មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម

វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ ចាត់ទុកមជ្ឈមណ្ឌលឧក្រិដ្ឋកម្មធំៗ៤ នៅអាស៊ាន ជាហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចសម្រាប់តំបន់


របាយការណ៍ស៊ើបអង្កេតថ្មីមួយពីវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលត្រូវបានចេញផ្សាយដោយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) បានចាត់ទុកមជ្ឈមណ្ឌលឧក្រិដ្ឋកម្មធំៗចំនួន៤ នៅអាស៊ីអាគ្នេយ៍ ដែលពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតថា ជាហានិភ័យសន្តិសុខដ៏ធំសម្រាប់តំបន់ និងអន្តរជាតិ។
មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម
ដោយ

មជ្ឈមណ្ឌលទាំង៤នោះ រួមមាន នៅតំបន់ត្រីកោណមាស ព្រំដែនឡាវ-មីយ៉ាន់ម៉ា-ថៃ, តំបន់មៀវ៉ាដឌី ក្នុងប្រទេសមីយ៉ាន់ម៉ា, ក្រុងព្រះសីហនុ និងតំបន់ជុំវិញក្រុងប៉ោយប៉ែត នៅតាមព្រំដែនថៃ-កម្ពុជា។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានចាត់ទុកមជ្ឈមណ្ឌលឧក្រិដ្ឋកម្មធំៗ៤ នៅអាស៊ាន ជាទីប្រជុំជននៃបទល្មើសឆ្លងដែន ដែលរួមបញ្ចូលគ្នានូវសកម្មភាពខុសច្បាប់ជាច្រើនទម្រង់ដូចជាការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការឆបោកឆ្លងដែន និងប្រតិបត្តិការលាងលុយកខ្វក់។ សកម្មភាពទាំងនេះកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខតំបន់អាស៊ីអាគ្នេយ៍ រាប់ចាប់ពីការផ្តល់ហិរញ្ញប្បទានដល់ក្រុមប្រដាប់អាវុធខុសច្បាប់ ការបំផ្លាញប្រព័ន្ធអភិបាលកិច្ច រហូតដល់ការរុញច្រានឱ្យមានភាពតានតឹងរវាងរដ្ឋ និងរដ្ឋ។
របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា ចន្លោះប្រហោងនៃបញ្ហាព្រំដែនដ៏ប្រឈម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ គឺជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យកើតមានមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទាំងនេះ។ ជាពិសេស ភាគច្រើននៃបណ្តាញឧក្រិដ្ឋកម្មបានមកជ្រកកោន ឬស្ថិតនៅកៀកជិតនឹងតំបន់សេដ្ឋកិច្ចពិសេសដូចជា តំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស, តំបន់សេដ្ឋកិច្ចពិសេស Myawaddy និង Shwe Kokko ក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។
ក្រៅពីមជ្ឈមណ្ឌលក្តៅៗទាំង៤ ខាងលើ របាយការណ៍នេះក៏បានដាក់ប្រទេសទីម័រខាងកើត និងតំបន់ព្រំដែនមួយចំនួនទៀត នៃប្រទេសមីយ៉ាន់ម៉ា ទៅក្នុងបញ្ជីតំបន់ប្រឈមហានិភ័យខ្ពស់ សម្រាប់ការឆបោកតាមប្រព័ន្ធឌីជីថល និងការជួញដូរមនុស្សផងដែរ។
ជុំវិញកង្វល់នេះ លោក គ្រីស ហាំហ្វ្រ៊ីយ (Chris Humphrey) នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានព្រមានថា បណ្តាញឧក្រិដ្ឋជនកំពុងបំពាន និងរុញច្រានឱ្យមានពាណិជ្ជកម្មខុសច្បាប់យ៉ាងអនាធិបតេយ្យ។ សកម្មភាពនេះមិនត្រឹមតែបំផ្លាញសន្តិសុខតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយភាពធន់ នៃសេដ្ឋកិច្ចពិភពលោកទៀតផង តាមរយៈការធ្វើឱ្យអភិបាលកិច្ចចុះខ្សោយ និងការរលាយបាត់បង់ភាពជានីតិរដ្ឋ ដែលបង្កជាអស្ថិរភាព និងធ្វើឱ្យអ្នកវិនិយោគអន្តរជាតិបាត់បង់ទំនុកចិត្តក្នុងការដាក់ទុនរយៈពេលវែងនៅអាស៊ីអាគ្នេយ៍។
លោកបានបន្ថែមទៀតថា ពាណិជ្ជកម្មខុសច្បាប់ និងទីផ្សារងងឹត បានបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មើភាពចំពោះអាជីវកម្មស្របច្បាប់ ដោយសារតែទំនិញក្លែងក្លាយ និងទំនិញរត់ពន្ធត្រូវបានគេលក់ក្នុងតម្លៃទាបហួសហេតុ។ បញ្ហានេះកំពុងបំបាក់ភាពស្មោះត្រង់ នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបំផ្លាញទំនុកចិត្តលើវិស័យផលិតកម្ម ការដឹកជញ្ជូន និងបរិយាកាសធុរកិច្ចដែលមានសុវត្ថិភាពទាំងមូល៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អង្គការអុកស្វាមអន្តរជាតិ អំពាវនាវឱ្យធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់អាចវិលត្រឡប់ទៅផ្ទះវិញ

នាយកប្រតិបត្តិអង្គការអុកស្វាមអន្តរជាតិ បានអំពាវនាវយ៉ាងទទូចឱ្យមានសកម្មភាពឆ្លើយតបជាបន្ទាន់ និងប្រកបដោយនិរន្តរភាព ដើម្បីជួយប្រជាពលរដ្ឋខ្មែរភៀស…

ថៃ បដិសេធមិនប្រគល់វត្ថុបុរាណឱ្យខ្មែរ ហើយអះអាងទាំងឥតអៀនខ្មាសថា ប្រាសាទតាក្របី និងប្រាសាទខ្នារជារបស់ខ្លួន

លពីថ្ងៃទី២២ ខែតុលា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញលិខិតផ្លូវការទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ ប្រគល់វត្ថុបុរាណ ដែលយោធាថៃ បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ