
ការស្ទង់មតិនេះ បានធ្វើឡើង ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣ ដោយបានសាកសួរពលរដ្ឋទូទៅចំនូន ២០០០ នាក់នៅទូទាំងប្រទេស បានបង្ហាញថា លោកស្រី ផែតុងថឺន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីពៅរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អ្នកនយោបាយនិរទេសខ្លួននោះ គឺបាននាំមុខគេ ដោយទទួលបានការគាំទ្រនៅក្នុងអត្រាជាង ៣៨% ។
ការស្ទង់មតិដែលបានចុះផ្សាយដោយបណ្តាញព័ត៌មាន The Nation បានឲ្យដឹងថា អ្នកនយោបាយ ដែលមានការបោះឆ្នោតគាំទ្រ តាមពីក្រោយលោកស្រី Paetongtarn Shinawatra គឺលោក Pita Limjaroenrat មេដឹកនាំគណបក្ស ឆ្ពោះទៅមុខ ដែលទទួលបានសំឡេងគាំទ្រជិត ១៦% ហើយ លោក Prayut Chan-o-cha នាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាចសព្វថ្ងៃនេះ ទទួលបានសំឡេងគាំទ្រត្រឹមតែជាង ១៥%ប៉ុណ្ណោះ។
ប្រភពដដែលបានបន្តទៀតថា ក្រៅពីការអង្កេតស្ទាបស្ទង់លើបេក្ខជន ដែលស័ក្ដិសមសម្រាប់តំណែងនាយករដ្ឋមន្រ្តីហើយនោះ វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍថៃ ក៏បានធ្វើការស្ទាបស្ទង់លើប្រជាប្រិយភាពរបស់គណបក្សនយោបាយនៅថៃផងដែរ ។
ការស្ទង់មតិបានរកឃើញថា គណបក្ស Pheu Thai ទទួលបានការគាំទ្ររហូតដល់ទៅ ជិត៥០% ហើយគណបក្សឆ្ពោះទៅមុខ គឺទទួលបាន ១៧,៤០ ភាគរយ គណបក្ស សហភាពជាតិថៃ ទទួលបាន ការគាំទ្រជិត១២% រីឯគណបក្ស ប្រជាធិបតេយ្យ ទទួលបានការគាំទ្រជាង ៥%ប៉ុណ្ណោះ ។
តាមការគ្រោងទុកប្រជាពលរដ្ឋថៃ នឹងចូលរួមការបោះឆ្នោតសាកលមួយ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣ បន្ទាប់ពីសភាតំណាងរាស្រ្តអណត្តិទី ២៥ ឈានដល់ការកំណត់អាណត្តិរយៈពេល ត្រឹម ៤ ឆ្នាំ៕
អត្ថបទ ៖ សរ សុជាតិ