របាយការណ៍ស្រាវជ្រាវថ្មីចុងក្រោយមួយរបស់ស្ថាប័នស្រាវជ្រាវសកល HSBC បានឲ្យដឹងថា អតិផរណានៅក្នុងប្រទេសវៀតណាម នឹងមានប្រមាណ ៣,៣% ក្រោមគោលដៅ៤% ដែលបានកំណត់ដោយធនាគាររដ្ឋវៀតណាម។
ពាណិជ្ជកម្មវៀតណាម នឹងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខានៅឆ្នាំ២០២០កន្លងទៅ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម ជាដើម។ កិច្ចព្រមព្រៀងទាំងនេះ នឹងផ្ដល់នូវការកាត់បន្ថយពន្ធនាំចូលកាន់តែទាប និងជួយឲ្យវៀតណាមអាចចូលទៅក្នុងទីផ្សារធំៗកាន់តែច្រើនឡើង។
ការវិនិយោគផ្ទាល់ពីក្រៅប្រទេសរបស់វៀតណាម ក៏បន្ដហូរចូល ដោយសារតែវិនិយោគិន ចាត់ទុកវៀតណាម គឺជាប្រទេសមានភាពទាក់ទាញសម្រាប់ការវិនិយោគ។ នៅក្នុងត្រីមាសទី ៤ នៅឆ្នាំ២០២០ ឧស្សាហកម្មផលិតរបស់វៀតណាម បានត្រឡប់មកមករកកម្រិតនៅមុនពេលមានការរាតត្បាតនៃមេរោគកើតឡើង ដោយមានកំណើនដល់ ៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលទំហំផលិតផលក្នុងស្រុកសរុប បានកើនឡើងខ្ពស់ជាងការរំពឹងទុកដល់ ៤,៥% នៅត្រីមាសទី៤ នៅឆ្នាំ២០២០។ ក្នុងត្រីមាសទី៤ ដដែឡនេះ ការនាំចេញរបស់វៀតណាម ក៏មានការកើនឡើង ៦,៥% ផងដែរ។
រីឯការចំណាយរបស់អ្នកប្រើប្រាស់វិញ នៅតែស្ថិតនៅក្នុងភាពវិជ្ជមាននៅឆ្នាំ២០២០ ដោយមានកំណើន ០,៦% ខណៈដែលប្រទេសភាគច្រើនមានការធ្លាក់ចុះ។
នៅឆ្នាំ២០២០ GDP របស់វៀតណាមបានកើនជាង ២,៩% ហើយនៅឆ្នាំ២០២១ រដ្ឋាភិបាលប្រទេសនេះ បានកំណត់គោលដៅកំណើន ៦,៥%៕