ការចាកចេញនេះនឹងធ្វើឱ្យកម្ពុជា បាត់បង់ការអនុគ្រោះពន្ធពាណិជ្ជកម្មមួយចំនួនពីប្រទេសជឿនលឿន។ តើកម្ពុជា គួរត្រៀមខ្លួនបែបណាមុនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩? ហើយអ្នកជំនាញមានការយល់ឃើញបែបណាចំពោះគម្រោងចាកចេញនេះ?
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា នៅពេលកម្ពុជា ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ខាងមុខ នោះកម្ពុជានឹងនៅតែបន្តទទួលបានការអនុគ្រោះ និងការបង់ពន្ធលើទំនិញនាំចេញផ្សេងៗរយៈពេល៣ឆ្នាំ ដោយអាស្រ័យលើការចរចា។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងរយៈពេលដែលមានការអនុគ្រោះនេះ គឺជាពេលវេលាដែលកម្ពុជា ត្រូវមានការត្រៀមខ្លួន ព្រោះផុតពីរយៈពេលនៃការអនុគ្រោះនេះ គឺកម្ពុជានឹងត្រូវបង់ពន្ធនាំចេញរាល់ការនាំចេញទំនិញទៅកាន់ប្រទេសគោលដៅ ដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬស្ថិតក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី។ សេដ្ឋវិទូជាន់ខ្ពស់រូបនេះជឿជាក់ថា ប្រសិនបើកម្ពុជា មានការត្រៀមខ្លួនបានល្អ នោះនឹងពុំមានបញ្ហាប្រឈមអ្វីខ្លាំងនោះទេ ខណៈបច្ចុប្បន្នផលិតផលសំខាន់ៗមួយចំនួនរបស់កម្ពុជា ត្រូវបានបង់ពន្ធសម្រាប់ការនាំចេញរួចទៅហើយ។
ដោយឡែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច កម្ពុជា គួរបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ កាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ រក្សាខ្សែច្រវាក់ផលិតកម្ម និងទីផ្សារជាមួយបណ្ដាប្រទេសដែលជាដៃគូ ដូចជាសហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិកជាដើម ព្រមទាំងបណ្ដាប្រទេសផ្សេងៗទៀត។
បើតាមប្រធានមជ្ឈមណ្ឌលរូបនេះ ប្រសិនបើកម្ពុជា មិនមានមូលដ្ឋានរឹងមាំទេ នោះអាចនឹងពិបាកក្នុងការចាកចេញ ឬក៏អាចវិលមករកជាប្រទេសដែលមានការអភិវឌ្ឍតិចតួចវិញ។
គម្រោងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា ត្រូវបានលោក យង់ គិមអេង លើកឡើងថា អាចធ្វើឱ្យកម្ពុជា មានមោទនភាព និងអាចធ្វើឱ្យពលរដ្ឋមានជីវភាពសមរម្យ ហើយក៏ជាឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផងដែរ។
ពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនេះដែរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានគូសបញ្ជាក់កាលពីពេលកន្លងទៅថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ក្រុមប្រទេសមានការអភិវឌ្ឍតិចតួចមិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ និងដៃគូនានា បានរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន សម្រាប់អនុវត្តអំឡុងពេលក្រោយការចាកចេញ។
បើតាមថ្នាក់ដឹកនាំ រូបនេះ យុទ្ធសាស្ត្រអន្តរកាលដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៦ រួមមាន ការពង្រឹង និងពង្រីកមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រីកទីផ្សារពាណិជ្ជកម្ម, ការទាក់ទាញការវិនិយោគបរទេស, ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការពង្រឹងយន្តការគាំពារសង្គម។
ប្រទេសកម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យដំបូងសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២១ ហើយបានបំពេញម្តងទៀតលើលក្ខណៈវិនិច្ឆ័យទាំង៣ ក្នុងអំឡុងពេលត្រួតពិនិត្យលើកទី៣ នៅឆ្នាំ២០២៤។ ផ្អែកលើវឌ្ឍនភាពនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិបានអនុម័តលើអនុសាសន៍របស់គណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីពីចំណាត់ថ្នាក់ក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដោយមានរយៈពេលអន្តរកាលចំនួន៥ឆ្នាំ៕