កញ្ចប់ហិរញ្ញប្បទាននេះរួមមានឥណទានសម្បទានចំនួន៥៧លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន១៥លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសដែលត្រូវការជំនួយបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ហិរញ្ញប្បទានរបស់ ADB ត្រូវបានបំពេញបន្ថែម ដោយសហហិរញ្ញប្បទានចំនួន២៣លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ហិរញ្ញប្បទានឥតសំណងចំនួន១០លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង ហិរញ្ញប្បទានឥតសំណងចំនួន៣លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយភាពរុងរឿង និងភាពធន់ ផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB និងវិភាគទានចំនួន៤,៣លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។»
គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រាតចូលទីផ្សារ និងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ ដែលមានប្រជាពលរដ្ឋប្រមាណ៥៩% នៃពលរដ្ឋសរុបរស់នៅ។ ស្ត្រី ដែលតំណាងឱ្យប្រមាណ៥១% នៃកម្លាំងពលកម្មកសិកម្មរបស់កម្ពុជា នៅតែស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះជាងគេ ដោយសារពួកគាត់មានលទ្ធភាពតិចតួចក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ការគាំទ្រ និងហិរញ្ញប្បទាន។
គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម ក្នុងឃុំចំនួន១៨៦ ក្នុងខេត្តចំនួន៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ។ គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន៧.០០០ហិកតា បន្ថែមទៀត និងស្តារឡើងវិញនូវផ្លូវប្រវែង១៩០គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករទៅនឹងទីផ្សារ ការងារ និងឱកាស ជាពិសេសសម្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានសេវាគាំទ្រពេញលេញ។