សសរស្ដម្ភចំនួន៦របស់វៀតណាម

សសរស្ដម្ភចំនួន៦របស់វៀតណាមដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ មានអ្វីខ្លះ?


រដ្ឋាភិបាលវៀតណាម នឹងផ្ដោតទៅលើសសរស្ដម្ភចំនួន៦ ដើម្បីស្ដារសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩ ដោយក្នុងនោះក៏រួមមានការបន្ធូរបន្ថយការលំបាកដល់ក្រុមហ៊ុនបរទេសកំពុងរកស៊ីនៅវៀតណាមដែលកំពុងជួបប្រទះផងដែរ។
អ្នកជំនាញ៖ បើសិនជាមេរោគកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅវៀតណាម នោះសេដ្ឋកិច្ចវៀតណាម អាចនឹងធ្លាក់ចុះមកវិញ (រូបភាព៖ ft.com)

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជី​ញ បាន​ប្រកាស​ថា ផែនការមេ​នៅ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​វៀតណាម រួម​មាន ការ​គ្រប់គ្រង​ឲ្យ​បាន​នូវ​ស្ថានភាព​កូ​វី​ដ​១៩, ធានា​សន្ដិសុខ​សង្គម​, បង្កើត​ការងារ​, ជួយ​ស្ដារ​អាជីវកម្ម​ឡើង​វិញ​, អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, កាត់​បន្ថយ​នីតិវិធី​រដ្ឋបាល និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជាដើម​។ ក្នុង​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​លើក​ឡើង​ពី​សសរស្ដម្ភ​ធំ​ៗ​ចំនួន ៦ ដែល​រដ្ឋាភិបាល​នឹង​ត្រូវ​ផ្ដោត​ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការមេ និង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​។ តើ​សសរស្ដម្ភ​ទាំង ៦​នោះ​មាន​អ្វីខ្លះ?

ថ្លែង​នៅ​ក្នុង​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ក្រប​ខណ្ឌ​ប្រទេស នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​ៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ផា​ម មិ​ញ​ជី​ញ បាន​លើក​ឡើង​ពី​សសរស្ដម្ភ​ចំនួន​៦ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ស្ដារ​សេដ្ឋកិច្ច​របស់​វៀតណាម​ឡើង​វិញ នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​។ ក្នុង​នោះ​រួម​មាន​៖

សសរស្ដម្ភ​ទី​១, វៀតណាម ត្រូវ​តែ​ធ្វើ​ឲ្យ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​វិល​ត្រលប់​មក​ដូច​ដើម​វិញ ដើម្បី​ធានា​នូវ​ចរន្ដ​ការ​ផ្គត់ផ្គង់​ទំនិញ និង​សុវត្ថិភាព ក៏​ដូច​ជា​ការ​ដំណើរការ​យ៉ាង​រលូន​នៃ​ផលិតកម្ម​របស់​សហគ្រាស​នៅ​វៀតណាម ស្រប​ទៅ​តាម​ទិស​ដៅ​ប្រក្រតី​ភាព​ថ្មី​។

សសរស្ដម្ភ​ទី​២, វៀតណាម​នឹង​ជំរុញ​លើកកម្ពស់​វិស័យ​កម្មន្ដសាល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​កើន​ខ្ពស់​ឡើង​វិញ និង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៃ​ជីវភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ​។

សសរស្ដម្ភ​ទី​៣, វៀតណាម ត្រូវការ​ពង្រីក​ការ​វិនិយោគ​កាន់តែ​ធំ​បន្ថែម​ទៀត ពិសេស​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​តំបន់ និង​ពិភពលោក​, ការ​វិនិយោគ​ថាមពលបៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ដែល​បម្រើ​ជា​ក្បាលម៉ាស៊ីន​រុញ​កំណើន​ថ្មី​សម្រាប់​សេដ្ឋកិច្ច​។

សសរស្ដម្ភ​ទី​៤, វៀតណាម​នឹង​បន្ដ​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ថែម​ទៀត ដើម្បី​ដោះស្រាយ​ការ​លំបាក​ដែល​អាជីវកម្ម​កំពុង​ជួប​ប្រទះ រួម​ទាំង​សហគ្រាស​បរទេស​ដែល​កំពុង​រកស៊ី​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ​។

សសរស្ដម្ភ​ទី​៥, វៀតណាម នឹង​បន្ដ​អភិវឌ្ឍ​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័នរដ្ឋ ដើម្បី​ឲ្យ​ត្រូវ​នឹង​ស្ដង់ដារ​ពិភពលោក ហើយ​វា​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​នៅ​ក្នុង​ទសវត្សរ៍​ខាង​មុខ​នេះ​។

សសរស្ដម្ភ​ទី​៦, គឺជា​ចំណុច​សំខាន់​ជាងគេ​បំផុត គឺ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​រដ្ឋាភិបាល​វៀតណាម នឹង​ជំរុញ​ឲ្យ​មានការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឡើង​វិញ និង​ធ្វើ​ឲ្យ​ផលិតភាព​ការងារ​កាន់តែ​ប្រសើរ​ឡើង​។

ក្រៅ​តែ​ពី​ការ​ផ្ដោត​លើ​សសរស្ដម្ភ​ទាំង​៦​នេះ​ហើយ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ផលិតកម្ម​អាច​ត្រលប់​មក​រក​ស្ថានភាព​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម ក៏​ដូច​ជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ដើម្បី​ការ​ការពារ​សុវត្ថិភាព​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO កំពុងកៀរគរទុនបម្រុងជាង ២៣ ពាន់លានដុល្លារ សម្រាប់ទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩

ព័ត៌មាន
អង្គការសុខភាពពិភពលោក និងដៃគូក្រុមជំនួយផ្សេងទៀត បានអំពាវនាវដល់មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង ២០ (G20) ឱ្យផ្តល់មូលនិធិដល់គម្រ…

មន្ត្រីសុខាភិបាលចិនថា ការផ្ទុះឆ្លងរីករាលដាលកូវីដ១៩ជាថ្មីនៅចិន កំពុងឆ្លងលឿនរហ័ស

ព័ត៌មាន
មន្ត្រីសុខាភិមន្ត្រីសុខាភិបាលចិនបានអះអាងថា ការផ្ទុះរាលដាលឆ្លងកូវីដ១៩ជាថ្មីទៀត នៅប្រទេសចិននៅមួយរយៈចុងក្រោយនេះ កំពុងមានសម្ទុះឆ្លងលឿនរហ័ស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ