លោក អនុទីន បានអះអាងពីសូចនាករសេដ្ឋកិច្ចក្នុងឆមាសទី១ នៃឆ្នាំនេះ រួមមាន កំណើនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៣០% បើធៀបនឹងឆ្នាំមុន កំណើនការនាំចេញលើសពី ២០% ព្រមទាំងការកើនឡើងនៃការងារ ចំណូលពន្ធ និងបរិមាណសាច់ប្រាក់ដែលចរាចរនៅក្នុងសេដ្ឋកិច្ចជាដើម។
លោកបានថ្លែងថា៖ «កំណើន GDP របស់ថៃនៅឆ្នាំនេះ ប្រាកដជាមិនមែនត្រឹម ២,១% នោះទេ»។ លោកបន្ថែមថា លោកបានអញ្ជើញអគ្គលេខាធិការរបស់ NESDC មកពិភាក្សា និងណែនាំឱ្យស្ថាប័ននេះពិនិត្យឡើងវិញនូវការគណនារបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យសេដ្ឋកិច្ចបច្ចុប្បន្ន។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានរាយការណ៍ពីលទ្ធផលបឋមដែលបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយកំពុងធ្វើការបញ្ចប់តួលេខដែលបានកែសម្រួល មុនពេលប្រកាសរួមជាមួយសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោក អនុទីន បានសង្កត់ធ្ងន់ថា ការបង្ហាញតួលេខ GDP ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចពិតប្រាកដ គឺ មានសារៈសំខាន់ក្នុងការទាក់ទាញរលកវិនិយោគថ្មីៗ បង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស និងអាចជួយកាត់បន្ថយថ្លៃដើមហិរញ្ញប្បទានសម្រាប់អាជីវកម្មថៃផងដែរ។