
លោក James Lu បន្តថា HarmonyOS នឹងផ្តល់អត្ថប្រយោជន៍ថ្មីៗ និងកាន់តែអស្ចារ្យជាង មុនជាច្រើនដល់អ្នកប្រើប្រាស់ អ្នកផ្គត់ផ្គង់ឧបករណ៍ផ្សេងៗ និង Developers។ HarmonyOS នឹងចាប់ផ្តើមមូលដ្ឋាននៅទីផ្សារប្រទេសចិន ដោយសារតែប្រទេសចិនជាប្រទេសដែលមាន app ecosystem ខ្លាំង និងមានអ្នកប្រើប្រាស់ច្រើន។ បន្ទាប់មក Huawei នឹងពង្រីកទៅក្នុង ecosystem ទូទាំងពិភពលោកតែម្ដង។
ក្រុមហ៊ុន Huawei ក៏ចង់ឲ្យ អ្នកអភិវឌ្ឍន៍កម្មវិធី ឬហៅរថា Developers ទាំងអស់នៅជុំវិញពិភពលោកសហការជាមួយគ្នា ដើម្បីបង្កើតប្រព័ន្ធ Ecosystem ថ្មីកាន់តែប្រសើរ។
ជុំវិញទៅនឹងសំណួររបស់សារព័ត៌មានអន្តរជាតិ ដែលបានចោទសួរថា តើក្រុមហ៊ុន Huawei ពិតជាអាចរស់បានដោយគ្មានប្រព័ន្ធ Android? លោក Lu ប្រធានផ្នែក AI Product ក្រុមហ៊ុន Huawei ប្រចាំនៅទីស្នាក់ការកណ្តាលបានឆ្លើយតបយ៉ាងខ្លីថា «អ្វីៗក្រុមហ៊ុនយើងបានរៀបចំទុកជាមុនយូរឆ្នាំរួចទៅហើយ បើទោះបីជាគ្មានប្រព័ន្ធ Android ក៏យើង អាចដំណើរការបានដែរ»។

លោក លូ បានបញ្ជាក់ថា ការអភិវឌ្ឍបង្កើតប្រព័ន្ធ Harmony OS នេះឡើងក៏មិនមែនមានន័យថា ជាការការពារ ឬបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន និង អាមេរិកនោះដែររ។ សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានប្រកាសសម្រេចផ្តល់អាជ្ញាបណ្ណបណ្តោះអាសន្នដល់ ក្រុមហ៊ុន Huawei ដែលមានសុពលភាព ៩០ថ្ងៃ និងបន្តអនុញ្ញាតឲ្យ Huawei ទិញផលិតផលអាមេរិក រហូតដល់ខែ វិច្ឆិកា ខាងមុខ។ ប៉ុន្ដែ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានចាត់ទុកថា វាជាការរើសអើង និងជំរុញពីក្រោយដោយ បញ្ហានយោបាយប៉ុណ្ណោះ។

គួររម្លឹកបន្តិចថា ក្រោយកិច្ចពិភាក្សាគ្នាជាច្រើនលើក ជាច្រើនសារ រវាងថ្នាក់ដឹកនាំកំពូលនៃ ប្រទេសចិន និងអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់បានបង្ហើបថា លោក ត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកផ្លូវឲ្យ ក្រុមហ៊ុនអាមេរិក លក់ផលិតផលឲ្យ ក្រុមហ៊ុន Huawei វិញ បើសិនជា មិនមានបញ្ហាណាមួយ ទាក់ទងនឹងសន្តិសុខជាតិ កើតឡើងនោះទេ៕