ថ្លែងនៅក្នុងជំនួប ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា បើទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ ក៏ដៅយប៉ុន្ដែ សម្តេច មានមោទនភាពចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក នៅរយៈពេល៨ខែឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្តេច ហ៊ុន សែនបានសង្កត់ធ្ងន់ទៀតថា កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្នុងពេលឆាប់ៗនេះ ខណៈដែលកិច្ចព្រមព្រៀងនេះ បានបិទបញ្ចប់កិច្ចចរចាកាលពីថ្ងៃទី២០ ខែកក្កដា។ តាមរយៈច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នឹងដើរតួជាកត្តាដ៏សំខាន់មួយ ជួយឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍។
បើទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងបង្ករការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និងសេដ្ឋកិច្ចយ៉ាងណាក្ដី ប៉ុន្ដែ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។ ដើម្បី ទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនៅពេលកូវីដ-១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំ កែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត។
សូមបញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍កូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៥ជុំរួចមកហើយ រួមទាំងវិធានការជួយដល់វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ច សំដៅជួយរក្សាលំនឹងផលិតកម្ម និងអាជីវកម្ម ក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕