ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមាណ៧ពាន់នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីសញ្ញាណវិជ្ជមានមួយចំនួនរបស់សេដ្ឋកិច្ចពិភពលោក និងតំបន់ ក្រោយវិបត្តិកូវីដ១៩ គួបផ្សំនឹងបញ្ហាផ្សេងៗ ជាពិសេសភាពធូរស្បើយនៃបញ្ហាអតិផរណា និងការធ្លាក់ចុះនៃតម្លៃប្រេងឥន្ទនៈ។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ ហាក់ធ្លាក់ចុះបន្តិចវិញ បើធៀបនឹងរយៈពេលប៉ុន្មានថ្ងៃមុន ពោលគឺកាលពីមុនតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ មានតម្លៃជាង ៨៥ដុល្លារក្នុង១ធុងបារ៉ែល ខណៈបច្ចុប្បន្ន តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានថយចុះមកនៅត្រឹមជាង ៨២ដុល្លារក្នុង១ធុងបារ៉ែល។
បន្ថែមលើនេះ សម្ដេច ហ៊ុន សែន ក៏បានបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសមួយចំនួនក្នុងតំបន់ក្នុងការរួមចំណែកជួយធ្វើឲ្យប្រសើរឡើងនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។ សម្រាប់សម្តេចតេជោ សេដ្ឋកិច្ចកម្ពុជា មានការតភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចតំបន់ និងពិភពលោក ហើយបច្ចុប្បន្នទាំងសេដ្ឋកិច្ចនៅប្រទេសវៀតណាម និងប្រទេសថៃ បានចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់ ជាពិសេសសេដ្ឋកិច្ចរបស់វៀតណាម តែម្ដង។
ជុំវិញបញ្ហានេះ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជា មានលក្ខណៈល្អប្រសើរ វាក៏ជះផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលណាសេដ្ឋកិច្ចវៀតណាម និងសេដ្ឋកិច្ចថៃ មានភាពរីកចម្រើន និងមានស្ថិរភាព វាក៏ជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាពដូចគ្នាដែរ ក៏ព្រោះតែប្រទេសកម្ពុជា មានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងបណ្ដាប្រទេសទាំងនោះ។ តែយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចរូបនេះសង្កត់ធ្ងន់ថា ការមានទំនាក់ទំនងពាណិជ្ជកម្មល្អ រវាងកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ មិនត្រឹមតែជួយជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់នោះទេ វាក៏ជាកត្តាទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោកឲ្យមកវិនិយោគក្នុងប្រទេសទាំងនោះផងដែរ។
យ៉ាងណាមិញ ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាវាយតម្លៃថា មានលក្ខណៈល្អប្រសើរ ក្រោយសម្ដេចកត់សម្គាល់ឃើញថា កម្រិតអតិផរណាក្នុងកម្រិតទាប គួបផ្សំអត្រាប្ដូរប្រាក់ស្ថិតក្នុងភាពនឹងនអាចគ្រប់គ្រងបាន។ កត្តាទាំងអស់នេះហើយ ដែលបានបញ្ជាក់ឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ និងរឹងមាំ។ ក៏ប៉ុន្តែតាមការវាយតម្លៃចុងក្រោយនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា មានត្រឹម ៥,៦% ប៉ុណ្ណោះ ដោយសារភាពមិនច្បាស់លាស់នៃបញ្ហាសាកល ជាពិសេសវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែននៅតែមិនទាន់អាចរកច្រកចេញ ដែលបានអូសបន្លាយពេលអស់១ឆ្នាំមកហើយ៕