យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Time គិតត្រឹមពាក់កណ្តាលខែសីហា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានលុកលុយភូមិចំនួន៣៨ និងវាយប្រហារជីវភាពកសិកររាប់រយគ្រួសារ ដោយក្នុងនោះស្រុកសាយ៉ាប៊ុរី រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមអង្គការសុខភាពសត្វពិភពលោក ជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាប្រភេទវីរុសកាចសាហាវ និងមានសន្ទុះឆ្លងលឿនបំផុតលើសត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយមានអត្រាស្លាប់សឹងតែ១០០%។ ទោះបីជាវីរុសនេះមិនឆ្លង ឬបង្កគ្រោះថ្នាក់ដល់មនុស្សដោយផ្ទាល់ក៏ដោយ ប៉ុន្តែមនុស្ស គឺជាភ្នាក់ងារចម្លងដ៏គ្រោះថ្នាក់តាមរយៈការប៉ះពាល់សម្លៀកបំពាក់ បរិក្ខារ និងចំណីអាហារ ដែលមានប្រឡាក់ប្រឡូសមេរោគ។ ជុំវិញវិបត្តិនេះ ទីស្តីការគណៈរដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់ ដោយបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យការដឹកជញ្ជូនជ្រូករស់ និងសាច់ជ្រូកឆ្លងកាត់ខេត្ត-ស្រុកនានា ព្រមទាំងហាមឃាត់ដាច់ខាតលើការនាំចូលផលិតផលសាច់ជ្រូកពីបរទេស។
ដោយឡែកនៅប្រទេសវៀតណាម ឯណោះវិញ អាជ្ញាធរខេត្តឡៅសាយ បានចុះអន្តរាគមន៍ជាបន្ទាន់ និងដាក់ចេញវិធានការទប់ស្កាត់ បន្ទាប់ពីរកឃើញជ្រូកចំនួន៧៦ក្បាលបានងាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំ អាជ្ញាធរវៀតណាម ហាមឃាត់ដាច់ខាតមិនឱ្យអ្នកចិញ្ចឹមសត្វលក់ ដឹកជញ្ជូន ឬបរិភោគសាច់ជ្រូកដែលឈឺ និងបានហាមបោះចោលសាកសពជ្រូកផ្តេសផ្តាស។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវតម្រូវឱ្យធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ និងបាចម្សៅកំបោរនៅទូទាំងបរិវេណទ្រុង និងផ្លូវធ្វើដំណើរ ព្រមទាំងកម្រិតការចេញ-ចូលជាដាច់ខាតនៅតំបន់ ដែលកំពុងមានការផ្ទុះជំងឺនេះ៕
អត្ថបទៈ សួន ឡង់ទី