មន្ត្រីជាន់ខ្ពស់ នៃអាកាសចរណ៍ស៊ីវិល ជឿជាក់ថា វិស័យអាកាសចរណ៍កម្ពុជានឹងមានភាពល្អប្រសើរថែមទៀតនៅឆ្នាំ២០២៤ នេះ បើទោះបីកំណើនក្នុងវិស័យនេះមិនទាន់អាចងើបឡើងបានលឿនដូចការរំពឹងទុកក្តី។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣កន្លងទៅនេះ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ហាក់ទទួលបានកំណើនគួរឱ្យកត់សម្គាល់ ដោយមានអ្នកដំណើរជាង៥លាននាក់ បានធ្វើដំណើរចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ដោយមានការកើនឡើងប្រមាណ១១៥% បើធៀបនឹងឆ្នាំ២០២២។ ហើយបើមើលទៅលើចំនួនជើងហោះហើរវិញ គឺមានការកើនឡើង៧៧% បើធៀបនឹង២០២២ ក្នុងនោះជើងហោះហើរដែលមានចំនួនច្រើនជាងគេជាមួយកម្ពុជានោះ គឺប្រទេសថៃ វៀតណាម និងកូរ៉េខាងត្បូងជាដើម ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងក្រៅស្រុកចំនួន៣៤ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ។
ដោយឡែក ពាក់ព័ន្ធនឹងប្រតិបត្តិការហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរវិញមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិនេះជាមធ្យម ទទួលបានជើងហោះហើរចេញចូលជាង២៩០ជើងក្នុងមួយសប្តាហ៍ និងទទួលបានអ្នកដំណើរជាមធ្យមចន្លោះពី២ពាន់៥រយនាក់ទៅ៣ពាន់៥រយនាក់ក្នុងមួយថ្ងៃ ហើយបើគិតត្រឹមដំណាច់ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះទទួលបានអ្នកដំណើរចេញចូលប្រមាណជិត១៨ម៉ឺននាក់។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា កត់សម្គាល់ឃើញថា ទោះបីវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា ជារួមក្នុងឆ្នាំ២០២៣កន្លងទៅមានការកើនឡើងក៏ពិតមែន តែហាក់មានសម្ទុះយឺតជាងការរំពឹងទុកនៅឡើយ។ មានសម្ទុះយឺតក៏ដោយសារបញ្ហាប្រឈមមួយចំនួនទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅ ដូចជាវិបត្តិសេដ្ឋកិច្ចសកល បញ្ហាជម្លោះពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន ភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងវិបត្តិសង្គ្រាមផ្សេងៗជាដើម បានជះផលអវិជ្ជមានមួយចំនួនដល់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា និងពិភពលោក។ តែយ៉ាងណាឯកឧត្តមរំពឹងថា វិស័យអាកាសចរណ៍កម្ពុជា អាចនឹងវិលមករកភាពល្អប្រសើរឡើងវិញដូចឆ្នាំ២០១៩ ដែលជាឆ្នាំមិនទាន់មានការឆ្លងរាតត្បាតកូវីដ-១៩ នៅចុងឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ កំពុងដំណើរការចំនួន៣ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ចំនួនពីរបន្ថែមទៀតរួមមានអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ ដោយបច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៦០% និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់ស្ទើរ១០០% ហើយ៕