លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា តម្លៃទីផ្សារជ្រូករស់នាពេលបច្ចុប្បន្ននេះហាក់មានតម្លៃល្អសមរម្យមកវិញហើយ ដែលប្រជាកសិករអាចទទួលយកបាន ពោលគឺតម្លៃជ្រូករស់អាចលក់បានចន្លោះពីជាង៨ពាន់រៀលទៅជាង៩ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃចំណីសត្វ ក៏មានការធ្លាក់ចុះបន្តិចផងដែរ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះរំពឹងថា តម្លៃជ្រូករស់នៅកម្ពុជា អាចនឹងមានការកើនឡើងបន្ថែមទៀតនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅឆ្នាំនេះ ដោយសារតម្រូវការជ្រូករស់ក្នុងអំឡុងពេលនោះមានការកើនឡើង។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ អះអាងថា ការផ្គត់ផ្គង់ជ្រូករស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណៃណីចិន នាពេលខាងមុខនេះនឹងមិនមានការខ្វះខាតនោះទេ។
បើតាមការបញ្ជាក់របស់ប្រធានសមាគមចិញ្ចឹមសត្វរូបនេះ ស្ថានភាពរបស់អ្នកចិញ្ចឹមសត្វនៅកម្ពុជា នាពេលបច្ចុប្បន្ននេះមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ហើយប្រជាកសិករក៏មិនមានការបង្កើនការចិញ្ចឹមរបស់ខ្លួនឡើងវិញនោះដែរ ដោយសារកសិករមួយចំនួននៅតែមិនទាន់មានទំនុកចិត្តលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា នៅឡើយ។
គួរជម្រាបថា តម្លៃជ្រូករស់នៅកម្ពុជា បានចាប់ផ្តើមរើបឡើងវិញបន្តិចម្តងៗ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួនចាប់តាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មក៕