សារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃ ដែលបានស្រង់សម្ដីរបស់នាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហ៊ុន Huawei រួមទាំងរាជរដ្ឋាភិបាលថៃ គណៈកម្មាធិការជាតិផ្សព្វផ្សាយនិងទូរគមនាគមន៍ សាកលវិទ្យាល័យ និងបណ្ដាញផ្សព្វផ្សាយនានា កំពុងតែបន្ដពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាប្រព័ន្ធ អេកូ 5G ក្នុងប្រទេសថៃ។
ដោយមានការយល់ព្រមពីសំណាក់រដ្ឋាភិបាលថៃ ក្រុមហ៊ុន Huawei បានធ្វើការតេស្ដសាកល្បង បណ្ដាញ 5G របស់ខ្លួន ដែលវាជាលើកទីមួយនៅក្នុងការសាកល្បងនៅក្នុងតំបន់ កាលពីដើមឆ្នាំនេះ នៅក្នុងស្រុក ស្រី រាចា ក្នុងខេត្តឈុនបូរី។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានគូសបញ្ជាក់ថា ក្រុមហ៊ុនកំពុងបង្ហាញពីសក្ដានុពលនៃប្រព័ន្ធ 5G នៅក្នុងប្រទេសថៃ ហើយក្រុមហ៊ុនរង់ចាំស្ដាប់ពីការផ្ដល់យោបល់សម្រេចពីភាគហ៊ុនិកសំខាន់ៗ ថាតើអាចយកប្រទេសថៃ ធ្វើជា ទីផ្សារសំខាន់ សម្រាប់បណ្ដាញប្រព័ន្ធ អេកូ 5G ដើម្បីប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែរឬយ៉ាងណា។
នាយកគ្រប់គ្រង់ជាន់ខ្ពស់ក្រុមហ៊ុន Huawei ដដែលនេះ បានគូសបញ្ជាក់ទៀតថា ប្រទេសថៃ នឹងក្លាយជាទីផ្សារដ៏សំខាន់បំផុត របស់ក្រុមហ៊ុន ពិសេស គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះហើយ ទើបក្រុមហ៊ុនបានសម្រេចបង្កើតស្នាក់ការតំបន់នៅក្នុងប្រទេសថៃ។ លោកបន្តថា ក្រុមហ៊ុន Huawei ចង់ធ្វើនូវរឿងជាច្រើនទៀត និងប្រសើរជាងនេះ នៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ដែរថា ក្នុងដំណើរទស្សនៈកិច្ចនៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Huawei នៅប្រទេសចិននាពេលថ្មីៗនេះ លោក សំឃីត ជូទូ ស្រ៊ីពីតាក់ ឧបនាយករដ្ឋមន្ត្រី ថៃ បានលើកឡើងថា រដ្ឋាភិបាលថៃ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ 5G ហើយប្រទេសថៃ សង្ឃឹមថា នឹងទទួលបានការប្រើប្រាស់បណ្ដាញ 5G នេះ មុនគេបង្អស់នៅក្នុងចំណោមប្រទេសអាស៊ាន នៅឆ្នាំក្រោយនេះ៕