ដូចការគ្រោងទុកប្រទេសជាង៦០ បានចុះហត្ថលេខាលើសន្ធិសញ្ញាប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតលើកដំបូងរបស់អង្គការសហប្រជាជាតិ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ហើយវានឹងចូលជាធរមានភ្លាមៗតែម្ដងក្រោយពីការចុះហត្ថលេខានេះហើយ។ ក្របខណ្ឌច្បាប់សកលថ្មីនេះ មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឌីជីថល ចាប់ពីរូបភាពអាសអាភាសរបស់កុមាររហូតដល់ការឆបោកតាមអ៊ីនធឺណិតឆ្លងដែន និងការលាងលុយកខ្វក់ផងដែរ។
ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅពិធីចុះហត្ថលេខានេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ លោកបានបន្ថែមថា ជារៀងរាល់ថ្ងៃ ការឆបោកតាមអ៊ីនធឺណិតដ៏ស្មុគស្មាញបានបំផ្លាញគ្រួសារ លួចយកជនអន្តោប្រវេសន៍ និងបង្ហូរប្រាក់រាប់ពាន់លានដុល្លារចេញពីសេដ្ឋកិច្ចរបស់ពិភពលោក ដូច្នេះហើយពិភពលោកត្រូវការការឆ្លើយតបជាសកលដ៏រឹងមាំ និងភ្ជាប់ទំនាក់ទំនងគ្នា។
សន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ ត្រូវបានស្នើឡើងជាលើកដំបូងដោយអ្នកការទូតរុស្ស៊ី ក្នុងឆ្នាំ២០១៧ ហើយត្រូវបានអនុម័តដោយការឯកភាពគ្នាកាលពីឆ្នាំមុន បន្ទាប់ពីការចរចាយ៉ាងយូរ។
ក្រុមអ្នករិះគន់បាននិយាយថា ការប្រើប្រាស់ពាក្យដ៏ទូលំទូលាយនៅក្នុងសន្ធិសញ្ញានេះអាចនាំឱ្យមានការរំលោភអំណាច និងអាចឱ្យមានការគាបសង្កត់ឆ្លងដែនលើក្រុមអ្នករិះគន់រដ្ឋាភិបាល។ លោកស្រី សាបាណាស រ៉ាស៊ីដ ឌីយ៉ា (Sabhanaz Rashid Diya) ស្ថាបនិកនៃក្រុមអ្នកវិភាគនៅវិទ្យាស្ថាន Tech Global Institute បាននិយាយថា មានការព្រួយបារម្ភជាច្រើនអំពីសន្ធិសញ្ញានេះថា តើវានឹងធ្វើឱ្យក្រុមហ៊ុននានាបញ្ចប់ការចែករំលែកទិន្នន័យក្នុងកម្រិតណា។
សូមរំលឹកថា រដ្ឋាភិបាលវៀតណាម បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសចំនួន៦០ បានចុះឈ្មោះសម្រាប់ការចុះហត្ថលេខាផ្លូវការលើសន្ធិសញ្ញានេះ ប៉ុន្តែមិនបានបញ្ជាក់ថា តើមានប្រទេសណាខ្លះបានចូលរួមនោះទេ៕
ដោយ៖ សុខ មង្គល