ក្រុមហ៊ុន Huawei ធ្លាប់ជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូននាំមុខគេមួយនៅលើពិភពលោក ប៉ុន្ដែ តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុននេះ បានបាត់បង់សិទ្ធិក្នុងការទទួលបានបច្ចេកវិទ្យាសំខាន់ៗរបស់អាមរិក និងដៃគូផលិតបន្ទះឈីបសាកលលោក ពោលគឺ នៅពេលដែលទីក្រុងវ៉ាស៊ិនតោន បានរឹតបន្ដឹងការគ្រប់គ្រងការនាំចេញផលិតកម្មកាន់តែខ្លាំងទៅឲ្យក្រុមហ៊ុនចិនមួយនេះ។ តាំងពីពេលនោះមក ក្រុមហ៊ុន Huawei បានពឹងផ្អែកលើតែលើផលិតផលបន្ទះឈីបដែលមានក្នុងស្ដុក និងមានគុណភាពមានកម្រិតតែប៉ុណ្ណោះ ដើម្បីអាចបន្ដដង្ហើមផលិតកម្មរបស់ខ្លួនបាន។
ដើម្បីបង្កើនល្បឿនផលិតកម្មបន្ទះឈីបរបស់ខ្លួននេះ ក្រុមហ៊ុន Huawei នឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុករបស់ចិន ដែលជាក្រុមហ៊ុនបានជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិកដូចគ្នាដែរ។ តាមផែនការ ក្រុមហ៊ុនទាំងនេះ នឹងមានការរចនាឡើងវិញ នូវសមត្ថភាពបន្ទះឈីបសំខាន់ៗមួយចំនួន ដែលអាចផលិតបានជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចាស់ៗ ឬមិនសូវមានប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនខ្លាំងពេក ដែលបច្ចេកវិទ្យាទាំងនេះ កំពុងមានច្រើនប្រើប្រាស់ក្នុងផលិតកម្មនៅក្នុងប្រទេសចិន។
ប្រភពព័ត៌មានពីរ៉យទ័របានគូសបញ្ជាក់ថា ជាជាងសាងសង់រោងចក្រផលិតបន្ទះឈីបពីជំហានដំបូងដោយខ្លួនឯងផ្ទាល់ ក្រុមហ៊ុន Huawei នឹងបញ្ជូនបុគ្គលិករបស់ពួកគេ ដើម្បីទៅជួយលើការរៀបចំផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម និងប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកមួយចំនួន ដែលជាដៃគូសហការរបស់ខ្លួន ជាមួយនឹងការគាំទ្រយ៉ាងរឹងមាំពីរដ្ឋាភិបាលចិន។ គោលបំណង នៃការជំរុញការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Huawei នេះ គឺដើម្បីកសាងខ្សែចង្វាក់ផលិតកម្មបន្ទះឈីប ដោយមិនមានការជ្រែតជ្រែកពីសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា អាមេរិកថ្មីៗនេះ បានផ្ដល់អាជ្ញាបណ្ណនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន សម្រាប់តែផលិតផលបន្ទះឈីប ដែលមិនសូវមានសមត្ថភាពខ្ពស់តែប៉ុណ្ណោះ ហើយក្រុមហ៊ុន Huawei បានទទួលស្គាល់ដែរថា ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មពីអាមេរិកនេះ ក្រុមហ៊ុនចិននឹងត្រូវមានការអត់ធ្មត់ច្រើនទៀត ដើម្បីកែកុនរាល់ចំណុចខ្សោយរបស់ខ្លួននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបនេះ៕