្សេង​ៗ​ពីក្រៅប្រទេសមិនមែន​ជាតួនាទី​របស់​ខ្លួននោះទេ។ ពោលគឺជាតួនាទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជាសេនាធិការ។ 

ឯកឧត្តម​ ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រសួងចេញសេចក្តីប្រកាសព័ត៌មាននេះ​មិនមែនដាក់បន្ទុកលើស្ថាប័នណាមួយនោះទេ ពោលគឺគ្រាន់តែចង់ឲ្យពលរដ្ឋដឹងពីតួនាទីរបស់ក្រសួងតែប៉ុណ្ណោះ។ ម្យ៉ាងទៀត​ ក្រសួង មិនចង់ឲ្យពលរដ្ឋមានការយល់ច្រឡំ ឬរិះគន់មកលើក្រសួងពាក់ព័ន្ធបញ្ហាខាងលើ។

បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មូលហេតុដែលធ្វើឲ្យតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃ ដោយ​សារថ្លៃដើមចិញ្ចឹមជ្រូកសាច់ក្នុងស្រុកមានការកើនឡើង។

ជាក់ស្តែងមុនវិបត្តិកូវីដ-១៩ ថ្លៃដើមផលិតជ្រូកសាច់មានការប្រែប្រួលក្នុងរង្វ​ង់៧ពាន់៥រយរៀលទៅ៩ពាន់រៀល តែបច្ចុប្បន្នបានកើនឡើងក្នុងរង្វង់១ម៉ឺន៥រយរៀលទៅ១ម៉ឺន២ពាន់រៀល។ ការប្រែប្រួលតម្លៃផលិត​នេះ ដោយ​សារវត្ថុធាតុដើមសម្រាប់ផលិតចំណី និងកូនជ្រូកបានហក់ឡើងថ្លៃពី២០% ទៅ ៣០%៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមជំរុញឲ្យមានកិច្ចព្រមព្រៀងនាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ ពីរុស្ស៊ី និងអាមេរិក

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះ បានបញ្ជាក់ថា បានឈានដល់ការមានកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ ពីអាមេរិក និងរុស្ស៊ីហើយ…

មហាសេដ្ឋីអាមេរិក Jeff Bezos បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទេសចរណ៍ក្នុងទីអវកាស

ព័ត៌មាន
បុរសមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោកសញ្ជាតិអាមេរិក លោក ជែហ្វ បេសូស៍ (Jeff Bezos) បានក្លាយជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទេសចរណ៍ក្នុងល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ