Advertisement
កិច្ច​សម្ភាសន៍

៥សំណួរ ជាមួយ សយ សុភាព ជុំវិញការ​បង្កើត​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន


កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន (ស.ស.ក.ច) ត្រូវ​បាន​សម្ពោធ​បើក​ជាផ្លូវការ ដោយ​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​កម្ពុជាជាច្រើន​រូប និង​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។
លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន ដើមអំពិល និង​ជា​សហប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន។ រូបភាព៖ ខឹម សុវណ្ណរ៉ា
ដោយ
Advertisement

សមាគម​ថ្មីនេះ បង្កើត​ឡើង​ដោយ​អ្នកកាសែត​ជើង​ចាស់​មួយរូប គឺលោក សយ សុភាព។ នៅកម្ពុជា មាន​សមាគម​អ្នកសារព័ត៌មាន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​រួច​ស្រាប់​ទៅ​ហើយ តើ​ហេតុ​អ្វី​បាន​ជា​លោក សយ សុភាព បង្កើត​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន​នេះឡើង?

អ្នកសារព័ត៌មាន ខេមបូណូមីស មានកិច្ចសម្ភាសន៍​មួយ ជាមួយលោក សយ សុភាព អគ្គនាយក​​សារព័ត៌មាន ដើមអំពិល និងជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ទូរទស្សន៍ BTV ផងដែរ។ ខាងក្រោម​នេះ ជាខ្លឹមសារ​នៃ​កិច្ច​សម្ភាសន៍ទាំងស្រុង ៖ 

ខេមបូណូមីស ៖ លោក សយ សុភាព តើ​អ្វី​ដែល​ជំរុញ​ឲ្យ​លោក​បង្កើត​សមាគម​អ្នកសារព័ត៌មានកម្ពុជា-ចិន នេះឡើង?

សយ សុភាព៖ ទីមួយ ផ្អែក​ទៅលើ​សភាពការណ៍​ជាក់ស្ដែង ក៏ដូចជា​ការគិតរបស់ខ្ញុំ​យូរមកហើយថា ថ្ងៃណាមួយ​ ខ្ញុំនឹងមាន​ឱកាស​ធ្វើកិច្ចការអស់ហ្នឹង។ ជាពិសេស ដោយសារយើង​សិក្សា​ស្វែងយល់​ភូមិសាស្ត្រ​នយោបាយ។ ទីពីរ យើង​ក្រឡេក​មើលឃើញថា សមាគម​អ្នកកាសែត​កម្ពុជា-ចិន​ហ្នឹង វា​អត់ទាន់មាន។ ដូច្នេះ វា​ស្រប​នឹង​ភូមិសាស្ត្រ​នយោបាយ វាស្រប​នឹង​ការគិត​របស់​ខ្ញុំ ជាពិសេស ខ្ញុំ​ជា​អ្នក​កាសែត​ស្រាប់ គឺថា ពេលវេលា​បាន​មក​ដល់​ហើយ ចំពេល​ដែល​កម្ពុជា-ចិន​មាន​ទំនាក់ទំនង​គ្រប់​ជ្រុង​ជ្រោយ គឺទំនាក់ទំនង​ចាប់តាំងពីថ្នាក់ដឹកនាំ​រដ្ឋាភិបាលកំពូលៗ រហូតដល់​ប្រជារាស្ត្រ។ អ៊ីចឹង យើង​នៅក្នុង​វិស័យនេះ យើងត្រូវតែរួមគ្នាគិតថា តើ​ធ្វើ​អ្វី​បានដើម្បី​ឆ្លើយតប​ទៅ​នឹង​សភាព​ការណ៍​បច្ចុប្បន្ន និង​ទៅអនាគត។ ម្យ៉ាងទៀត ភាគីចិន​ធ្វើការនៅទីនេះ​ស្រាប់ គាត់យល់ពីខ្មែរ ដូច្នេះ គ្រាន់តែនិយាយគ្នា​បន្តិច គឺ​យល់​គ្នា​តែម្ដង។ 

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូបខាងស្ដាំ) ធ្វើ​ជាអធិបតី​ពិធី​សម្ពោធ​បើក​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន នាថ្ងៃទី៦ ឧសភា ២០១៩។ រូបភាព៖ ខឹម សុវណ្ណរ៉ា
Advertisement

ខេមបូណូមីស៖ តើអ្វីទៅជាបេសកម្ម និងទស្សនវិស័យ របស់សមាគមមួយនេះ? 

សយ សុភាព ៖ គំនិត​របស់​យើង​គឺថា ជាជំហានដំបូង ធ្វើយ៉ាងណា​ឲ្យ​យើង​មាន​ទំនាក់​ទំនង​នឹងគ្នា ឲ្យ​យើង​ស្គាល់ចិត្ត​គ្នា រវាងកាសែត​ចិន​និង​កាសែត​ខ្មែរ ហើយដើម្បីយើង​ផ្សព្វផ្សាយ​ទៅកាន់​ប្រទេសទាំង​ពីរ ក៏ដូចជា មិត្តភក្ដិយើង​នានា​នៅ​លើ​សាកលលោក ឲ្យបានជ្រួតជ្រាប​អំពីទំនាក់ទំនង​យើងទាំងពីរ ដូចប្រទេស​គេដទៃធ្លាប់ធ្វើ​ដូច្នេះ​ដែរ ដូច្នេះ បើ​យើងយល់​ពីជម្រៅ​ទាំងអស់ហ្នឹង គឺ​យើង​នឹង​បាន​លទ្ធផល​ផ្លែផ្កា។ 

ខេមបូណូមីស៖ លោក សុភាព បានឃើញហើយថា កន្លងមក មានការចុះផ្សាយព័ត៌មានខ្លះ ដែលអវិជ្ជមានអំពី​វិនិយោគចិន និងពលរដ្ឋចិន នៅខេត្តព្រះសីហនុ។ មានការមន្ទិលថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននេះ អាចនឹងព្យាយាមធ្វើម៉េចកុំឲ្យមានការផ្សាយព័ត៌មានមិនល្អអំពីចិននៅកម្ពុជា។ តើលោកមានអត្ថាធិប្បាយយ៉ាងណាដែរ ចំពោះការមន្ទិលនេះ?

សយ សុភាព ៖ នៅក្នុងសារព័ត៌មាន​នីមួយៗ គឺគេមាន​អធិបតេយ្យរបស់គេ គេមានបន្ទាត់​មាគ៌ារបស់គេដែលត្រូវដើរ ដូច្នេះ​សមាគម​មិន​មាន​សិទ្ធិ​ទៅបង្ខំ​គេថា នែ៎! កាសែត ក កាសែត ខ អ្នកឯងត្រូវផ្សាយនេះ ឬ​មិន​ត្រូវ​ផ្សាយ​នេះ គឺ​យើង​អត់មាន​សិទ្ធិ​នៅ​ក្នុង​កិច្ចការទាំងអស់​នេះ​ទេ។ ប៉ុន្តែ យើងព្យាយាម​ សមាគម​ហ្នឹងខំធ្វើយ៉ាងណា ទោះបីព័ត៌មាន​ជា​វិជ្ជមានក្ដី អវិជ្ជមាន​ក្ដី យើងត្រូវតាមដាន​ទាំងអស់គ្នា ត្រូវមើលទៅលើចរិត​ព័ត៌មាន​ទាំងអស់​នោះ ថា​តើ​ព័ត៌មានណា​វា​នាំ​ឲ្យ​ប៉ះពាល់ធ្ងន់ធ្ងរ ព័ត៌មាន​ណា​មិនធ្ងន់ធ្ងរ ឬ​ជា​ព័ត៌មានដែលមានចរិត​វាយប្រហារ។ ប៉ុន្តែ ទោះយ៉ាងណា យើងអត់មានសិទ្ធិ​រារាំងកាសែត​ណា​ទេ ព្រោះកាសែត​គេ​នីមួយៗ​គេមាន​អធិបតេយ្យ។ ជាគោល​ការណ៍ យើងផ្សាយ​ព័ត៌មានទាំងអស់ ប៉ុន្តែ ព័ត៌មានណា​ដែល​យើង​ឃើញថា វានាំ​ឲ្យ​ខាត​ផល​ប្រយោជន៍​ប្រទេស​យើង​ទាំងពីរ ក៏យើងត្រូវនាំគ្នា​គិតគូរពិចារណាដែរ ពីព្រោះ​ប្រទេស​គេ​ក៏ដោយ ព័ត៌មានណា​ដែល​នាំ​ឲ្យ​ខាត​ប្រយោជន៍​ប្រទេស​គេ គឺ​គេមិនធ្វើទេ។ ដូច្នេះ យើងត្រូវមើលថា បើ​សិន​ជាព័ត៌មាន​ណា​ដែលនាំ​ឲ្យ​ខាត​ប្រយោជន៍ស្រុកខ្មែរ តើ​យើង​ផ្សាយ​ធ្វើអី? នេះ​មិនមែនមានន័យថា បិទបាំងអំពើ​អាក្រក់​អ្វីទេ ប៉ុន្តែ យើង​ត្រូវ​ថ្លឹងថ្លែង​ផល​ប្រយោជន៍របស់​ប្រទេស​យើង​ទាំងអស់គ្នា។ ដូច្នេះ ទីមួយយើង​ត្រូវ​គិត​ផល​ប្រយោជន៍​យើង​ផ្ទាល់ និង​ផល​ប្រយោជន៍​ប្រទេស​យើង​ទាំងសងខាង។ 

ខេមបូណូមីស៖ ជាទូទៅ ក្នុងនាមលោកជាសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប តើលោកយល់ឃើញយ៉ាងដូចម្ដេចដែរ ចំពោះវិនិយោគចិន ទេសចរចិន និងពលរដ្ឋចិន នៅកម្ពុជា?

សយ សុភាព ៖ នេះ​គឺជាពេលវេលា​មាសពេជ្រប្រាក់ សម្រាប់កម្ពុជាយើង​ដែលត្រូវការកសាង បន្ទាប់ពីឆ្លងកាត់​សម័យ​សង្គ្រាមត្រជាក់ បញ្ហាផ្ទៃក្នុង​អស់រយៈកាល​ជាយូរកន្លងមក ដោយ​យើង​គ្មាន​ឱកាស​កសាងទំនុកចិត្ត​គ្នារវាង​ខ្មែរ​និង​ខ្មែរ យើង​គ្មាន​ឱកាស​កសាង​ទំនុកចិត្ត​ឲ្យ​បរទេស​គេ​ជឿយើងទេ។ អ៊ីចឹង នេះ​ជាពេលវេលា​ដ៏ល្អ​បំផុត ក្រោយពេលដែលយើងមានសុខដុមរម្យនាផ្នែកនយោបាយ បញ្ចប់សង្គ្រាម លែងរង​ឥទ្ធិពល​របស់​គេ​មក នេះ​ជា​ឱកាស​មាសហើយ​ ដែលយើងត្រូវរួមចំណែកកសាងប្រទេសទាំងអស់គ្នា ហើយការកសាងជាតិ​នេះមិនមែនពឹងផ្អែកតែទៅលើស្ថាប័ន​ជាតិ​ប៉ុណ្ណោះ​នោះទេ វាទាមទារ​ឲ្យ​យើង​ជាប្រជាពលរដ្ឋ​ទាំងអស់ មានស្មារតីរួមគ្នា ប្រឹងអភិវឌ្ឍ ប្រឹងទាក់ទាញ​ឲ្យ​គេមក។ វាជាសំណាងដោយសារ​ភូមិសាស្ត្រ​យើង យើងមានចិន ហើយចិន​ក៏ត្រូវការយើង គឺយើងរត់រកគ្នាទៅវិញទៅមក កើតបាន​ជាសមិទ្ធផលសព្វថ្ងៃ។ នេះ​ជាចំណុច​សំខាន់។

ខេមបូណូមីស ៖ ជាចុងក្រោយ តើអ្វីជាអនុសាសន៍របស់លោកចំពោះអ្នកកាសែតចិន ទេសចរ និងអ្នករកស៊ីចិន នៅកម្ពុជា? 

សយ សុភាព ៖ ទីមួយ សំខាន់បំផុត គឺត្រូវគោរពច្បាប់ខ្មែរ។ ត្រូវស្គាល់ប្រពៃណីខ្មែរ។ ខ្មែរ​ស្គាល់ជនជាតិចិនហើយ ព្រោះមាន​ចិន​ជាច្រើនតំណ​មក​រស់នៅស្រុកខ្មែរ អ៊ីចឹងខ្មែរ​អាច​ស្គាល់​បានខ្លះ។ ក៏ប៉ុន្តែ ចិន​សម័យថ្មី ចិន​សម័យ​អ្នកមាន ចំណុចខ្លះ ចិនអត់ទាន់យល់ពី​វប្បធម៌ខ្មែរទេ។ អ៊ីចឹងទេ ខ្ញុំសំណូមពរ​ឲ្យអ្នកទេសចរ​ចិន ទីភ្នាក់ងារទេសចរណ៍ចិន ឬនៅលើ​យន្តហោះអីហ្នឹង គួរតែផ្សព្វផ្សាយពីវប្បធម៌ខ្មែរ​ឲ្យបានច្រើន។ ឧទាហរណ៍ វប្បធម៌ខ្មែរ​គឺចូលចិត្ត​ស្ងប់ស្ងៀម ទន់ភ្លន់ សុភាពរាបសារ អ៊ីចឹងគេគួរតែផ្សព្វផ្សាយវប្បធម៌​ហ្នឹង​ឲ្យ​បានទូលំទូលាយ តាំងពីនៅលើ​យន្តហោះ ដូចជា ត្រូវមានស្ពតបង្ហាញ​ពីវប្បធម៌របស់ខ្មែរ។ ដូច្នេះ ពេលចិន​មក​ដល់​ស្រុក​ខ្មែរ គេ​នឹង​អាច​សម្របសម្រួលខ្លះ។ ចំណុច​សំខាន់ គឺសូម​ឲ្យ​ភាគី​ខាងចិនហ្នឹង ដឹងកិច្ចការទាំងអស់ហ្នឹង។ ដូច្នេះ ខាងចិន​គួរតែដើរតួនាទី​ឲ្យ​បានច្រើន​ដើម្បី​បំបាត់​ភាព​អវិជ្ជមាន។ បើ​ខាងចិន​ហ្វឹកហ្វឺនពីវប្បធម៌ខ្មែរ​ឲ្យ​បានច្រើនទៅ គឺ​លទ្ធផល​នឹង​បាន​ល្អ​ទាំងអស់គ្នា៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍៖ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា កំពុងដើរឆ្ពោះទៅរកស្ថានភាពប៉ោងកាន់តែខ្លាំង និង​ងាយ​ផ្ទុះបែក

ព័ត៌មាន
ធនាគារពិភពលោក នាពេលថ្មីៗនេះ បានបង្ហាញពីរបាយការណ៍របស់ខ្លួនអំពីសេដ្ឋកិច្ចកម្ពុជា ដោយក្នុងនោះ បានកត់សម្គាល់ឃើញថា វិស័យសំណង់ និងអចលនទ្រ...

ក្រុមហ៊ុន ទ្រី ភាព ស្នើសុំបូមខ្សាច់ទន្លេមេគង្គរាប់សិបគីឡូម៉ែត្រ ពីក្អមសំណ រហូតដល់ក្រចេះ

ព័ត៌មាន
ក្រុមហ៊ុនទ្រីភាព អេនជីនារីង និងខនស្ត្រាក់សិន ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនទ្រី ភាព គ្រុប របស់ឧកញ៉ាទ្រី ភាព បានដាក់ពាក្យស្នើស...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ