វិស័យសេដ្ឋកិច្ច

តើស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា មានការប្រែប្រួលបែបណានៅជិត៦ខែកន្លងមកនេះ?


វិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមួយចំនួន ហាក់មានល្អប្រសើរឡើងវិញ ប៉ុន្តែវិស័យខ្លះ ពុំទាន់មានសកម្មភាពរីកចម្រើននៅឡើយទេ បន្ទាប់ពីបានរងគ្រោះដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមនៅតំបន់ហ្គាហ្សា ព្រមទាំងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ។ ទោះបីសេដ្ឋកិច្ចកម្ពុជាពុំទាន់មានភាពល្អប្រសើរដូចមុនពេលមិនទាន់ជួបវិបត្តិក៏ពិតមែន ប៉ុន្តែទាំងស្ថាប័នជាតិ និងអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះនឹងសម្រេចបានកំណើនក្នុងរង្វង់៦%។
វិស័យសេដ្ឋកិច្ច
ដោយ

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា នៅរយៈពេលជាង៥ខែមកនេះ សេដ្ឋកិច្ចរបស់កម្ពុជា ពុំទាន់មានភាពប្រសើរនៅឡើយទេ ខណៈឥទ្ធិពលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យពលរដ្ឋជាច្រើនប្រឈមនឹងវិបត្តិជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាឧបសគ្គចំពោះការស្ដារសេដ្ឋកិច្ច។ បើតាមអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺតម្រូវឱ្យរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋ ពិសេសជាមួយប្រភពហិរញ្ញវត្ថុ ដែលពលរដ្ឋបានជំពាក់នាពេលកន្លងទៅ។

​ពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នៅក្នុងរយៈពេលជាង៥ខែកន្លងមកនេះ មានវិស័យខ្លះនៃសេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន ប៉ុន្តែវិស័យខ្លះទៀតពុំទាន់មានការរីកចម្រើននៅឡើយទេ។ ជាក់ស្ដែងនៅក្នុងត្រីមាសទី១ ឆ្នាំនេះ វិស័យធំៗចំនួន៣ រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា វិស័យទាំងនេះ ជាពិសេសវិស័យសេវាកម្មនៅតែបន្តជួបប្រឈមនឹងបញ្ហាធ្លាក់ចុះតម្រូវការ ដោយសារភាពមិនច្បាស់​លាស់​នៃសេដ្ឋកិច្ច។

​យ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦% នៅឆ្នាំ២០២៤ នេះ ដោយរំពឹងជួយគាំទ្រ និងជំរុញជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ទោះបីវិស័យកសិកម្មអាចបន្តកើនឡើងយឺតក៏ដោយ។

តែយ៉ាងណាសេដ្ឋកិច្ចកម្ពុជា អាចនឹងប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹង និងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រជាដើម។ ហានិភ័យទាំងនេះ អាចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។

ជាមួយគ្នានេះធនាគារពិភពលោក បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពីកម្រិត៥,៦%ក្នុងឆ្នាំ២០២៣ ទៅ៥,៨% នៅឆ្នាំ២០២៤ ហើយអាចប្រសើរឡើងបន្ថែមទៀតដល់កម្រិត៦,១% នៅឆ្នាំ២០២៥ និង៦,៤% នៅឆ្នាំ២០២៦៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើការបំផ្លាញដំណាំដោយដង្កូវហ្វូងមកទល់ពេលនេះមានស្ថានភាពបែបណាហើយ?

មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា មកទល់ពេលនេះ ការបំផ្លាសដំណាំកសិកម្មពីដង្កូវហ្វូង ស្ថិតក្នុងស្ថានភាពអា…

តើអ្នកជំនាញក្នុងវិស័យទេសចរណ៍ មានការរំពឹងបែបណាចំពោះការភ្ជាប់ជើងហោះហើរត្រង់របស់ Air Asia ពីគូឡាឡាំពួមកខេត្តព្រះសីហនុ?

បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋានអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ