អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច គាំទ្រចំពោះការព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច។ប៉ុន្តែទោះបីជា កម្ពុជាមានការរំខានពីកូវីដ-១៩ តែសកម្មភាពធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងថ្មីៗនៅតែបន្តមានជាហូរហែ ខណៈចំណូលពន្ធផ្សេងៗ នៅតែបង្ហាញសញ្ញាវិជ្ជមាន។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានល្អជាងឆ្នាំនេះដល់ទៅ ៤,៨% នៅឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករទម្លាក់មកនៅត្រឹមតែ ២,៤% ប៉ុណ្ណោះនៅឆ្នាំ២០២១ ខណៈការព្យាករកាលពីដើមឆ្នាំ សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនរហូតដល់៤%ឯណោះ។ ការវាយតម្លៃទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលនេះធ្វើឡើងក្រោយកម្ពុជាមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាព និង ការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅឆមាសទី១ឆ្នាំ២០២១នេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានគំរាមកំហែងយ៉ាងខ្លាំងក្លាដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបាននិងកំពុងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម ដែលបានទាញទម្លាក់យ៉ាងគំហុកដល់វិស័យទេសចរណ៍, អចលនទ្រព្យ, សំណង់ និង វិស័យលក់ដុំលក់រាយ ដែលជាសកម្មភាពប្រើប្រាស់ក្នុងស្រុក។ ខរណៈបច្ចុប្បន្នការឆ្លងរីករាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា នៅតែបន្តវាយលុកនៅកម្ពុជា ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់ក្នុងការស្តារសេដ្ឋកិច្ចរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកការព្យាករណ៍ទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម២,៤% នៅឆ្នាំ២០២១ មិនមែនជាតួលេខអាក្រក់នោះទេ បើធៀបនឹងឆ្នាំមុន ដែលសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះរហូតដល់-៣,១% ។ ប៉ុន្តែ ឯកឧត្តមបណ្ឌិតវង្សី វិស្សុត បានវាយតម្លៃថា ស្ថានភាពកម្ពុជានៅក្នុងឆ្នាំ២០២១នេះ វាមានការលំបាកជាងឆ្នាំ២០២០។ វាលំបាកពីព្រោះតែការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២១ មានរយៈពេលវែងជាងឆ្នាំ២០២០ ដែលបានបង្ខំឲ្យពលរដ្ឋ និង រដ្ឋត្រូវចំណាយថវិកាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកាចសាហាវមួយនេះ។
ពាក់ព័ន្ធនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញភាពល្អប្រសើរ មិនមានការប៉ះពាល់គួរឲ្យកត់សម្គាល់នោះទេ ទោះបីមានការអុកឡុកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ក៏ដោយ។ ជាក់ស្តែង បណ្ឌិត ហុង វណ្ណៈ បានសង្កេតឃើញថា ការនាំចេញផលិតរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុង វិស័យមួយចំនួននៅតែរក្សាបានកំណើន ហើយបើធ្លាក់ចុះ ក៏ធ្លាក់ចុះតិចតួចដែរ។ មួយវិញទៀត ការបោះទុនវិនិយោគនៅកម្ពុជាពីសំណាក់វិនិយោគិនបរទេសនៅតែមានជាហូរហែ ដែលធ្វើឲ្យលោកជឿជាក់ថា កម្ពុជានឹងអាចសម្រេចបានកំណើនដូចការព្យាករណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថិនៅឆ្នាំនេះ។
ជុំវិញទៅនឹងស្ថានភាពកូវីដ១៩នាពេលបច្ចុប្បន្ននេះវិញ ត្រូវបាន ឯកឧត្តមបណ្ឌិត វង្សី វិស្សុត កត់សម្គាល់ឃើញថា កម្ពុជា ក៏ដូចជាលើពិភពលោកទាំងមូលនៅមិនទាន់បានបង្ហាញពីសញ្ញាថមថយនៅឡើយទេ ហើយក៏គ្មានអ្នកណាម្នាក់ដឹងច្បាស់ថា ជំងឺរាតត្បាតជាសកលមួយនេះនឹងផុតរលត់ពីភពផែនដីនៅពេលណានោះដែរ។ កត្តានេះបានធ្វើឲ្យពិភពលោកប្រៀបបានដូចជាទូក កំពុងតែស្ថិតនៅកណ្តាលសមុទ្រ ឬទន្លេ ដែលពុំទាន់មានត្រើយសម្រាប់ចុះចតនោះឡើយ។
រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចរូបនេះ សង្កេតឃើញថា នៅឆ្នាំ២០២០ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅប៉ែកអឺរ៉ុបហាក់មានសភាពធ្ងន់ធ្ងរជាងនៅតំបន់អាស៊ី។ ប៉ុន្តែនៅឆ្នាំ២០២១ នេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតំបន់អឺរ៉ុបហាក់ធូរស្បើយជាងតំបន់អាស៊ីវិញ ដោយសារប្រទេសនៅប៉ែកអឺរ៉ុបភាគច្រើនជាប្រទេសអ្នកមាន ពួកគេមានលទ្ធភាពខ្ពស់ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋរបស់ពួកគេ។ ឯកឧត្តមបណ្ឌិត វង្សី វិស្សុត ចាត់ទុកវិបត្តិកូវីដ-១៩ ជាសម័យដែលប្រទេសអ្នកមានកាន់តែមាន ប្រទេសអ្នកក្រកាន់តែដុនដាបថែមទៀត។
គួររំលឹកថា កាលពីដើមឆ្នាំ២០២១ ស្ថាប័នអន្តរជាតិធំៗបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកំណើនក្នុង៤% ក្នុងករណីមិនមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ខ្លាំងក្លា។ ប៉ុន្ដែ ក្រោយផ្ទុះឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងសេដ្ឋកិច្ចវាយតម្លៃចុងក្រោយថ្មីៗនេះថា អាចធ្លាក់មកនៅត្រឹម២,៤% នៅឆ្នាំ២០២១។ ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ចបានព្យាករណ៍ថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងអត្រា៤,៨%៕